2023-11-04 02:11
336

(ឧត្តរមានជ័យ)៖ រដ្ឋបាលស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានចាប់ផ្តើមរៀបចំពិធីប្រណាំងទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ដើម្បីបង្កការសប្បាយរីករាយជូនប្រជាពលរដ្ឋ។

យោងលិខិតជូនដំណឹងរបស់រដ្ឋបាលស្រុកត្រពាំងប្រាសាទ មានខ្លឹមសារថា៖ «ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យ អ៊ុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ រដ្ឋបាលស្រុក បានរៀបចំពិធីប្រណាំងទូក «ង» ប្រពៃណី ស្ថិតនៅស្រះបូរាណ ខាងកើតប្រាសាទ ទល់មុខសួនច្បារ ចាប់ពីថ្ងៃទី៤-៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងនោះមានកីឡាទូក ង នៅក្នុងស្រុក នៅតាមឃុំទាំង៦ និងតាមបណ្តាលអង្គភាព ស្ថាប័នផ្សេងៗទៀតចូលរួម»។

ដោយឡែកនៅព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣នេះដែរ គណៈកម្មាការរៀបចំពិធីប្រណាំងទូកស្រុកត្រពាំងប្រាសាទ ក៏បានរៀបចំពិធីសែនព្រេន ក្រុងពាលី សុំសេចក្តីសុខពីអ្នកតាម្ចាស់ទឹក ម្ចាស់ដី ដល់ក្រុមកីឡាករទូក «ង» ក៏ដូចជាប្រជាពលរដ្ឋដែលបានចូលរួម។

ពិធីនេះស្ថិតក្រោមវត្តមានលោក គង់ កន្នារិទ្ធ អភិបាលរងខេត្តឧត្តរមានជ័យ លោក វណ្ណ កុសល ប្រធានក្រុមប្រឹក្សាស្រុក លោក ហាំង ម៉េង អភិបាលស្រុកត្រពាំងប្រាសាទ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ និងក្រុមការងារជាច្រើនរូបទៀត។

សូមប្រជាពលរដ្ឋ ចូលរួមទស្សនាកំសាន្តពីធីប្រណាំងទូកនៅស្រុកត្រពាំងប្រាសាទ រយៈពេល២ថ្ងៃនេះ ឱ្យបានច្រើនកុះករ៕