2023-11-06 03:11
271

ខេត្តកំពត ៖ ទោះជាសមត្ថកិច្ច ព្យាយាមល្បាត រក្សា សន្តិសុខ សណ្តាប់ធ្នាប់ តាមមូលដ្ឋាន អនុវត្តតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ក៏ដោយ ក៏ជនល្មើស ឆ្លៀតធ្វើសកម្មភាព ផ្សេងតាមតំបន់ដាច់ស្រយាល មកលើប្រជាពលរដ្ឋ។ 

ប្រជាពលរដ្ឋបានអោយដឹងថា, មានករណីក្រុមចោរចំនួន២នាក់ប្រដាប់ដោយអាវុធខ្លីមួយដើមបានប្លន់គំរាមបាញ់អ្នកលក់ចាប់ហួយប្រមូលលុយយកអស់ រួមទាំងគ្រឿងអលង្ការប្លាទីនជាង១តម្លឹង ។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤រសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៣  នៅចំណុចផ្ទះលក់ចាប់ហួយមួយកន្លែង នៅជាប់ផ្លូវលេខ៣១ ស្ថិតក្នុងភូមិដើមពោធិ ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។

ប្រជាពលរដ្ឋបានបញ្ជាក់ថា, ស្ត្រីរងគ្រោះឈ្មោះ សៅ សុភ័ក្ត្រ ជាអ្នកលក់ចាប់ហួយ និងប្តីឈ្មោះស សំបូរ ។ គ្រួសារនេះរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ ។
ស្ត្រីជាអ្នកលក់ចាប់ហួយរងគ្រោះបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ ក្រុមចោរមានគ្នាចំនួន២នាក់ ម្នាក់ពាក់ម៉ាស់ ចំណែកម្នាក់ទៀតមិនបានពាក់ម៉ាស់ទេ បានចុះពីលើម៉ូតូហើយដើរសំដៅមករកគាត់ ដោយពួកគេនិយាយថារកទិញស្រាបៀរ។ គ្រាន់តែពួកគេនិយាយមិនទាន់ចប់ពីមាត់ផង ស្រាប់តែចោរម្នាក់បានដកកាំភ្លើងខ្លីពីចង្កេះ ហើយភ្ជង់គាត់មិនឱ្យស្រែក ប្រយយ័ត្នបាញ់សម្លាប់។ ពេលនោះគាត់បានដកទូរស័ព្ទចង់និយាយប្រាប់ប្ដីដែលដឹកអីវ៉ាន់ដាក់អោយម៉ូយដែរ តែក៏ត្រូវក្រុមចោរនោះវាយក្បាលគាត់មួយដៃ បណ្ដាលអោយហូរឈាមតាមច្រមុះ និងយកកាំភ្លើងវាយក្បាលគាត់ បណ្ដាលអោយឈា.មជោកអាវថែមទៀត ។

ជនរងគ្រោះបានបន្តថា ក្រុមចោរបានព្យាយាមដោះយកកងដៃប្លាទីនមួយតម្លឹងមួយជីដែរ តែដោះមិនបាន គាត់ក៏បានប្រាប់ចោរថាយកកន្ត្រៃកាត់កងដៃយកទៅចុះ ព្រោះគាត់ខ្លាចចោរបាញ់។បន្ទាប់ពីកាត់កងដៃបានហើយ ក្រុមចោរក៏បានប្រមូលលុយលក់ដូរអស់ និងបានទាញទ្វារបិទ រួចក្រុមចោរជិះម៉ូតូទៅទិសខាងត្បូងបាត់ ទើបម្ចាស់រត់តាមផ្លូវទ្វារក្រោយស្រែកអោយគេជួយ។ ភ្លាមៗនោះនគរបាលចុះមកដល់កន្លែងកើតហេតុសួរនាំដែរ តែពុំទាន់មានតម្រុយណាមួយពីក្រុមចោរនៅឡើយទេ ។

សូមបញ្ជាក់ថា : ចំពោះករណីដែលមានការរៀបរាប់ដោយជនរងគ្រោះ និងប្រជាពលរដ្ឋ ប៉ុន្តែគេពុំទាន់ទទួលព័ត៌មានច្បាស់ការនៅឡើយទេ ពីសមត្ថកិច្ចមូលដ្ឋានជុំវិញហេតុការណ៍ខាងលើនេះ ។ ប្រសិនបើមានករណីបែបនេះ ប្រជាពលរដ្ឋមានជំនឿថា កម្លាំងនគរបាលខេត្តកំពត មានវិធានការលឿនក្នុងការស៊ើបអង្កេត ស្រាវជ្រាវ ដើម្បីស្វែងរកមុខសញ្ញាជនល្មើស ។ ពីព្រោះថាលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការ នគរបាលខេត្តកំពត តែងតាមដានជាប្រចាំ ចំពោះបទល្មើសដែលកើតមានតាមបណ្ដាមូលដ្ឋាន ជំរុញឲ្យសមត្ថកិច្ចក្រោមឱវាទ យកចិត្តទុកដាក់តាមប្រមាញ់ ក្រុមជនល្មើស ទទួលលទ្ធផលវិជ្ជមានច្រើន និងមានការគាំទ្រពីប្រជាពលរដ្ឋផងដែរ ៕