2023-11-07 08:11
388

បន្ទាយមានជ័យ៖ ហាងការ៉ាអូខេ យីហោ «SKY KTV» ស្ថិតក្នុងក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងសមត្ថកិច្ចឆ្មក់ចូលបង្ក្រាបដោយឃាត់ខ្លួនមនុស្សប្រុស-ស្រី ចំនួន ១០៣នាក់ ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ដើម្បីធ្វើការសាកសួរ និងសម្រេចបិទអាជីវកម្មជាបណ្តោះអាសន្ន។ 

តាមប្រភព័ត៌មាន បានឲ្យដឹងនៅល្ងាចថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា ទីតាំងហាងការ៉ាអូខេ «SKY KTV» ស្ថិតនៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានសមត្ថកិច្ចជំនាញចុះបង្ក្រាប ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ២៣និង៥០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ក្រោមការសម្របសម្រួលនីតិវិធីពី លោក លឹម ប៊ុនសុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ។ 

តាមប្រភពបានឲ្យដឹងទៀតថា កម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេ «SKY KTV» ដ៏ល្បីល្បាញសម្បូនារីបម្រើសេវាស្រស់ស្អាត និងក្មេងៗនោះ ក្នុងសង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត សង្ស័យមានការលួចលាក់ផ្តល់ទីតាំងឲ្យមានការជួញដូរ និងប្រើប្រាស់ថ្នាំញៀនដោយខុសច្បាប់។ 

ប្រតិបត្តិការនោះ ជាលទ្ធផលនគរបាលបានឃាត់ខ្លួនជនសង្ស័យប្រុស-ស្រី ចំនួន ១០៧នាក់ ស្រី ៤០នាក់ ក្នុងនោះជនបរទេស ចំនួន ៤២នាក់ ស្រី ០៧នាក់ រួមមាន៖ ឥណ្ឌូនេស៊ី ២១នាក់ ស្រី០១នាក់, វៀតណាម ១៥នាក់ ស្រី ០២នាក់, ចិន ០៣នាក់ ស្រី ០១នាក់, ថៃ ០៣នាក់ ស្រី ០៣នាក់។ ក្រៅពីនោះដកហូតបានម្សៅម៉ត់សថ្លា ០៦កូនថង់, ថ្នាំកញ្ចប់ពណ៌ក្រហម (រូបសេះ) ០១កញ្ចប់, ថ្នាំពណ៌ក្រហម (រូបទំពាំងបាយជូរ) ០១កញ្ចប់, ថ្នាំពណ៌លឿង ១០កញ្ចប់, ថ្នាំពណ៌ទឹកក្រូច ០១កញ្ចប់ និងកញ្ចប់ថ្នាំពណ៌ក្រហមអក្សរ (LV) ០១កញ្ចប់។ 

សមត្ថកិច្ចបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ទីតាំងខារ៉ាអូខេ យីហោ «SKY KTV» ត្រូវបានបិទអាជីវកម្មជាបណ្តោះអាសន្ន។ ចំណែកជនសង្ស័យប្រុស-ស្រីទាំងនេះ ត្រូវបាននគរបាលឃាត់ខ្លួនសួរនាំ និងធ្វើតេស្តរកសារធាតុញៀន ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕