2023-11-07 10:11
283

ភ្នំពេញ៖ នេះជារូបភាពរបស់បេក្ខជនពិការដែលបានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឬហៅថាបាក់ឌុប ដែលបានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃចាប់ពីថ្ងៃទី០៦-០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ត្រូវបានបង្ហោះចែកចាយ និងបានធ្វើឱ្យមហាជនមានការចាប់អារម្មណ៍យ៉ាងច្រើន។

ជាមួយការបង្ហាញពីរូបភាពនេះ ក្រសួងអប់រំ យុវជន និងកីឡា បានសម្តែងការកោតសរសើរ និងក៏ដូចជាលើកទឹកចិត្តចំពោះបេក្ខជនពិការទាំងអស់ ដែលបានចូលរួមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះផងដែរ។


ក្រសួងអប់រំ យុវជន និងកីឡា បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនអមជាមួយរូបភាពបេក្ខជនពិការទាំងនេះ ថា «ទោះជាកាយសម្បទាមិនគ្រប់គ្រាន់ តែមានបេះដូងពោរពេញដោយឆន្ទៈ និងក្តីសង្ឃឹម»។

យោងតាមរបាយការណ៍របស់ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ មានបេក្ខជនចុះឈ្មោះប្រឡងសរុប ១៣៧ ៤១២នាក់ ស្រី ៧៣ ២៧៨នាក់ មានមណ្ឌលប្រឡង សរុបចំនួន ២២៧មណ្ឌល ត្រូវជា ៥ ៥៤៣បន្ទប់។ 

ចំពោះលទ្ធផលនៃការប្រឡងបាក់ឌុបនេះ ក្រសួងអប់រំ យុវជន និងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្រាប់ខេត្តផ្សេងៗទៀត៕