2023-11-07 11:11
271

ព្រះសីហនុ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា «ថ្នាក់ដឹកនាំរោងចក្រ សហគ្រាស រដ្ឋបាល កម្មករ-កម្មការិនី ទាំងសន្តិសុខ និងគ្រប់ផ្នែកផ្សេងៗទៀតទាំងអស់ បានចូលរួមក្នុងការជំរុញសេដ្ឋកិច្ចរបស់យើងតាមវិស័យររៀងៗខ្លួនតាមរោងចក្រ សហគ្រាសដែលជាកម្លាំងចលករ និងថាមពលដ៏សំខាន់សម្រាប់ឱ្យប្រទេសយើងកាន់តែរីកចំរើនទៅមុខបន្តទៀត»។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងយ៉ាងដូច្នេះ នាឱកាសអញ្ជើញចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខបងប្អូនកម្មករ-កម្មការិនី មកពីរោងចក្រ សហគ្រាស ចំនួន ១៥ មកពីតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ក្រុង-ខេត្តព្រះសីហនុ សរុបប្រមាណ ១៥ ១៩៣នាក់ នៅព្រឹកថ្ងៃអង្គារ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «គ្រប់គ្នាដែលនៅទីនេះ គ្រប់ផ្នែកទាំងអស់ដែលកំពុងបំពេញកិច្ចការងារនៅទីនេះ បានជំរុញពលកម្មដោយសុខដុមរមនា បង្កើតបរិស្ថានការងារទាក់ទាញរបស់ប្រទេសយើង ដើម្បីបានផលប្រយោជន៍ “ឈ្នះ-ឈ្នះ” ទាំងអស់គ្នាបងប្អូនមានការងារធ្វើទទួលបានប្រាក់ចំណូល និងអត្ថប្រយោជន៍ផ្សេងៗ ក្រុមហ៊ុន រោងចក្រ សហគ្រាស បានចំណូល និងផលចំណេញ ការងារផ្សេងៗទៀត សេដ្ឋកិច្ចជាតិយើងបានចំណូលតាមរយៈការនាំទំនិញចេញ ការប្រមូលពន្ធផ្សេងៗហើយយកទៅចំណាយលើកិច្ចការងារសង្គមចែករំលែកដល់ប្រជាពលរដ្ឋ»។

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា «កក្តាហានិភ័យចំពោះសុខភាពរបស់ប្រជាពលរដ្ឋ និងហានិភ័យសេដ្ឋកិច្ចសំខាន់ណាស់ បើយើងមានសមុខភាពល្អ ប៉ុន្តែអត់ជីវភាព អត់ចំណូលក៏លំបាក គឺដាចពោះ អញ្ចឹងកក្តាទាំងពីរនេះសំខាន់ណាស់ទាំងសុខភាព និងសេដ្ឋកិច្ច»៕