2023-11-07 01:11
431

ខេត្តបាត់ដំបង៖    ជារឿងធម្មតាទេជីវិតប្ដីប្រពន្ធប្រៀបបាន អណ្ដាត និងធ្មេញតែមានការប៉ះទង្គិចគ្នា សំខាន់ត្រូវចេះអត់អោនឲ្យគ្នា និងអធ្យាស្រ័យគ្នា ទើបជីវិតគូរមានសុភមង្គល ។   កាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ១៣និង៣០នាទីនៅចំណុចក្រុមទី០៤ ភូមិសំរោងកោង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីអំពើហិង្សាក្នុងគ្រួសារ (បទធ្វើឱ្យខូចខាតដោយចេតនា) មួយកើតឡើងបង្កដោយបុរសជាប្តីឈ្មោះ ពេជ្រ ពន អាយុ២៨ឆ្នាំ មានទីលំនៅភូមិសំរោងកោង ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើសកម្មភាពយកភ្លើងដុតផ្ទះរបស់ខ្លួននិងប្រពន្ធឈ្មោះ រស់ ថាន អាយុ៣៨ឆ្នាំកំពុងរស់នៅចំណុចកើត ហេតុខាងលើ បណ្តាលឱ្យឆេះខូចខាតរនាបផ្ទះអស់។ 

ក្រោយពីកើហេតុសមត្ថកិច្ចទទួលប្តឹងផ្ទាល់មាត់ពីជនរងគ្រោះនិងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោសាត គឹមសាន ស្នងការនៃស្នង ការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកស្រី ឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងផែនការងារប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន និងការងារយេនឌ័រ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុករួមជា មួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរដំបង១ បង្ក្រាបឃាត់ខ្លួនជនសង្ស័យឈ្មោះ  ពេជ្រ ពន (ជាប្តី)នៅវេលាម៉ោង១៥និង ១០ នាទី ថ្ងៃទីដដែល នៅចំណុចកើត ហេតុ។

ចំពោះមូលហេតុដែលនាំទៅដល់ការប្រើហិង្សាបែបនេះគឺដោយសារ បុរសជាប្តីនេះប្រើប្រាស់ថ្នាំញៀន និងតែង តែប្រចណ្ឌ័ប្រពន្ធ។  ករណីនេះនគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូនមកអនុវត្តតាមនីតិវិធីច្បាប់៕