2023-11-07 05:11
424

ភ្នំពេញ៖ អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី នៅល្ងាចថ្ងៃអង្គារ៍ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានធ្វើការអំពាវនាវដល់អំពាវនាវគ្រប់បណ្តាញព័ត៌មានផ្សព្វផ្សាយទាំងអស់ មុននឹងធ្វើការចុះផ្សាយព័ត៌មានពាក់ព័ន្ធនឹងកងរាជអាវុធហត្ថ សូមមេត្តាផ្ទៀងផ្ទាត់ប្រភព ភស្តុតាង សាក្សី ជាពិសេសទំនាក់ទំនងសួរឱ្យបានច្បាស់លាស់ជាមុនសិន។

អ្នកនាំពាក្យកងរាជអាវុធហត្ថរូបនោះ បានលើកឡើងក្នុងសេចក្តីប្រកាសព័ត៌មានថា ដោយបានឃើញ និងកត់សម្គាល់នូវការផ្សព្វផ្សាយតាមរយៈបណ្ដាញព័ត៌ មានសង្គម តាមប្រព័ន្ធអនឡាញមួយចំនួន មានការចុះផ្សាយព័ត៌មានពាក់ព័ន្ធនឹងអង្គភាព ឬយោធិននៃកងរាជអាវុធហត្ថយើងខ្ញុំ ដែលជាព័ត៌មានមិនពិត បំផ្លើស គ្មានមូលដ្ឋានសម្អាងច្បាស់លាស់ គ្មានភស្តុតាង ហើយព័ត៌មានខ្លះទៀត គឺជាព័ត៌មានដែលរៀបចំទុកដើម្បីបង្ខូចកេរ្តិ៍ឈ្មោះ កិត្តិយសរបស់អង្គភាព ឬយោធិននៃកងរាជអាវុធហត្ថ។ 
លោកបន្ថែមទៀតដា ដោយមានការអនុញ្ញាតពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃ សូមគោរពអនុញ្ញាតជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបដូចតទៅ៖ 

១- កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ មានការបង្ហោះផ្សព្វផ្សាយថា “បែកធ្លាយ លោក ឡុង វឿន មេស្នាក់ការសន្តិសុខជើងទឹក B06 កំពុងតែប្រមូលលុយពីបទល្មើសនេសាទរត់ការឡើងមេស្រុក” ករណីនេះ យើងខ្ញុំបានធ្វើការស្រាវជ្រាវរកពុំឃើញការប្រព្រឹត្តកំហុសនោះទេ ហើយលោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ក៏បានធ្វើរបាយការណ៍បញ្ជាក់ថា មិនមានករណីនោះកើតឡើងទេ ក្រោយពីយើងខ្ញុំបានឆ្លើយតប ព័ត៌មាននោះក៏បានលុបចេញពីបណ្តាញព័ត៌មានសង្គមរួចហើយ។ 

២- នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ មានការបង្ហោះផ្សព្វផ្សាយថា “សូមបងប្អូនពុកម៉ែជួយរកយុត្តិធម៌ជូនក្រុមគ្រួសារខ្ញុំបាទផង.....ហេតុអីៈ ឪពុកម្តាយរបស់ខ្ញុំចាប់បានជនសង្ស័យប្រគល់ជូនខាងប៉េអឹមខេត្តស្ទឹងត្រែងហើយ បែរជាអ្នកដែលចាប់ប្រគល់ជូនត្រូវជាប់ពន្ធនាគារទៅវិញ ប្អូនសុំមិនយល់ សូមមេធាវីរបស់សម្ដេចពុកជួយរកយុត្តិធម៌ឱ្យកូនចៅផង” ករនណីនេះ កងរាជអាវុធហត្ថ បានឆ្លើយតបជាសាធារណៈតាមប្រព័ន្ធផ្សព្វផ្សាយនានា ដោយយោងសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងមានលិខិតបញ្ជាក់ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្ទឹងត្រែង អំពីករណីនេះផងដែរ គឺអនុវត្តតាមនីតិវិធី ដោយបានសុំគោលការណ៍ដឹកនាំ សម្របសម្រួលត្រឹមត្រូវតាមច្បាប់។ 

៣- កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៣ មានការផ្សព្វផ្សាយថា “តើ លោកយ៉ាន់ ម៉េង ហាក់ ជានរណា បានជាហ៊ានប្រើអំណាច និងតួនាទីប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋ និងលួចកាត់សោផ្ទះប្រជាពលរដ្ឋដើម្បីយកទ្រព្យសម្បត្តិ ខណៈម្ចាស់ផ្ទះមិននៅ...!”។ តាមសេចក្តីរាយការណ៍ របស់លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ ថា៖ ករណីនេះ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ សាលាដំបូងខេត្តព្រះវិហារ បានធ្វើលិខិតជូនដំណឹងជូនសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អំពីការបើកការស៊ើបអង្កេតលើលោកអនុសេនីយ៍ឯក យ៉ាន់ ម៉េងហាក់ ពីបទអំពើលួច ដោយមានស្ថានទម្ងន់ទោស និងហិង្សាដោយចេតនា។ 

តាមការស្រាវជ្រាវ ស៊ើបអង្កេតបានបញ្ជាក់ថា លោកអនុសេនីយ៍ឯក យ៉ាន់ ម៉េងហាក់ មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់នោះទេ គឺដំណើរហេតុសង្ខេបបញ្ជាក់ថា លោក យ៉ាន់ ម៉េងហាក់ បានប្រទះឃើញលោកស្រី នឿន សុកឃាង និងបក្សពួកចំនួន០៥នាក់ កំពុងធ្វើការរុះរើសម្ភារៈនៅផ្ទះ នឿន វ៉ាន់នី បម្រុងដឹកចេញ ហើយខ្លួនបានឃាត់ និងបានរាយការណ៍ទៅអាជ្ញាធរឃុំ និងនគរបាលប៉ុស្តិ៍។ ករណីនេះ ភាគីរឿងក្តីមិនសុខចិត្ត គឺអាចតវ៉ាតាមផ្លូវច្បាប់នៅតុលាការគ្រប់ជាន់ថ្នាក់។ 

លោកឧត្តមសេនីយ៍ អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមអំពាវនាវគ្រប់បណ្តាញព័ត៌មានផ្សព្វផ្សាយទាំងអស់ មុននឹងធ្វើការចុះផ្សាយព័ត៌មានពាក់ព័ន្ធនឹងកងរាជអាវុធហត្ថ សូមមេត្តាផ្ទៀងផ្ទាត់ប្រភព ភស្តុតាង សាក្សី ជាពិសេសទំនាក់ទំនងសួរឱ្យបានច្បាស់លាស់ជាមុនសិន។ យើងខ្ញុំរកចាំទទួលជានិច្ចនូវការផ្ដល់ព័ត៌មាន ការសុំបកស្រាយ គឺរួមគ្នាកសាងព័ត៌មានពិត រហ័ស ទាន់ហេតុការណ៍ជូនសាធារណជនជាតិ និងអន្តរជាតិ៕