2023-11-07 06:11
392

(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រចឃុំខ្លួនកូនស្រីឈ្មោះ លៀង ហែមវត្តី ដាក់ពន្ធនាគារព្រៃស (ម២) ដើម្បីរង់ចាំំទទួលការជំនុំជម្រះទោសទណ្ឌនៅពេលក្រោយ ដោយសារតែកូនស្រីរូបនេះ បានចាក់សម្លាប់ឪពុកបង្កើតរបស់ខ្លួន និងកាប់ទៅលើម្តាយបណ្តាលឲ្យរងរបួសធ្ងន់។

សូមជំរាបថា កូនស្រីឈ្មោះ លៀង ហែមវត្តី ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌកំបូល ចាប់ និងបញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
ដើមចម នៃរឿងកូនស្រីបង្កើតចាក់សម្លាប់ឪពុកម្តាយខ្លួនឯង បានកើតនៅ (បុរីម៉នដានី) គំរោងទី១០ ដោយសារតែរូបគេចង់ចេញទៅខាងក្រៅផ្ទះ តែឪពុកម្តាយមិនព្រមឲ្យចេញក៏ឈ្លោះប្រកែកគ្នា រហូតឈានដល់ការប្រើប្រាស់ហិង្សាយកកូនកាំបិត ចាក់ទៅលើឪពុកម្តាយ កាលពីវេលាម៉ោង៧យប់ ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងភូមិតាអិន សង្កាត់ស្នោរ ខណ្ឌកំបូល។

ក្រោយកើតហេតុ ឪពុកត្រូវបានដឹកបញ្ជូនទៅកាន់ទៅមន្ទីរពេទ្យភ្លាមៗ តែជាអកុសល្យគាត់បានស្លាប់ រីឯម្តាយរងរបួសធ្ងន់។ ក្រោយកើតហេតុ កូនស្រីដែលជាអ្នកបង្កក៏ត្រូវបានចាប់ខ្លួនបានភ្លាម ខណៈពេលព្យាយាមពួន ក្នុងផ្ទះអ្នកជិតខាង។

បើតាមសេចក្តីរាយការណ៍មួយចំនួនទៀត បានឲ្យដឹងថា កូនស្រីរូបនេះសង្ស័យជាមនុស្សកើតជំងឺសសៃប្រសាទ៕