2023-11-08 10:11
413

ភ្នំពេញ៖ នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃអង្គារ ទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានដឹកនាំកិច្ចប្រជុំដំបូង សម្រាប់ដំណើរការសាងសង់ទីលានទុកដាក់សំរាម សំណល់រឹងកម្រិតតំបន់ ប្រកបដោយអនាម័យ សម្រាប់រាជធានីភ្នំពេញ ដោយមានការចូលរួមពីតំណាងក្រសួង សេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋបាលរាជធានី ខេត្តកណ្តាល ស្រុកអង្គស្នួល ក្រុមហ៊ុន និងអ្នកពាក់ព័ន្ធ។ 

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីតំរង់ទិសកិច្ចការសាងសង់ឱ្យមានភាពរលូន ប្រកបដោយប្រសិទ្ធភាព សាកសិទ្ធភាព និងត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងការរចនាប្លង់ ជាពិសេសជៀងវាងផលប៉ះពាល់នានា។ ទីលានទុកដាក់សំរាម សំណល់ររឹងកម្រិតតំបន់នេះ មានទំហំផ្ទៃដីសរុប ១៤០,០៦ហិចតា ស្ថិតក្នុងឃុំទួលព្រេច ស្រុកអង្គស្នួល ខេត្តកណ្តាល។

គួររម្លឹកឱ្យដឹងថា កន្លងមកលោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ភាពស្អាត និងសុខភាពប្រជាពលរដ្ឋ ជាការងារអាទិភាព ដែលរាជ រដ្ឋាភិបាលកម្ពុជា នៅក្នុងអាណត្តិទី៧ បាននិងកំពុងយកចិត្តទុកដាក់។ ការគ្រប់គ្រងសំណល់ តាមរយៈយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ០១ កញ្ញា ដែលកំពុងទទួលបានការគាំទ្រ និងចូលរួមពីមហាជនទូទាណងប្រទេស និងឈានទៅបញ្ឈប់ការប្រើប្រាស់ប្លាស្ទិក ក្នុងចំណោមយុវជនជំនាន់ក្រោយ គ្មានសំណល់ប្លាស្ទិកសហគមន៍ស្អាត បឹងបួរនឹងស្អាត តំបន់ធនធានធម្មជាតិ មិនមានការបំពុលពីសំណល់។ ទន្ទឹមនឹងនេះ លោករដ្ឋមន្រ្តី ស្នើឱ្យប្រជាពលរដ្ឋទាំងអស់ ចូលរួមរៀបចំទុកដាក់សំណល់ និងញែកឲ្យបានត្រឹមត្រូវ គិតគូរដល់សំរាមដែលអាចកែច្នៃប្រើប្រាស់ឡើងវិញ និងសំរាមដែលចាក់ចោល គួរទុកដាក់នៅទីលានឲ្យបានត្រឹមត្រូវ៕