2023-11-08 12:11
317

ភ្នំពេញ៖ លោក ផុន សារ៉េត ត្រូវបានគេស្គាល់ថា ជាមន្ត្រីរាជការបម្រើការងារក្នុងមន្ទីរព័ត៌មានរាជធានីភ្នំពេញ មានតួនាទីជាអនុប្រធានការិយាល័យទូរទស្សន៍ បានបង្ហោះនូវខ្លឹមសារអត្ថបទព័ត៌មានវ៉ៃប្រហារទៅលើលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នាំឱ្យមានការប៉ះពាល់កិត្តិយល និងសេចក្តីថ្លៃថ្នូរ ក្រោយពីមានការព្រមានប្តឹងពីសំណាក់លោកស្នងការ អង្គភាពសាម៉ីមន្ទីរព័ត៌មានរាជធានីភ្នំពេញ ក៏បានធ្វើការព្រមានចំពោះបុគ្កលនេះផងដែរ។

លោកស្រី ពេជ្រ ស៊ីធឿន ប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញ នៅថ្ងៃទីទី០៨ ខែវិច្ឆិកា បានធ្វើការព្រមានចំពោះលោក ផុន សារ៉េត អនុប្រធានការិយាល័យទូរទស្សន៍ នៃមន្ទីរព័ត៌មានរាជធានីភ្នំពេញ ទៅលើករណីផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេសបុកផ្ទាល់ខ្លួនឈ្មោះ «Phon Sareth» ដែលមានខ្លឹមសារ “ល្បីថា លោកស្នងការនគរបាលខេត្តកំពត ផឹកស្រាស្រវឹងរកបាញ់លោកសង្ឃ នៅវត្តភ្នំរាប តើជារឿងពិតទេ?” ចំពោះការផ្សព្វផ្សាយនេះ គឺជារឿងមិនពិតធ្វើឱ្យប៉ះពាល់ដល់កិត្តិយស លោកស្នងការនគរបាលខេត្តកំពតយ៉ាងខ្លាំង។

ប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញ បានណែនាំដល់លោក ផុន សារ៉េត ថា «ត្រូវគោរពតាមច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ ករណីមិនគោរពតាមការណែនាំរបស់មន្ទីរព័ត៌មានរាជធានីភ្នំពេញ សាមីខ្លួនត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។

ពាន់ព័ន្ធករណីបង្ហោះអត្ថបទព័ត៌មានលើបណ្តាញសង្គមនូវព័ត៌មានមិនពិតខាងលើនេះ បុគ្គលឈ្មោះ ផុន សារ៉េត ភេទប្រុស អាយុ ៤៣ឆ្នាំ ជាមន្ត្រីរាជការ នៃមន្ទីរព័ត៌មានរាជធានីភ្នំពេញ ស្នាក់នៅផ្ទះលេខ ១៣៧ ផ្លូវ៦០៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បានសរសេរលិខិតសុំទោសជាសាធារណៈ ចំពោះលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត «ករណីរំលោភលើវិជ្ជាជីវៈសារព័ត៌មាន កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣»។

លោក ផុន សារ៉េត អនុប្រធានការិយាល័យទូរទស្សន៍ នៃមន្ទីរព័ត៌មានរាជធានីភ្នំពេញ បានសរសេរក្នុងលិខិតថា៖ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខ្ញុំបាទបានបង្ហោះសារតាមបណ្តាញសង្គមគណនីហ្វេសបុកផ្ទាល់ខ្លួនឈ្មោះ Phon Sareth មានខ្លឹមសារ “ល្បីថា លោកស្នងការខេត្តកំពត ផឹកស្រាស្រវឹងរកបាញ់លោកសង្ឃ នៅវត្តភ្នំរាប តើជារឿងពិតទេ?” ចំពោះការចុះផ្សាយរបស់ខ្ញុំ បាទនេះ គឺជារឿងមិនពិតទេ។

បុគ្គលឈ្មោះ ផុន សារ៉េត បានទទួលកំហុសដោយលោកបានបង្ហោះសារមិនពិតនេះ តាមបណ្តាញ សង្គមហ្វេសបុកធ្វើអោយប៉ះពាល់ដល់កិត្តិយសរបស់ ឯកឧត្តមស្នងការ មិនបានប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ ដោយទទួលព័ត៌មានតែមួយជ្រុងហើយធ្វើការផ្សព្វផ្សាយ។

លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិកានេះ បានសរសេរសារយ៉ាងដូច្នេះថា «ពាររំងាប់ដោយការមិនចងពារ ខ្ញុំទទួលនូវការសុំទោសរបស់លោក Phon Sareth ពាក់ពន្ធ័នឹងការផ្សាយព័ត៌មាន ដែលអាចធ្វើអោយមានការយល់ច្រលំពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងបងប្អូនប្រជាពលរដ្ឋ។ វាជារឿងតូច ក៏ប៉ុន្តែសំរាប់រូបខ្ញុំអាចធ្វើអោយប៉ៈពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសខ្ញុំក្នុងនាមជាអ្នកអនុវត្តច្បាប់ និងបំរើប្រជាពលរដ្ឋ»។

សូមជម្រាបថា នៅយប់ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកឧត្តមសេនីយទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានសរសេរបង្ហោះលើបណ្តាញសង្គមផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពតថា «ស្អែកនេះខ្ញុំ នឹងដាក់ពាក្យបណ្តឹងទៅស្ថាប័ន្តតុលាការដោយគ្មានការលើកលែងចំពោះបុគ្គលដែលមានឈ្មោះក្នុង Facebook Phon Sareth ដែលបានសរសេរធ្វើអោយប៉ៈពាល់យ៉ាងធ្ងន់ធ្ងរមកលើកិត្តិយសរបស់ ខ្ញុំក្នុងនាមជាអ្នកអនុវត្តច្បាប់ និងការពារប្រជាពលរដ្ឋ»។ 

ក្រោយការព្រមានធ្ងន់ៗមានវិធានការផ្លូវច្បាប់លើករណីបរិហារកេរ្តិ៍នេះ ស្រាប់តែម្ចាស់គណនីហ្វេសប៊ុក «Phon Sareth» បានសរសេរឆ្លើយតបវិញភ្លាមៗថា «ហ្វេសប៊ុករបស់ខ្លួនត្រូវបានជនអនាមិកហែកយកទៅកាន់កាប់ទើបតែដណ្ដើមយកមកវិញបាន»។ 

ប្រតិកម្មភ្លាមៗរបស់លោកស្នងការនគរបាលខេត្តកំពត ចំពោះគណនីហ្វេសប៊ុកខាងលើ ដោយសរសេរបន្ថែមទៀតថា «លោក Phon Sareth បានបង្ហោះជាងពីរម៉ោងទៅហើយម៉េចក៏មិនដឹងថាគេ Hack Facebook របស់លោក ដល់តែខ្ញុំត្រៀមដាក់ប្តឹងលោកនៅថ្ងៃស្អែកទើបលោកចេញមកសរសេរថាគេ Hack Facebook របស់លោកទៅវិញ! កិត្តិយសរបស់ខ្ញុំមិនមែនសំរាប់លោកយកលេងសើចបែបនេះនោះទេ»។ 

មេប៉ូលិសខេត្តកំពត បានសរារបញ្ជាក់ថា «ប្រសិន Facebook របស់លោក Phon Sareth ត្រូវបានគេ Hack ពិតមែន! ហើយលោកជាមនុស្សប្រកបទៅដោយសុច្ចរិតភាព និងមានទំនួលខុសត្រូវពិតប្រាកដមែន សូមលោកមកជួបខ្ញុំនៅខេត្តកំពត នៅថ្ងៃស្អែក (ទី០៧ វិច្ឆិកា)។ ក៏ប៉ុន្តែខ្ញុំសូមប្រាប់ទៅលោកថា Facebook របស់លោកត្រូវបានគេ Hack តែ tag ទៅមនុស្សសុទ្ធតែជាអ្នកធ្វើការនៅស្ថាប័ន្តព័ត៌មានល្បីៗនៅកម្ពុជា លោកគិតថាខ្ញុំជាក្មេងបៀមដៃមែនទេ»។ម្ចាស់គណនីហ្វេសប៊ុក «Phon Sareth» បានឆ្លើយតបដោយបញ្ជាក់ថា «ហ្វេសប៊ុករបស់ខ្ញុំបាទត្រូវបានគេ Hake យកទៅបង្ហោះក្នុងចេតនាអាក្រក់ហេតុដូចបានបង្ហោះដែលធ្វើអោយប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់ លោកស្នងការខេត្តកំពត ខ្ញុំបាទមិនទទួលខុសត្រូវទេ»។

បច្ចុប្បន្នពាក់ព័ន្ធករណីម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «Phon Sareth» បង្ហោះនូវព័ត៌មានមិនពិតវ៉ៃប្រហារទៅលើលោកស្នងការនគរបាលខេត្តកំពត ត្រូវបានបញ្ចប់ក្រោមយុទ្ធសាស្ត្រ “ឈ្នះ-ឈ្នះ” ចំពោះបុគ្គលដែលអនុវត្តផ្ទុយពីច្បាប់ សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន បានទទួលនូវកំហុសសុំទោសជាសាធារណៈ និងមានការព្រមានស្តីបន្ទោសពីសំណាក់អង្គភាពសាម៉ី ហើយក្នុងនោះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការខេត្តកំពត ក៏ទទួលយកនូវការសុំទោសដើម្បីបញ្ចប់រឿងរ៉ាវខាងលើនេះផងដែរ៕