2023-11-08 03:11
308

ខេត្តកំពង់ចាម ៖ នៅព្រឹក ថ្ងៃពុធ ទី ៨ ខែវិច្ឆិកា  ឆ្នាំ ២០២៣ នេះ  លោក អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា បានចាត់អោយ លោក ទូច ឆៃ នាយកសាខា រួមជាមួយ មន្ត្រី អនុសាខាស្រុក ក្រុមកាកបាទក្រហមកម្ពុជាឃុំ និងអ្នកស្ម័គ្រចិត្តភូមិ បានអញ្ជើញចុះសួរសុខទុក្ខ និង នាំយកអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន  ផ្តល់ជូនពលរដ្ឋ ១គ្រូសារ ឈ្មោះ ស៊ុំ ណែត  អាយុ ៣១ឆ្នាំ មានបន្ទុក ៣ នាក់   ដែលរងគ្រោះដោយអគ្គីភ័យ  មូលហេតុ ឆ្លងចរន្តអគ្គិសនី ធ្វើអោយ ផ្ទះ ១ខ្នងផ្ទាល់ដី ទំហំ ៤ម × ៥ម  ដែលមានជញ្ជាំងស្លឹក  ប្រក់សង្កសី  ត្រូវភ្លើងឆេះស្ទើរទាំងស្រុង កាលពីល្ងាច  ថ្ងៃទី ៧ ខែវិច្ឆិកា  ឆ្នាំ ២០២៣   ។

    លោក ទូច ឆៃ   ក្នុងនាម លោក អ៊ុន ចាន់ដា ប្រធានគណ:កម្មាធិការសាខា បានសម្តែងការសោកស្តាយជាពន់ពេក ជាមួយជនរងគ្រោះ  ចំពោះ ឧបត្តិហេតុដែលកើតឡើងស្មានមិនដល់នេះ នាំអោយខូចខាតទាំងលំនៅដ្ឋាន បាត់បង់ទាំងទ្រព្យសម្បត្តិ លុយកាក់ ក៏ឆេះអស់គ្មានសល់ ។

    លោកនាយកសាខា ក៏បាននាំយកនូវ បណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក ប៉ាន សូរស័ក្តិ ប្រធានកិត្តិយសសាខា និង  លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា  ជា    ពិសេស ពីសំណាក់សម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្ដេច លោកតែងតែយកចិត្តទុកដាក់គិតគូរ អំពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះបំផុត នៅគ្រប់ទីកន្លែង ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ឬ សាសនា អ្វីឡើយ ហើយតែងបានចាត់តំណាង ចុះអន្តរាគមន៍ នាំយកអំណោយមនុស្សធម៌ ជួយសម្រាលទុក្ខលំបាកជនរងគ្រោះ ទាន់ពេលវេលា តាមទិសស្លោក ” ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា “។

     ដោយអាកាសធាតុមានការប្រែប្រួល ក្នុងរដូវប្រាំងខាងមុខនេះ លោក ទូច ឆៃ   បានក្រើនរំលឹក បងប្អូនប្រជាពលរដ្ឋទាំងអស់ អោយប្រុងប្រយ័ត្ន អំពីគ្រោះមហន្តរាយនានា ពិសេស គ្រោះអគ្គីភ័យ ដែលអាចកើតមាន គ្រប់ពេល ប្រសិនបើមានការធ្វេសប្រហែស ។ ហេតុនេះ មុននឹងចេញពីផ្ទះ ត្រូវពន្លត់ភ្លើងចង្ក្រាន ហ្គាស បិទកុងតាក់ជាមុនសិន ពិសេស ការ ត បណ្តាញអគ្គិសនី ត្រូវហៅអ្នកជំនាញ មករៀបចំភ្ជាប់ចរន្តទៅតាមបទដ្ឋាន បច្ចេកទេសអោយបានត្រឹមត្រូវ ។ ជាមួយនោះ ត្រូវយកចិត្តទុកដាក់ ថែទាំសុខភាព អនាម័យស្អាត ៣យ៉ាង និងសុវត្ថិភាពផ្ទាល់ខ្លួន អោយបានជាប្រចាំ ។

      អំណោយមនុស្សធម៌ ដែលបានផ្ដល់ជូន គ្រួសារ ប្អូន ស៊ុំ ណែត នេះ  រួមមាន  ៖   អង្ករ ៥០គក្រ ,ទឹកត្រី ២យួរ ទឹកស៊ីអ៊ីវ ២យួរ ,មី ២កេស ,តង់ធំ២ ,ឃីត ២ ( មុង ភួយ សារុង ក្រម៉ា ) អាវយឺត ១០ ,សម្ភារៈផ្ទះបាយ   និង ថវិកាចំនួន ១,០០០,០០០រៀល ៕