2023-11-08 05:11
314

ភ្នំពេញ៖ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទ «មន្ទីរសម្រាកព្យាបាល វិជ្ជសាស្ត្រសហគមន៏ថែទាំសុខភាព» មួយកន្លែងក្នុងខណ្ឌ ៧មករា ដែលហ៊ានបើកបម្រើសេវាកម្មសុខាភិបាល ដោយគ្មានអនុញ្ញាតត្រឹមត្រូវពីក្រសួងសុខាភិបាល។

យោងតាមលិខិតរបស់ប្រធានមន្ទីរសុខាភិបាលរាជធានី បានសម្រេចបិទ មន្ទីរសម្រាកព្យាបាល ជ្ជេសាស្ត្រសហគមន៍ ថែទាំសុខភាព ដែលមានទីតាំងស្ថិតនៅផ្ទះ លេខ១៣៣ ផ្លូវលេខ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ របស់លោកវេជ្ជបណ្ឌិត ហេង សៀកឡេង ដោយមូលហេតុពុំមានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល។

មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ប្រធានការិយាល័យនិយ័តកម្មសុខាភិបាល និងលោកវេជ្ជបណ្ឌិត ហេង សៀកឡេង មានភារកិច្ច អនុវត្តសេចក្តីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ឱ្យមានប្រសិទ្ធិភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕