2023-11-09 03:11
302

ភ្នំពេញ៖     ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង១២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅត្រង់ចំណុចភ្លើងស្តុបព្រះអង្គអេង តាមបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវលេខ១១៣ ស្ថិតក្នុងសង្កាត់បឹងកេងកងទី២  ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

រថយន្តToyota Vios មួយគ្រឿងពាក់ស្លាកលេខខេមរភូមិន្ទបានបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឱ្យរថយន្តខូចខាតផ្នែកខាងមុខខាងឆ្វេងនិងដាច់កាឡេកង់មុខម្ខាងទៅមុខលែងរួច។

    តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តម៉ាកToyota Vios មួយគ្រឿងពណ៌ត្រេអុី ពាក់ស្លាកលេខខេមរភូមិន្ទ01-2-9804ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្ដាលឱ្យរបាំងថ្មប្រេះបែកតិចតួច ចំណែករថយន្តខូចខាតផ្នែកខាងមុខខាងឆ្វេងយ៉ាងដំណំនិងដាច់កាឡេកង់មុខម្ខាងទៅមុខលែងរួច។

   ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕