2023-11-10 09:11
375

ភ្នំពេញ៖ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចក នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ ខណៈកម្លាំងកំពុងល្បាតក្នុងមូលដ្ឋាន។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌបានឱ្យដឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា៖ ជនសង្ស័យឈ្មោះ កូយ ជីវ័ន ភេទ ប្រុស ជនជាតិខ្មែរ មុខរបរទីលំនៅមិនពិតប្រាកដ (មានសារធាតុញៀន)។

ប្រភពដដែលបន្តថា ករណីឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីលួចម៉ូតូ បានធ្វេីឡេីងកាលពីរសៀលថ្ងៃទី៨ ខែវិច្ឆិកាម្សិលមិញនេះ នៅចំណុចភូមិទី១ សង្កាត់ស្រះចក ខណ្ឌដូនពេញ ខណៈជនសង្ស័យបានធ្វើសកម្មភាពលួចម៉ូតូរបស់ប្រជាពលរដ្ឋបានសម្រេចហើយព្យាយាមជិះរត់គេចខ្លួន ប៉ុន្តែសំណាងអាក្រក់ ក៏ប្រទះជាមួយកម្លាំងសមត្ថកិច្ចកំពុងជិះល្បាតក្នុងមូលដ្ឋាន មានការសង្ស័យក៏ហៅឃាត់ខ្លួនសាកសួរ ទេីបដឹងថាជាចោរលួចម៉ូតូ រួចក៏ឃាត់ខ្លួនយកមកសួរបន្តតែម្តង។ 

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕