2023-11-10 03:11
341

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតប្រចាំនៅកម្ពុជា បានផ្តល់ថវិកា ចំនួន ៣៤៨,៩១៩ដុល្លារ ដល់ស្ថាប័នទទួលជំនួយ ចំនួន៣ ដែលជាជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ «ជំនួយឥតសំណងគូសាណូណិ» សម្រាប់ការសាងសង់អគារសិក្សា នៅសាលាបឋមសិក្សា និងការដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅជនបទកម្ពុជា ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ, ខេត្តកំពង់ធំ និងខេត្តមណ្ឌលគិរី។ 

 ពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងនេះ បានធ្វើឡើងនៅស្ថានទូតជប៉ុន ក្រោមអធិបតីភាព លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងតំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ, ខេត្តកំពង់ធំ និងរដ្ឋាករទឹកមណ្ឌលគិរី។ 

 គម្រោងដែលផ្ដល់ជំនួយដោយ រដ្ឋាភិបាលជប៉ុន នាពេលនេះ ដើម្បីអនុវត្តគម្រោង មានដូចជា៖ 

  ទី១- គម្រោងសាងសង់អគារសិក្សា នៅសាលាបឋមសិក្សាស្រែកិន ក្នុងឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ថវិកាចំនួន ៩២,៤២៥ដុល្លារអាមេរិក សា្ថប័នទទួលជំនួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ។ ក្នុងគម្រោងនេះ អគារសិក្សា ១ខ្នង ៥បន្ទប់បំពាក់ដោយគ្រឿងសង្ហារឹម បង្គន់អនាម័យ ១ខ្នង ០៣បន្ទប់ និងកន្លែងលាងដៃចំនួន១ នឹងត្រូវបានសាងសង់នៅសាលាបឋមសិក្សាស្រែកិន ក្នុងខេត្តកំពង់ស្ពឺ។ 

  ទី២- គម្រោងសាងសង់អគារសិក្សា នៅសាលាបឋមសិក្សាឬស្សី ដូចក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ថវិកាចំនួន ១០០,៣៤៤ដុល្លារអាមេរិក ស្ថាប័នទទួលជំនួយ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ។ ក្នុងគម្រោងនេះ អគារសិក្សា ១ខ្នង ០៦បន្ទប់ បំពាក់ដោយគ្រឿងសង្ហារឹម និងកន្លែងលាងដៃចំនួន១ នឹងត្រូវបានសាងសង់នៅសាលាបឋមសិក្សាឬស្សីដួច ក្នុងខេត្តកំពង់ធំ។ 

  ទី៣- គម្រោងដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ថវិកាចំនួន ១៥៦,១៥០ដុល្លារអាមេរិក សា្ថប័នទទួលជំនួយរដ្ឋាករទឹកមណ្ឌលគិរី។ក្នុងគម្រោងនេះ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនឹងត្រូវបានសាងសង់ ហើយបណ្តាញចែកចាយទឹកស្អាតប្រមាណ ២៦គីឡូម៉ែត្រនឹងត្រូវបានដំឡើងនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី៕