2023-11-10 03:11
306

កំពង់ឆ្នាំង៖     ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានធ្វើការព្រមានដល់អាជ្ញាធរស្រុក និងមន្ត្រីរាជការទាំងអស់ដាក់កុំយកខ្លួនទៅពាក់ព័ន្ធនឹងបញ្ហាដីធ្លីក្នុងតំបន់៣ ហើយបទល្មើសនេសាទ ត្រូវតែបង្ក្រាប និងមានចំណាត់ការតាមផ្លូវច្បាប់ជាធរមាន។

ការព្រមានធ្ងន់ៗរបស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ បានធ្វើឡើងក្នុងកិច្ចប្រជុំមួយ នៅសាលសាលាខេត្តកំពង់ឆ្នាំង នៅថ្ងៃសុក្រ ទី១០ ខែវិច្ឆិកានេះ ដើម្បីឆ្លងផែនការបញ្ជូនទូក (ង) ចំនូន ២៩គ្រឿង និងកម្មករ-កម្មការិនី ចំនួន ១ ៦៨៣នាក់ ចូលរួមក្នុងពិធីបុណ្យអុំទូកក្នុងពេលខាងមុខ ដោយមានការចូលរួមពីអភិបាលក្រុង-ស្រុក និងលោកប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីគ្រប់ផ្នែកនៅក្នុងសាលាខេត្តផងដែរ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានលើកឡើងថា «ក្នុងឆ្នាំ ២០២៣នេះ បទល្មើសឈូសឆាយតំបន់៣ រំលោភយកដីជាកម្មសិទ្ធកើតមាន ០២ករណីធំៗ ដែលមានផ្ទៃដីរហូតជាង ២០០ហិចតា នៅឃុំច្រណូក ស្រុកកំពង់លែង និងមានមន្ត្រីស្រុកកំពង់លែង បានរត់ការដោះស្រាយរឿងនេះជាមួយស្ថាប័នតុលាការផងដែរ»។ 

លោក ងិន ហ៊ុន បានព្រមានថា «បទល្មើសតំបន់៣ ទោះបីជាអ្នកណាក៏ដោយមិនអាចបំពានយកដីតំបន់៣ បានឡើយ ព្រោះដីតំបន់៣ ជាង ៤ម៉ឺនហិចតា នៅក្នុងខេត្តកំពង់ឆ្នាំង ត្រូវបានចុះបញ្ជីជាទ្រព្យរដ្ឋ និងមានប្លង់រឹងរួចហើយ គ្មានមន្ត្រីណា ឬបុគ្គលមានឥទ្ធិពលណាបំពានបានឡើយ»។

ប្រធានមន្ទីរកសិកម្មរូបនេះ បានបញ្ជាក់ថា ដោយឡែកចំពោះបទល្មើសនេសាទវិញកន្លងមកមន្ត្រីជំនាញ និងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកគ្រប់ស្រុកបានសហការចុះបង្ក្រាបជាមួយមន្ត្រីជំនាញជាប្រចាំដោយពិនិត្យឃើញថា «បទល្មើសបានថយចុះច្រើន ប៉ុន្តែក៏នៅតែកើតមានជាបន្តបន្ទាប់តែរូបភាពតូចៗ។ ចំពោះបទល្មើសដាក់សម្រស់វិញក៏លោកមានវិធានការបង្ក្រាបមិនឲ្យកើតមាននៅក្នុងភូមិសាស្ត្រទឹកដីខេត្តកំពង់ឆ្នាំងឡើយ»។  ពាក់ព័ន្ធបទល្មើសរំលោភយកដីក្នុងតំបន់៣ និងបទល្មើសនេសាទនេះ លោក ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា «ខ្ញុំសូមគាំទ្រនូវការលើកឡើងរបស់លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងមេសាទខេត្តកំពង់ឆ្នាំង»។  លោកអភិបាលខេត្តក៏បានជំរុញឲ្យមន្ត្រីជំនាញត្រូវសហការជាមួយស្នងការនគរបាលខេត្ត និងស្ថាប័នតុលាការខេត្តចំណាត់ការជាបន្ទាន់ក្នុងករណីមានបទល្មើសឈូសឆាយ ទន្ទ្រាន យកដីតំបន់៣ និងបទល្មើសនេសាទធំៗដែលមានអ្នកកាងនៅពីក្រោយខ្នង»។

ឯកឧត្តមអភិបាលខេត្តបានបន្តថា «ចំពោះប្រជាពលរដ្ឋដែលមិនទាន់បានកាត់ឆ្វាលដីតំបន់៣ ដែលធ្លាប់អាស្រ័យផលជូនពួកគាត់នៅឃុំផ្លូវទូក និងឃុំសំរោងសែន រដ្ឋបាលខេត្តកំពង់ឆ្នាំង បានធ្វើរបាយការណ៍ដាក់ជូនថ្នាក់ជាតិរួចហើយ និងប្រហែលជាក្នុងអំឡុងខែ១២ ថ្នាក់ជាតិនឹងសម្រេច ហើយណៈកម្មការថ្នាក់ខេត្តនឹងកាត់ជ្វាលដីតំបន់៣ ជូនប្រជាពលរដ្ឋដែលមិនទាន់ទទួលបានការកាត់ជ្វាលដីក្នុងឃុំទាំងពីរខាងលើ។ ដូច្នេះសូមអាជ្ញាធរឃុំស្រុកទប់ស្កាត់ និងមានវិធានការជាបន្ទាន់ ចំពោះជនណាដែលចូលឈូសឆាយ កាប់ទន្ទ្រាន រុករាន និងកាន់កាប់ដីតំបន់៣ដោយខុសច្បាប់»៕