2023-11-10 05:11
323

ខេត្តកំពង់ស្ពឺ៖ មនុស្សពីរនាក់រងរបួសធ្ងន់ខណៈដែលពួកគេជិះម៉ូតូបុកគ្នាពេញទំហឹងនៅតាមបណ្តោយផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រលេខ ១-២ ស្ថិតក្នុងភូមិស្រះកែវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។
 
   មន្ត្រីនគរបាលចរាចរណ៍មូលដ្ឋានបានឱ្យដឹងនៅព្រឹកថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២៣នេះថា  មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូនឹងម៉ូតូបណ្តាលឱ្យអ្នកបើកបរទាំងសងខាងរងរបួសធ្ងន់ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។  មន្ត្រីជំនាញដដែលបានបន្តឱ្យដឹងទៀតថា   អ្នកបើកបរម៉ូតូ ម៉ាកHONDA DREAM សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខភ្នំពេញ1FR-3069 បើកបរដោយឈ្មោះហេង ម៉េងតុង ភេទប្រុស អាយុ៣៦ឆ្នាំ  រស់នៅភូមិអំពិលរូង សង្កាត់ព្រះស្រែ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ  បើកបរពីទិសខាងជើងទៅទិសខាងត្បូងលុះមកដល់ចំណុចដូចខាងលើ បានបុកជាមួយម៉ូតូមួយគ្រឿង ម៉ាកHONDA DREAM សេ១២៥  ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១១ ពាក់ផ្លាកលេខភ្នំពេញ 1BA-3040 បើកបរដោយឈ្មោះ សាត់ ខ្ចារ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិអំពិលរូង ឃុំទំនប់ធំ ស្រុកពញាឮ ខេត្តកណ្ដាល ក្នុងទិដៅបញ្ច្រាសទិសគ្នាពេញទំហឹងបណ្តាលឱ្យរងរបួសធ្ងន់ទាំងសងខាងតែម្តង។ នគរបាលបានឱ្យដឹងទៀតថា  ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៦ល្ងាចថ្ងៃទី៩ខែវិច្ឆិកាឆ្នាំ២០២៣នៅតាមបណ្តោយផ្លូវជាតិលេខ៥១ចន្លោះគីឡូម៉ែត្រលេខ ១-២ ស្ថិតក្នុងភូមិស្រះកែវ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ។

   ក្រោយកើតហេតុជនរងគ្រោះទាំងពីរនាក់ត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកឧដុង្គម៉ែជ័យ។ ចំពោះម៉ូតូទាំងពីរគ្រឿងខាងលើ មន្ត្រីជំនាញបានចុះទៅត្រួតពិនិត្យ និងវាស់វែង យកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលវាលពង់ នៃអធិការដ្ឋាននគរបាលក្រុងឧដុង្គម៉ែជ័យ ដើម្បីចាត់ការតាមនីតិវិធី៕