2023-11-10 05:11
339

ខេត្តកំពង់ស្ពឺ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗខណៈជិះម៉ូតូក្នុងល្បឿនលឿន ទៅបុករថយន្តពីក្រោយពេញទំហឹង។
មន្ត្រីនគរបាលចរាចរណ៍ស្រុកបានឲ្យដឹងនៅព្រឹកថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២៣នេះថា មុនកើតហេតុពលរដ្ឋបានរាយការណ៍មកថាមានម៉ូតូមួយគ្រឿង ម៉ាកហុងដាសេ១២៥ពណ៌ខ្មៅពាក់ស្លាកលេខកំពង់ស្ពឺ1I-6084 បើកបរដោយឈ្មោះ ហេង ធុនរ៉ាក ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិកងមាស ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បើកបរពីទិសខាងកើតទៅទិសខាងលិចលុះមកដល់ចំណុចខាងលើបានបុកពីក្រោយរថយន្តមួយគ្រឿង ម៉ាកហ៉ីយ៉ាន់ដាយ ពណ៌ប្រផេះ ពាក់ស្លាកលេខភ្នំពេញ3G-1104 ដោយរថយន្តនោះខូចហើយអ្នកបើកបរចតនៅលើចិញ្ចើមផ្លូវបណ្តាលឲ្យយុវជនខាងលើស្លាប់ភ្លាមៗនៅនឹងកន្លែងតែម្តង។ មន្ត្រីនគរបាលមូលដ្ឋានបានបន្តឲ្យដឹងទៀតថា ករណីនេះបានកើតឡើងកាលពីយប់ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៩២-៩៣ ត្រង់ចំណុចភូមិចំការចេក ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

ក្រោយកើតហេតុសពជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ 
ចំពោះវត្ថុតាំងសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួចដើម្បីដោះស្រាយនៅពេលក្រោយ៕