2023-11-11 08:11
325

(កំពត)៖   នារសៀលថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះឯកឧត្តម ម៉ៅ ធនិន  អភិបាលខេត្តកំពត និងលោកជំទាវ ហ៊ុន ចាន់ធីម៉ៅធនិន និង ឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្តកំពត និងលោកជំទាវ  បានអញ្ជើញបើកជាផ្លូវការ ការប្រណាំងទូក ង ទូកខ្នាតប្រពៃណីរនៅបណ្តោយធ្នេរព្រែកកំពង់បាយ និងតាំងពិព័រណ៍ បណ្ដែតប្រទីប និងអុចកាំជ្រួច នៅក្រុងកំពតខេត្តកំពត។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានសំណេះសំណាល ជាមួយប្រជាពលរដ្ឋ និងក្រុមកីឡាករទាំងអស់ថាថ្ងៃនេះ ក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ ថ្នាក់ដឹកនាំក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមគាំទ្រ និងចលនាបង្កើតឱ្យមានព្រឹត្តិការណ៍ នៃការប្រណាំងទូក ង ទូកខ្នាតប្រពៃណីរ បណ្ដែតប្រទីប អុចកាំជ្រួច និងការរៀបចំតាំងពិព័រណ៍សមិទ្ធិផលនានា តាមបណ្តាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត និងពិព័រណ៍ភូមិមួយ ផលិតផលមួយ ក្នុងឱកាសនៃពិធីប្រណាំងទូកក្រុងកំពតខេត្តកំពត។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានថ្លែងថា ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែងបំផុត ដោយបានឃើញបងប្អូន ប្រជាពលរដ្ឋ កីឡាករចំណុះទូក ដែលបានមកចូលរួមដោយទឹកមុខសប្បាយរីករាយថ្ងៃដំបូងការប្រណាំងទូក ង ខ្នាតប្រពៃណីនៅខេត្តកំពត។


រដ្ឋបាលខេត្តកំពតបានរៀបចំព្រឹត្តិការណ៍ដ៏សប្បាយរីករាយនេះបាន គឺដោយសារប្រទេសយើងមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងប្រជាពលរដ្ឋមានជីវភាពធូរធារផងដែរ។

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធទាំង ៣ប្រភេទ រួមនឹងមន្ត្រីរាជការទាំងអស់ក្នុងខេត្ត ដែលបានសហការរៀបចំកម្មវិធីប្រណាំងទូក ការតាំងពិព័រណ៍ បណ្ដែតប្រទីប និងអុចកាំជ្រួច ដើម្បីបង្ករលក្ខណ:សប្បាយរីករាយជូនប្រជាពលរដ្ឋខេត្តកំពត និងមកពីបណ្តាខេត្តនានាដែលនៅជិតខាងផងដែរហើយសូមជម្រាបថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិបានមកដើរលេងលម្ហែកម្សាន្តយ៉ាងសប្បាយរីករាយជាមួយនឹងតន្ត្រីកន្ត្រាក់ អារម្មណ៍ផងដែរ។

ដោយឡែកបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ បានដំណើរទៅយ៉ាងល្អប្រសើរក្រោមកិច្ចសហការរវាងកម្លាំងនគរបាល អាវុធហត្ថ កម្លាំងយោធា និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ដើម្បីធ្វើឱ្យប្រជាពលរដ្ឋដើរលេងកម្សាន្តយ៉ាងច្រើនកុះករថ្ងៃដំបូងនៃខេត្តកំពត ប្រកបដោយសុវត្ថិភាពយ៉ាងរីករាយក្នុងពិធីប្រណាំងទូករយៈពេលពីថ្ងៃបាននិងចាប់ផ្តើមនារសៀលថ្ងៃទី១០ ខែវិច្ឆិកាដល់ថ្ងៃទី ១១ខែវិច្ឆិកាឆ្នាំ២០២៣ជាថ្ងៃបញ្ចប់ផងដែរ។

ជាមួយគ្នានេះពាក់ព័ន្ធទៅនឹងសន្តិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយជូនដល់ប្រជាពលរដ្ឋ ដែលមកដើលេងលម្ហែកម្សាន្តក្នុងពិធីប្រណាំងទូកនេះដែរ អភិបាលខេត្តកំពត បានណែនាំដល់កងកម្លាំងទាំង៣ ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ហើយប្រចាំការជាប្រចាំ ដើម្បីធ្វើឱ្យពិធីប្រណាំងទូក នៅខេត្តកំពត មិនមានបាតុភាពអ្វីមួយកើតឡើងនោះឡើយ។(សឹង រ៉ាត់)