2023-11-11 09:11
380

ភ្នំពេញ៖ លោកស្រី វ៉ាន់នីសា ហឺរេន មូញូ(Vanessa Herranz Munoz) ប្រធានសហគ្រាសអេកូឡូស៊ីខ្លាត្រីបានស្នើសុំការគាំទ្រពីក្រសួងបរិស្ថាន ក្រោមកិច្ចសហ ប្រតិបត្តិការបន្ត លើការស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង និងការអភិរក្សខ្លាត្រី នៅតាមតំបន់គោល ដៅដែលរួមមាន ដែនជម្រកសត្វព្រៃពាមក្រសោប តំបន់ជីវចម្រុះកំពង់ស្មាច់ តំបន់បឹងឆ្មារ៉ាមសារ និងតំបន់រ៉ាមសារស្ទឹងត្រែង។ការស្នើកិច្ចសហការបន្តនេះធ្វើឡើងនៅ ទីស្តីការក្រសួងនារសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣។

ជាការឆ្លើយតបលោកបណ្ឌិត អ៊ាង សុផល្លែត បានគូស បញ្ជាក់ថា ក្រសួងនឹងគាំទ្រលើការស្តារ និងពង្រឹងឡើង វិញនូវប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាង និងការអភិរក្សខ្លា ត្រី ។ ពីព្រោះការងារនេះ គឺស្ថិតក្នុងយុទ្ធសាស្រ្តចក្រាដែលក្រសួងបរិស្ថាននឹងដាក់ចេញនៅថ្ងៃទី១៥ វិច្ឆិកា ២០២៣ខាងមុខនេះ បន្ទាប់ពីទទួលបានការអនុញ្ញាតដាក់ឱ្យប្រើប្រាស់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានអនុលោមតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ។ 

ជាមួយគ្នានេះ ដើម្បីភាពស្អាត ភាពបៃតង និងចីរភាពដែលជាមុំសំខាន់នៅក្នុងយុទ្ធសាស្រ្តចក្រា ក្រសួង បរិស្ថានបានដាក់ចេញនូវយុទ្ធនាការបឋមចំនួន២ ក្នុងនោះមានយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក និងយុទ្ធនាការដាំ និងស្តារព្រៃឈើឡើងវិញ។  ថ្វីបើសកម្មភាពដែលក្រសួងបរិស្ថានបានកំពុងអនុវត្ត មានភាពសាមញ្ញ តែទទួលបានការគាំទ្រដោយបេះដូងពីប្រជាពលរដ្ឋកម្ពុជា ជាពិសេសសិស្សានុសិស្សប្រមាណជិត ៣លាននាក់ ។ ការគាំទ្រគឺជាចលករជំរុញឱ្យកម្ពុជាឈានក្លាយទៅជាប្រទេសអាព្យាក្រឹតកាបូន តាមរយៈការចែកជូនកូនឈើជូនប្រជាពលរដ្ឋឱ្យបាន ១លាន ៣០ម៉ឺនដើមក្នុងមួយឆ្នាំ ដើម្បីដាំ និងស្តារព្រៃឈើឡើងវិញ បង្កើនគម្របព្រៃឈើឱ្យបាន ៦០% នៅឆ្នាំ២០៥០ ។ 

សូមរម្លឹកជូនថា CambodianFishingCat Project បានចុះបញ្ជីជាផ្លូវការជា សហគ្រាស អេកូឡូស៊ី ខ្លាត្រី ខូអិលធីឌី (Fishing Cat Ecological Enterprise) មានបេសកកម្ម ការពារ ស្តារ និងស្តារឡើងវិញនូវប្រព័ន្ធអេកូឡូស៊ីដីសើមនៅកម្ពុជា ដើម្បីធានាការអភិរក្សជីវចម្រុះ សុខភាពល្អ ធន់នឹងការប្រែប្រួលអាកាសធាតុ និងការគាំទ្រភាពសុខដុមរមនានៃធម្មជាតិ និងមនុស្ស៕