2023-11-11 09:11
334

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានទទួលជួបជាមួយសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា SSEAYP International Cambodia នៅទីស្តីការក្រសួងសុខាភិបាល។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ ដល់គណៈប្រតិភូសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ដែលបានមកជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ណែនាំតម្រង់ទិស ពីក្រសួងសុខាភិបាល មុននឹងគណៈប្រតិភូសមាគមទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន (SSEAYP) លើកទី៤៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានអបអរសាទរ ដល់យុវជនដែលត្រូវបានជ្រើសរើសចូលរួមកម្មវិធី នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន លើកទី៤៧ "The Ship for Southeast Asian and Japanese Youth Program- SSEAYP” ដែលប្រតិភូយុវជនមកពីបណ្តាប្រទេសផ្សេងៗនឹងរួមគ្នា ក្នុងសកម្មភាពជាច្រើនដូចជា៖ ការពិភាក្សាជាក្រុមលើ ប្រធានបទផ្សេងទាក់ទងនឹង ការបង្ហាញសិល្បៈវប្បធម៌ ការស្នាក់នៅជាមួយឪពុកម្តាយធម៌ ទស្សនកិច្ចសិក្សា និងជាពិសេស គឺចូលជួបសម្តែងការគួរសមជាមួយថ្នាក់ដឹកនាំប្រទេសជប៉ុន និងអាស៊ាន។

ក្នុងឱកាសនោះលោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ប្រតិភូយុវជន ឱ្យខិតខំក្រេបជញ្ជក់នូវបទពិសោធន៍នានាជាពិសេស គឺជំនាញទន់ដូចជា៖ ការបង្កើននូវការយល់ដឹងទៅវិញទៅមកនូវវប្បធម៌ក្នុងតំបន់ ការលើកកម្ពស់ចំណេះដឹង និងបទពិសោធន៍ក្នុងភាពជាអ្នកដឹកនាំ ការធ្វើការងារ និងរស់នៅជាក្រុម ការកសាងនូវបណ្តាញទំនាក់ទំនង និងការជំរុញនូវកិច្ចសហប្រតិបត្តិការអន្តរជាតិ។

លោកសាស្ត្រចារ្យរដ្ឋមន្ត្រីក៏បានជំរុញដល់ប្រតិភូយុវជនកម្ពុជា ចូលរួមផ្សព្វផ្សាយអាទិភាពវិស័យសុខាភិបាល ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល មានដូចជា៖
* បង្កើនសកម្មភាពអប់រំសុខភាព សំដៅលើកកម្ពស់សុខភាពពលរដ្ឋឱ្យកាន់តែប្រសើរឡើង
* ការប្រយុទ្ធនឹងជំងឺឆ្លង
* ការទប់ស្កាត់នឹងការរីករាលដាលនៃជំងឺឆ្លងជាសកលដែលជាបញ្ហាសុខភាពសាធារណៈ
* ការទប់ស្កាត់ជំងឺមិនឆ្លង
* ការទប់ស្កាត់ និង បង្ការជំងឺបណ្ដាលមកពីផលប៉ះពាល់បម្រែបម្រួលអាកាសធាតុ
* ការធ្វើឱ្យប្រសើរឡើងនូវការពិនិត្យ និងព្យាបាលជំងឺ នៅតាមសហគមន៍ ជាពិសេសមណ្ឌលសុខភាព
* លើកកម្ពស់គុណភាពការថែទាំសុខភាពនៅគ្រប់កម្រិត តាមរយៈការអភិវឌ្ឍន៍ធនធានមនុស្ស និងភាពជាអ្នកដឹកនាំនវានុវត្តន៍
* ការធ្វើនិយ័តកម្មលើសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន
* ការអភិវឌ្ឍន៍សុខភាពឌីជីថល (Digital Health)។

ជាងនេះទៅទៀតលោកសាស្ត្រចារ្យរដ្ឋមន្ត្រី បានណែនាំដល់ប្រតិភូនាវាយុវជនទាំងអស់ ត្រូវរៀបចំខ្លួនឱ្យបានសក្ដិសមជាកូនខ្មែរ ព្រោះប្រតិភូនេះហើយជាតំណាងឱ្យប្រជាជនខ្មែរទូទាំងប្រទេស ហើយក៏ត្រូវធ្វើយ៉ាងណា កសាងមិត្តភាពឱ្យបានច្រើនដើម្បីថ្ងៃអនាគតអាចក្លាយទៅជាដៃគូសហប្រតិបត្តិការដ៏ល្អ។

ជាមួយគ្នានោះ លោក ហោ សំណាង ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា បានជម្រាបជូនលោករដ្ឋមន្ត្រីថា «កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ដែលចាប់ផ្តើមឡើងតាំងពីឆ្នាំ១៩៧៤ ទី១-រឹតចំណងមិត្តភាព និងបង្កើនការយោគយល់គ្នារវាងយុវជនអាស៊ាននិងជប៉ុន ទី២-ពង្រីកទស្សនៈនិងចំណេះដឹងអំពីសកលលោក ឲ្យកាន់តែច្បាស់និងស៊ីជម្រៅ; និងទី៣-ពង្រឹងសមត្ថភាពសហប្រតិបត្តិការអន្តរជាតិ ក្នុងគោលដៅបង្កើតអ្នកដឹកនាំវ័យក្មេង ដែលពោរពេញដោយសមត្ថភាព ឆន្ទៈទទួលខុសត្រូវ  និងការប្តេជ្ញាចិត្តខ្ពស់»។

មកទល់ពេលនេះ យុវជនអាស៊ាននិងជប៉ុន ដែលបានចូលរួមកម្មវិធីនេះ មានចំនួនជាង១២,០០០នាក់ ដែលយុវជនកម្ពុជា ដែលចូលរួមកម្មវិធីនេះពេញសិទ្ធិក្នុងឆ្នាំ២០០០ មានចំនួន៦០០នាក់ ដែលបានក្លាយជាសមាជិក នៃសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍ កម្ពុជា។ ភាគច្រើននៃយុវជនដែលបានចូលរួមបាននិងកំពុងក្លាយជាថ្នាក់ដឹកនាំជំនាន់ថ្មី ក្នុងតួនាទីសំខាន់ៗទាំងក្នុងវិស័យរដ្ឋ និងវិស័យឯកជន។      

លោក ហោ សំណាង បន្ដថ្លែងបន្ដថា ក្នុងឆ្នាំ២០២៣នេះ កម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន ផ្តោតលើប្រធានបទស្នូល «កាតព្វកិច្ច និងតួនាទីយុវជន ក្នុងកិច្ចសហប្រតិបត្តិការ នាយុគសម័យនេះ ដើម្បីប្រារព្ធខួបទី៥០នៃមិត្តភាពនិងកិច្ចសហប្រតិបត្តិការអាស៊ាន-ជប៉ុន»។ យុវជននឹងត្រូវចូលរួមកិច្ចពិភាក្សាជាក្រុម និងកម្មវិធីផ្សេងទៀតជាច្រើន ដែលជាឱកាសអភិវឌ្ឍចំណេះដឹងនិងបទពិសោធដ៏ប្រសើរមួយ។

សូមជម្រាបថា ក្នុងឱកាសទទួលជួបជាមួយសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា លោកសាស្ត្រាចារ្យរដ្ឋមន្ដ្រី ក៏បានជូនពរក្រុមនាវាយុវជនទាំងអស់ទទួលបាននូវជោគជ័យ ក្នុងកម្មវិធីនាវាយុវជននាពេលឆាប់ៗខាងមុខនេះ៕