2023-11-11 09:11
343

ភ្នំពេញ ៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីម៉ោង ១០និង៣០នាទីយប់ថ្ងៃទី ១០ ខែវិច្ឆិកាឆ្នាំ២០២៣ ស្ថិតនៅតាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

រថយន្តមួយគ្រឿងបើកបរដោយបុរសជនបរទេសម្នាក់ តាមបណ្ដោយផ្លូវបេតុងយ៉ាងលឿនបានរេចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវមួយដើមពេញទំហឹង បណ្ដាលឲ្យបាក់រាបដល់ដី។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសជនបរទេសម្នាក់ បានបើករថយន្តម៉ាក Rang Rover ពណ៌ប្រផេះមួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2BO-1388 បើកបរតាមបណ្ដោយផ្លូវបេតុងក្នុងទិសដៅពីលិចមកកើតយ៉ាងលឿន ខណៈបើកមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅខាងស្ដាំដៃ បុកបង្គោលភ្លើងបំភ្លឺផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់មួយដើម រាបដល់ដី ចំណែកអ្នកបើករថយន្តបង្កបានចុះចេញពីកន្លែងកើតហេតុគេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍បានចុះទៅដល់ពិនិត្យជុំវិញទីតាំងកើតហេតុ រួចបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យចុះមកធ្វើកំណត់ហេតុស្ទូចយករថយន្តបង្ក ទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឲ្យម្ចាស់រថយន្តចូលខ្លួនដោះស្រាយនៅពេលក្រោយ៕