2023-11-11 02:11
309

ភ្នំពេញ៖ ក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិចំនួន១៥០ ដែលស្មើនឹង ១៨៨បញ្ជរ ដែលនាំមកនូវឱកាសការងារថ្មីៗថែមទៀតចំនួនជាង ២ម៉ឺនកន្លែង នាឱកាស «ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣»។

សមិទ្ធផលរូបភាពសកម្មភាព និងសៀវភៅផែនការយុទ្ធសាស្ត្រ ច្បាប់ ឯកសារគតិយុត្តនានាពាក់ព័ន្ធវិស័យជាច្រើន ត្រូវបានយកមកតាំងបង្ហាញនៅក្នុង «ពិព័រណ៍ការងារ និងផលិតភាពជាតិឆ្នាំ២០២៣» នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ រយៈពេល ២ថ្ងៃ គឺពីថ្ងៃ១០-១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអគារពាណិជ្ជកម្ម និងពិព័រណ៍កោះពេជ្រ។

លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរំពឹងថា «មានអ្នកដាក់ពាក្យស្នើសុំរកការងារ និងសម្ភាសផ្ទាល់នៅនឹងកន្លែងប្រមាណ ៣ម៉ឺននាក់ ខណៈក្នុងឆ្នាំ២០២៣នេះ មានក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានអប់រំបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ និងអង្គការជាតិ-អន្តរជាតិ ចំនួន ១៥០ ដែលស្មើនឹង ១៨៨បញ្ជរ ដែលនាំមកនូវឱកាសការងារថ្មីៗថែមទៀតចំនួនជាង ២ម៉ឺនកន្លែង»។

លោករដ្ឋមន្ត្រីក្រសួងការងារ បានលើកឡើងថា ឱកាសការងារទាំងនោះ នៅក្នុងវិស័យនាំមុខសំខាន់ៗ ដូចជា ធនាគារ, គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធានារ៉ាប់រង, សេវាកម្មលក់ដុំ និងរាយ, ទេសចរណ៍ និងបដិសណ្ឋារកិច្ច, ម្ហូបអាហារ និងភេសជ្ជៈ, អចលនទ្រព្យ និសំណង់, ទូរគមនាគមន៍ និងបច្ចេកវិទ្យាព័ត៌មានវិទ្យា, ឧស្សាហកម្ម និងកម្មន្តសាល ព្រមទាំងវិស័យសេវាកម្មផ្សេងៗទៀត។

លោក ហេង សួរ ក៏បានលើកឡើងថា «ពិព័រណ៍ការងារ និងផលិតភាពជាតិ គឺជាអន្តរាគមន៍ទីផ្សារការងារដ៏ចាំបាច់មួយនៅក្នុងដំណើរការផ្តល់សេវាការងារដែលមានលក្ខណៈប្រមូលផ្តុំនូវព័ត៌មាន និងកាលានុវត្តភាព ហើយត្រូវបានរៀបចំឡើងក្នុងមួយឆ្នាំម្តងបន្ថែមទៅលើការផ្តល់សេវាការងារជាប្រចាំថ្ងៃរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ»។

លោករដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ថា «គោលបំណងសំខាន់បំផុត នៃព្រឹត្តិការណ៍នេះ គឺការនាំឱ្យកាន់តែខិតជិតគ្នារវាងនិយោជក ដែលមានឱកាសការងារច្រើនសន្ធឹកសន្ធាប់ និងអ្នកស្វែងរកការងារដែលមានសមត្ថភាព នៅមួយកន្លែងដោយងាយស្រួល ដើម្បីធ្វើការជ្រើសរើសកម្លាំងពលកម្មតាមតម្រូវការ ដាក់ពាក្យសុំការងារដែលខ្លួនចូលចិត្ត ទទួលបានការប្រឹក្សាយោបល់អាជីព ការត្រៀមខ្លួនចូលធ្វើការងារយ៉ាងសកម្ម និងការស្វែងយល់ពីការបង្កើនផលិតភាព»។

សូមបញ្ជាក់ថា ពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៣ ត្រូវបានរៀបចំឡើងក្រោមកិច្ចខិតខំសហការរួមគ្នារវាង ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ និងសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) ក្រោមការគាំទ្រដោយអង្គការអន្តរជាតិខាងការងារ (ILO) អង្គការភីផលអិននិត ខេមបូឌា (People in Need Cambodia) និងអង្គការស្វីសខនថាក់ (Swiss Contact)៕