2023-11-11 02:11
356

ភ្នំពេញ ៖ កងយោធពលខេមរភូមិន្ទ គ្រោងនឹងបញ្ជូនកងកម្លាំង នៃបញ្ជាការដ្ឋានទ័ពពិសេស និងកងកម្លាំង របស់បញ្ជាការដ្ឋានកងពលតូចលេខ៧០ នៃកងទ័ព ជើងគោក នៃកងយោធពលខេមរភូមិន្ទជិត ១០០នាក់ រួមនឹងសម្ភារៈបរិក្ខារយោធាជាច្រើន ទៅកាន់តំបន់កាវតាន ទីក្រុងស៊ាន់ជាំង ខេត្តក្វាងតុង សាធារណរដ្ឋប្រជាមានិតចិន ដើម្បីចូលរួមក្នុងសមយុទ្ធ “សន្តិភាព មិត្តភាព២០២៣” អាមែនយូយី ២០២៣ “AMAN YOUYI 2023″។

សមយុទ្ធនេះធ្វើឡើងក្រោមប្រធានបទ “ប្រតិបត្តិការយោធាចម្រុះលើការប្រឆាំងភេរវកម្ម និងការថែរ ក្សាសន្តិសុខលម្ហសមុទ្រ” ដែលមានរយៈពេល ១០ថ្ងៃ គឺចាប់ពីថ្ងៃទី១៣ ដល់ទី២២ ខែវិច្ឆិកា។ សមយុ ទ្ធរួមនេះរៀបចំធ្វើឡើងដោយកងទ័ពរំដោះប្រជាជនចិន និងមានការចូលរួមពីតំណាងអង្គការសហប្រជាជាតិ និងកងកម្លាំងកងទ័ពកម្ពុជា,ឡាវ,ម៉ាឡេស៊ី,ថៃ និងវៀតណាមជាដើម។

ការត្រៀមចូលរួមសមយុទ្ធនេះ ត្រូវបានរាយការណ៍ឱ្យដឹងក្នុងពិធីសំណេះសំណាលនាថ្ងៃទី១០ ខែវិច្ឆិកា នៅបញ្ជាការដ្ឋានកងពលតូចលេខ៧០ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ។ ក្នុងពិធីសំណេះសំណាលនេះ នាយឧត្តមសេនីយ៍ បានថ្លែងថា នេះគឺជាមោទនភាពដ៏ឧត្តុង្គឧត្តមណាស់ ហើយក៏ជាមុខមាត់ សម្រាប់ប្រជាជនកម្ពុជាផងដែរ ដែលកងយោធពលខេមរភូមិន្ទយើង ត្រូវបានមិត្តចិនអញ្ជើញឱ្យទៅចូលរួមក្នុងសមយុទ្ធពហុសាសន៍ដ៏មានសារៈសំខាន់នេះ។

នាយឧត្តមសេនីយ៍បន្តថា នេះមិនមែនជាលើកទីមួយទេ ដែលកងយោធពលខេមរភូមិន្ទយើង បានចេញទៅចូល រួមក្នុងសមយុទ្ធពហុសាសន៍ ដែលមានបណ្ដាប្រទេសជាច្រើនចូលរួម ដូច្នេះយើងជឿជាក់ថា កម្លាំងរបស់យើងនឹងចូលរួមក្នុងប្រតិបត្តិការសមយុទ្ធនេះប្រកបដោយជោគជ័យ។

នាយឧត្តមសេនីយ៍ក៏បានកោតសរសើរចំពោះក្រុមការងារដែលបានសហការគ្នាយ៉ាងល្អ ក្នុងការរៀបចំទាំងកម្លាំង និងសម្ភារៈបរិក្ខារយោធា ដើម្បីធានាឱ្យការចេញដំណើរទៅចូលរួមក្នុងសមយុទ្ធនេះ ប្រព្រឹត្តទៅដោយរលូន៕