2023-11-11 03:11
358

ភ្នំពេញ៖ បើយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ ក.ប.ប បានឱ្យដឹងនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា៖ ដើម្បីបន្តនូវការការពារសុខុមាលភាពប្រជាពលរដ្ឋ មន្រ្តីជំនាញបានត្រួតពិនិត្យលើមុខទំនិញប្រមាណជិត១០០មុខដែលជាម្ហូបអាហារបម្រើឱ្យជីវភាពប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់។ 

ជាក់ស្ដែងក្នុងប្រតិបត្តិការនោះ ទំនិញខូចគុណភាព និងផ្ទុកនូវសារធាតុគីមីហាមឃាត់ចំនួន ២៦១.៣៥គីឡូក្រាមត្រូវបានមន្រ្តីជំនាញ ក.ប.ប. ដកហូតក្រោយរកឃើញថាមានហានិភ័យ និងប៉ះពាល់សុខភាពអ្នកប្រើប្រាស់ធ្ងន់ធ្ងរ។ លទ្ធផលនៃការរកឃើញខាងលើគឺធ្វើឡើងក្នុងខេត្តកំពង់ចាម ខេត្តឧត្តរមានជ័យ ខេត្តត្បូងឃ្មុំ ខេត្តព្រៃវែង និងរាជធានីភ្នំពេញ នាថ្ងៃទី៩-១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ 


ជាមួយគ្នានេះផងដែរមន្រ្តីជំនាញ ក៏បានធ្វើការផ្សព្វផ្សាយអប់រំអំពីចំណេះដឹងផ្នែកច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធម្ហូបអាហារជូនដល់បងប្អូនប្រជាពលរដ្ឋ ជាពិេសសអាជីវករដែលជាអ្នកលក់ដូរស្រាប់ឱ្យបានយល់អំពីផលប៉ះពាល់ នៃសារធាតុគីមីហាមឃាត់ និងទោសទណ្ឌដែលនឹងត្រូវពិន័យក្រោយរកឃើញថាខុសផ្ទុយនឹងច្បាប់ដែមានចែង។

សូមជម្រាបជូនថា ដោយអនុវត្តតាមការចង្អុលបង្ហាញនិងចក្ខុវិស័យរបស់ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី១០ ខែវិច្ឆិកាម្សិលមិញនេះដែរ សាខា ក. ប. ប. ខេត្តកណ្តាលបានដឹកនាំកម្លាំងមន្ត្រីរបស់ខ្លួន ចុះធ្វើការអប់រំផ្សព្វផ្សាយបន្តទៀតអំពីសុវត្ថិភាពម្ហូបអាហារ កិច្ចការពារអ្នកប្រើប្រាស់ និងករណីពុលស្រា ជូនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅសាលាវិទ្យាល័យ សិត្បូ ស្ថិតនៅសង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយមានការចូលរួមពីលោកគ្រូ/អ្នកគ្រូចំនួន ៣៤នាក់ សិស្សានុសិស្ស ចំនួន ៧៥៧នាក់ សរុបទាំងអស់ ៧៩១នាក់។

កម្មវិធីអប់រំផ្សព្វផ្សាយនេះ នឹងក្លាយជាវេទិកាមួយដែលបើកឱកាសអ្នកចូលរួមទាំងអស់ ទទួលបាននូវចំណេះដឹងអំពីច្បាប់និងបទប្បញ្ញត្តិនានា ពាក់ព័ន្ធនឹងសុវត្ថិភាពម្ហូបអាហារ និងកិច្ចការពារអ្នកប្រើប្រាស់ ពោលគឺការជ្រើសទំនិញនិងម្ហូបអាហារដែលមានសុវត្ថិភាពយកទៅបរិភោគ និងកាតព្វកិច្ចរបស់ពួកគេក្នុងការវិវត្តខ្លួនឱ្យក្លាយជាអ្នកប្រើប្រាស់ដែលឆ្លាតវ័យ ចៀសវាងអំពីអំពើមិនសុចរិតក្នុងធុរកិច្ចណាមួយពីសំណាក់អាជីវករខិលខូចមួយចំនួន។ វគ្គអប់រំផ្សព្វផ្សាយនេះបានប្រព្រឹត្តទៅប្រកបដោយបរិយាកាសសប្បាយរីករាយ និងមានការចូលរួមពីប្អូនៗសិស្សានុសិស្សយ៉ាងផុលផុសផងដែរ៕