2023-11-12 11:11
247

ភ្នំពេញ៖ ករណីគ្រោះអគ្គិភ័យឆាបឆេះក្លឹបកំសាន្ត យីហោ «PLAY 99» ចាបតាំងពីព្រលប់រហូតទាបភ្លឺទើបក្រុមជួយសង្គ្រោះ បង្ការ និងពន្លត់អគ្គិភ័យគ្រប់គ្រងស្ថានការណ៍បានបន្ទាប់ពីឆេះសម្ភារៈអស់ទាំងស្រុង និងមិនរីករាលដាលដល់ទីតាំងផ្សេងក្បែរនៅជិតនោះឡើយ។ 
   ក្លឹបកំសាន្ត «PLAY 99» ដែលមានទីតាំងក្បែរ ផ្សារ  Aeon Mall ទី១  ក្នុងសង្កាត់ ទន្លេ បាសាក់  ខណ្ឌ ចំការមន  រាជធានី ភ្នំពេញ  ត្រូវអគ្គិភ័យឆេះ នៅម៉ោង ជាង ៧យប់ ថ្ងៃសៅរ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ និងបន្តឆាបឆេះ រហូតដល់ម៉ោង ០២និង៣០នាទី រំលងអាធ្រាត្រចូលថ្ងៃទី១២ ខែវិច្ឆិកា  ទើបអាចគ្រប់គ្រងបាន និងបាញ់ទឹកពន្លត់ទាំងស្រុង។ 
  ពាក់ព័ន្ធរកណីអគ្គិភ័យខាងលើនេះ គិតត្រឹមម៉ោង ១០និង៣០នាទី ថ្ងៃទី១២ ខែវិច្ឆិកានេះ មិនទាន់ទទួលបានរបាយការណ៍ស្តីពីការខូចខាត ឬមានមនុស្សណាម្នាក់រងគ្រោះក្នុងហេតុការណ៍ដ៏អាក្រក់នេះទេ ប៉ុន្តែសម្ភារៈនៅក្នុងក្លឹបត្រូវបំផ្លិញបំផ្លាញអស់ទាំងស្រុងសល់តែគំនរផេះ។ 
   តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ជញ្ជាំងផ្នែកខ្លះនៃអគារមានកម្រាស់ក្រាស និងរឹងមាំទើបសមត្ថកិច្ច និងអាជ្ញាធរបានប្រើ ប្រាស់គ្រឿងចក្រ ប្រភេទ អេស្កាវ៉ាទ័រ វាយទម្លាយជញ្ជាំងដើម្បីងាយស្រួលឲ្យក្រុមពន្លត់អគ្គិភ័យធ្វើការបាញ់ពន្លត់ ពីខាងក្រៅចូលទៅរហូតឈានដល់ការគ្រប់គ្រងបានទាំងស្រុង។ 
យោងតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ករណីគ្រោះអគ្គីភ័យឆេះក្លឹបកំសាន្ត «PLAY 99» មិនទាន់ដឹងពីមូលហេតុច្បាស់លាស់ឡើយ កម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវ ហើយធ្វើឲ្យខូចខាតឆេះក្លឹបកំសាន្ត ថ្មបេតុង ទំហំ ១៥ម៉ែត្រX២០ម៉ែត្រ និងសម្ភារៈអស់ទាំងស្រុង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ 
   របាយការណ៍របស់ប៉ូលិស បានបញ្ជាក់ថា នៅវេលាម៉ោង ២និង៣០នាទីយប់ ថ្ងៃទី១២ វិច្ឆិកា អគ្គីភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យសរុប ៣៩គ្រឿង រួមមាន៖ រថយន្តការិយាល័យអគ្គីភ័យ រាជធានីភ្នំពេញ ចំនួន ១៨គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ១៨០ឡាន ស្មើរនឹង ៧២០ម៉ែត្រគូប, រថយន្តក្រសួងមហាផ្ទៃ ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ០៣ឡាន ស្មើនឹង ១២ម៉ែត្រូគូប, រថយន្តអគ្គីភ័យទីក្រុងកោះពេជ្រ ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ១៥ឡាន ស្មើនឹង ៦០ម៉ែត្រគូប, រថយន្តអគ្គីភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប, រថយន្តអគ្គិភ័យទីក្រុងអូឡាំព្យា ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប, រថយន្តទីក្រុងជ្រោយចង្វារ ចំនួន ០៥គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ០៥ឡាន ស្មើនឹង ២០ម៉ែត្រគូប, រថយន្តទីក្រុងនរា ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ ចំនួន ០២ឡាន ស្មើនឹង ១២ម៉ែត្រគូប, រថយន្តអគ្គីភ័យសួនឧស្សហកម្មកាណាឌីយ៉ា ចំនួន ០១គ្រឿង ប្រើប្រាស់អស់ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប, រថយន្តអគ្គិភ័យបូរីប៉េងហួត ចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើនឹង ១៨ម៉ែត្រគូប។ 
  បច្ចុប្បន្នសមត្ថកិច្ចជំនាញផ្នែកអគ្គិភ័យកំពុងចុះប្រមូលព័ត៌មានឲ្យបានជាក់លាក់ និងស្រាវជ្រាវរកមូលហេតុដែលនាំឲ្យកើតមានអគ្គីភ័យឆាបឆេះ ក្លឹបកំសាន្ត យីហោ «PLAY 99» នេះផងដែរ៕