2023-11-12 12:11
261

ក្រចេះ៖ ព្រះវិហារបុរាណមួយ ដែលសាងសង់អំពីឈើនៅ «វត្តរកាកណ្តាល» ស្ថិតក្នុងសង្កាត់រកាកណ្តាល ក្រុង-ខេត្តក្រចេះ មានអាយុកាលជាង ២០០ឆ្នាំ ប៉ុន្តែនៅបន្តឈរយ៉ាងរឹងមាំ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូលមកទស្សនានូវក្បាច់រចនាដ៏ប្រណិត។ 
    រមណីយដ្ឋានទេសចរណ៍វប្បធម៌ វិហារឈើបុរាណ «វត្តរកាកណ្តាល» មានទីតាំងស្ថិតនៅភូមិរកាកណ្តាលទី១ សង្កាត់រកាកណ្តាល ក្រុងក្រចេះ តាមបណ្តោយផ្លូវជាតិ លេខ៧៦ ក្រចេះ-ឆ្លូង មានចម្ងាយជាង ២គីឡូម៉ែត្រ ពីទីរួមខេត្តក្រចេះ យើងសង្កេតឃើញសំណង់ ព្រះវិហារឈើបុរាណដ៏ចំណាស់មួយ រំលេចទៅដោយក្បាច់ក្បូរយ៉ាងវិចិត្រ និងគួរឲ្យស្ញប់ស្ញែងបំផុត ពីព្រោះវាមានលក្ខណៈខុសប្លែកពីព្រះវិហារដទៃ ព្រមទាំងនៅមានសំណង់បុរាណជាច្រើនទៀត នៅក្នុងបរិវេណបន្សល់ទៅដោយបេតិកភណ្ឌជាតិ សម្រាប់អ្នកទេសចរ ជាពិសេសជនបរទេស ទស្សនា និងស្វែងយល់ពីអាយុកាលរបស់វាថែមទៀតផង។ 
   តាមការបញ្ជាក់អ្នកជំនាញ បានឲ្យដឹងថា វិហារឈើបុរាណ «វត្តរកាកណ្តាល» គឺជាតំបន់ទេសចរណ៍វប្បធម៌មួយ ដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិ មិនអាចរំលងបានឡើយ។ អាយុកាលរបស់វិហារឈើនេះវិញ គឺមានវ័យចំណាស់ប្រមាណជាង ២០០ឆ្នាំមកហើយ ដែលត្រូវបានគេកសាងឡើងតាំងពីអំឡុងដើមសតវត្សរ៍ ទី១៨ មកម្ល៉េះ។ 
   នៅស្លាក ប្រកាស  លើ ជញ្ជាំង ខាង ក្នុង ព្រះវិហារវិញ បានបញ្ជាក់ លម្អិតដឹង  ច្បាស់  ថា «វត្តរកា កណ្តាល  គឺ ជា វត្ត ដែល មាន តែ មួយ គត់ នៅ ក្នុង ប្រទេស កម្ពុជា ដែល បាន បន្សល់ ទុក តាំង ពី ចុង សតវត្សរ៍  ទី១៨, ដើម សតវត្សរ៍ ទី១៩ ដែលឈ្មោះ ដើម របស់ វត្ត  គឺ វត្តបទុមនីវណ្ណារាម»។ 
   សូមជម្រាបផងដែរថា នៅឆ្នាំ២០០១ សម្ព័ន្ធសិប្បកម្ម នៃប្រទេសអាឡឺម៉ង់ បានជួយជួសជុលកែលម្អរឡើងវិញ តាមលំ នាំចាស់ទាំងស្រុងហើយបានបើកទ្វារជូនភ្ញៀវទេសចរចូលទស្សនា និងទិញវត្ថុអនុស្សា វរីយ៍ ពីស្លឹកទ្រាំង និងផ្ដៅ ដែលផលិតដោយសហគមន៍នៅតំបន់នោះ ប៉ុន្តែសព្វថ្ងៃផ្អាកដំណើរការហើយ។ 
   បច្ចុប្បន្នវិហារឈើបុរាណ «វត្តរកាកណ្តាល» ត្រូវបានចាត់បញ្ចូលជាបេតិកភណ្ឌជាតិ និងធ្វើការគ្រប់គ្រងដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តក្រចេះ ក៏ដូចជាធ្វើការផ្សព្វផ្សាយបន្តដោយមន្ទីរទេសចណ៍ខេត្ត និងមានស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ចូលរួមថែរក្សាមរតកវប្បធម៌ជាតិដ៏កម្រនេះសម្រាប់មនុស្សជាតិទូទៅតែម្តង៕