2023-11-12 03:11
357

ភ្នំពេញ៖ យុវជនម្នាក់ដែលបានស្លៀកពាក់ឯកសណ្ឋាន ជាកងកម្លាំងរាជអាវុធហត្ថ រួចថតវីដេអូបង្ហោះ និងចែកចាយលើបណ្តាញទំនាក់ទំនងសង្គម ត្រូវបាននាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការង កងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បញ្ជាកម្លាំងជំនាញមានវិធានការជាបន្ទាន់ ព្រោះជាសកម្មភាពល្មើសនឹងច្បាប់ និងធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរកងរាជអាវុធហត្ថ ពេលនេះម្តាយយុវជនរូបនោះ បានធ្វើការសុំទោស និងសន្យានាំកូនប្រុសមកសុំទោសដោយផ្ទាល់ផងដែរ។
   ខណៈពេលនេះ ម្តាយយុវជនរូបនេះ ចេញមុខមកសុំទោស និងសុំពេលវេលា ដើម្បីនាំកូនរបស់គាត់មកសុំទោសផ្ទាល់ ចំពោះមុខថ្នាក់ដឹកនាំកងរាជអាវុធហត្ថជាសាធារណៈ។
លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានធ្វើការបកស្រាយបំភ្លឺជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានជ្រាបថា៖ «បុគ្គលដែលស្លៀកពាក់ឯកសណ្ឋានជានាយទាហាន នៃកងរាជអាវុធហត្ថមិនមានឈ្មោះក្នុងក្របខណ្ឌកងរាជអាវុធហត្ថទេ»។ 
   អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបន្ថែមទៀតថា៖ ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្តាយរបស់បុគ្គលនេះ បានទូរស័ព្ទមកសុំទោស និងប្រាប់ខ្ញុំបាទថា «កូនប្រុសរបស់គាត់ស្រលាញ់ការងារកងរាជអាវុធហត្ថខ្លាំងពេក ប៉ុន្តែគាត់គ្រាន់តែស្លៀកពាក់ថតប៉ុណ្ណោះ មិនបានស្លៀកពាក់ទៅប្រព្រឹត្តអំពើល្មើសច្បាប់ទេ។ គាត់សុំពេលវេលាពីខ្ញុំបាទ ដើម្បីនាំកូនរបស់គាត់មកសុំទោសផ្ទាល់»។

   លោកឧត្តមសេនីយ៍ត្រី អេង ហ៊ី បានបញ្ជាក់ថា « មាត្រា ៦១៦ បទៈ ប្រើប្រាស់នូវឯកសណ្ឋានជាអាទិ៍ ដែលមានភាពប្រហាក់ប្រហែលគ្នានឹងនគរបាល ឬយោធា (ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែទៅ ៦ខែ និងពិន័យជាប្រាក់ពីមួយសែនរៀលទៅមួយលានរៀន)។ អំពើប្រើប្រាស់ជាសាធារណៈដោយគ្មានសិទ្ធិនូវសម្លៀកបំពាក់ ឯកសណ្ឋាន អត្តសញ្ញាណបណ្ណ សញ្ញាសម្គាល់យានយន្ដនគរបាល ឬយោធា មានភាពប្រហាក់ប្រហែលគ្នានឹងសម្លៀកបំពាក់ ឯកសណ្ឋាន អត្តសញ្ញាណបណ្ណ សញ្ញាសម្គាល់ ឬយានយន្ដនគរបាល ឬយោធា ដែលនាំឱ្យមានការភ័ន្តច្រឡំក្នុងស្មារតី នៃសាធារណជន»។
   លោកឧត្តមសេនីយ៍បានបញ្ជាក់បន្ថែមថា «អនុវត្តតាមមតិដឹកនាំរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឱ្យធ្វើការអប់រំបុគ្គលនេះ និងឱ្យលុបចោលនូវការបង្ហោះនោះ»៕