2023-11-13 01:11
322

សៀមរាប៖ ព្រះគ្រូចៅអធិការវត្តពោធិលង្កា ព្រះនាម កែវ ខូយ ត្រូវបានព្រះមេគុណខេត្តសៀមរាប សាលាអនុគុណក្រុង មន្ទីរធម្មការ និងសាសនា ព្រមទាំងមន្ត្រីសង្ឃសម្រេចផ្អាកតួនាទីពីចៅអធិការ ក្រោយពីបែកធ្លាយរឿងរ៉ាវអាស្រូវមានទំនាក់ទំនងជាមួយស្ត្រីម្នាក់ រហូតឈានដល់ Video Call សម្រេចមេថុន តាមបណ្តាញ Internet។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ការផ្អាកតួនាទីរបស់ព្រះចៅអធិការវត្តពោធិ៍លង្កា ធ្វើឡើងនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣ ដោយមានកម្លាំងសមត្ថកិច្ចចម្រុះ ចុះពង្រឹង សន្តិសុខ សណ្តាប់ធ្នាប់ ផងដែរ។

ព្រះភិក្ខុព្រះនាម កែវ ខូយ ចៅអធិការវត្តពោធិលង្កា ត្រូវបានផ្អាកជាបណ្ដោះអាសន្ន រហូតដល់មានការសម្រេចជាថ្មីពីគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា និងប្រកាសរំសាយភិក្ខុ សាមណេរទាំងអស់ នៅក្នុងវត្តពោធិលង្កា។

សាលាអនុគុណក្រុងសៀមរាប បានបញ្ជាក់ថា សាលាអនុគណក្រុងសៀមរាប សូមពិតប្រគេន ភិក្ខុ សាមណេរ លោកតា លោកយាយ ឧបាសក ឧបាសិកា ប្អូនៗ សិស្ស និស្សិត និងអ្នកដែលកំពុងស្នាក់នៅក្នុងវត្តពោធិលង្កា ស្ថិតនៅក្នុងភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបទាំងអស់ឱ្យបានជ្រាបថា «សាលាអនុគណក្រុង សូមធ្វើការប្រកាស រំសាយភិក្ខុ សាមណេរទាំងអស់នៅក្នុងវត្តពោធិលង្កា ឲ្យនិមន្តទៅគង់តាមបណ្តាវត្តក្នុងក្រុងសៀមរាប» ព្រះសង្ឃ សរុបមានចំនួន ១៤០អង្គ និងតាជី យាយជី ក្មេងវត្តមាន ចំនួន ៣១នាក់ ក្នុងនោះ៖ ព្រះសង្ឃជាសមណសិស្សពុទ្ធិកវិទ្យាល័យ រាជបូណ៌ ចំនួន ៣៨អង្គ ត្រូវនិមន្តទៅគង់វត្តរាជបូណ៌។ ព្រះសង្ឃ ចំនួន ១០២អង្គទៀត សូមនិមន្តទំនាក់ទំនងជាមួយសាលាអនុគណក្រុងសៀមរាប ដើម្បីរកវត្តស្នាក់នៅបន្ត។

ដោយឡែក តាជី យាយជី និង ក្មេងវត្ត ចំនួន ៣១ នាក់ ត្រូវធ្វើការទំនាក់ទំនងជាមួយសាលាអនុគណ ក្រុងសៀមរាប ដោយផ្ទាល់នៅវត្តទេពពោធិវង្ស សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីបានវត្តស្នាក់នៅបន្ត។

សាលាអនុគណក្រុងមិនអនុញ្ញាតឲ្យបុគ្គលណាមួយបន្តស្នាក់នៅក្នុងវត្តពោធិលង្កាទៀតឡើយ។ បើ បុគ្គលណាមួយមិនព្រមចាកចេញ តាមការជូនដំណឹងនេះ សាលាអនុគណក្រុង នឹងសហការជាមួយកម្លាំងមាន សមត្ថកិច្ចអនុវត្តតាមផ្លូវច្បាប់ ដោយមិនទទួលខុសត្រូវលើការបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិណាមួយឡើយ ។

សេចក្ដីដូចបានពិតប្រគេននឹងជូនដំណឹងខាងលើ សូមភិក្ខុ សាមណេរ តាជី យាយជី ប្អូនៗ សិស្ស និស្សិត និងអ្នកដែលកំពុងស្នាក់នៅក្នុងវត្តពោធិលង្កាទាំងអស់ត្រូវរុះរាន់ធ្វើការទំនាក់ទនងជាមួយសាលាអនុគណក្រុងឲ្យបានទាន់ពេលវេលាចាប់ពីថ្ងៃជូនដំណឹងនេះតទៅ…. ក្នុងករណី សាម៉ីអង្គ សាម៉ីខ្លួនមិនបានធ្វើការ ទំនាក់ទំនងទេ សាលាអនុគណក្រុងមិនទទួលខុសត្រូវឡើយ ។

ដោយឡែក ថេរសភាខេត្តសៀមរាប សម្រេច៖
ប្រការ៖ ចោទប្រកាន់ភិក្ខុ កែវ ខូយ ចៅអធិការវត្តពោធិលង្កា ស្ថិតក្នុងសង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ឲ្យត្រូវអាបត្តិសង្ឃាទិសេស ។

ប្រការ៖ ផ្លាកតួនាទីភិក្ខុ កែវ ខូយ ពីចៅអធិការវត្តពោធិលង្កា ជាបណ្ដោះអាសន្ន រហូតដល់ មានការសម្រេចជាថ្មីពីគណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ។

ប្រការ៣៖ ក្នុងចន្លោះអន្តរកាលព្រះមេគណខេត្ត និងព្រះអនុគណក្រុង ត្រូវចាត់តាំងក្រុមការងារសង្ឃគ្រប់គ្រងដឹកនាំវត្តពោធិ៍លង្កាទាំងមូលរហូតដល់មានការសម្រេចជាថ្មី ។
ប្រការ៤៖ សង្ឃសម្រេចនេះ មានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

សូមជម្រាបថា ក្នុងរយៈពេលថ្មីៗនេះ មានបែកធ្លាយហើយបុគ្គល កែវ ខូយ ជាអ្នកបួសមានអំណាចធំនៅ វត្តពោធិលង្ការ ក្រុងសៀមរាប បានប្រព្រឹត្តប្រាសចាកធម៌វិន័យជាមួយស្រ្តីម្នាក់ និងសារប្រមាទដល់ថ្នាក់ដឹកថែមទៀតផង ប៉ុន្ដែគ្មាននរណាហ៊ានប៉ះពាល់ទេ ព្រោះមានមន្រ្តីសង្ឃអ្នកកាងឲ្យពីខាងក្រោយ ពេលនេះត្រូវបានមន្ត្រីសង្ឃមានចំណាត់ផ្អាកតូនាទីពីចៅអធិការ៕