2023-11-13 04:11
324

កំពង់ស្ពឺ៖     គិតត្រឹមរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ គណៈកម្មការចម្រុះបានចុះពិនិត្យ និងប្រមូលវត្ថុតាងសំបកកាទុស្សគ្រាប់កាំភ្លើងចម្រុះប្រមាណជាង ២០០គ្រាប់ នៅម្តុំផ្លូវចំការតែ ក្នុងតំបន់ឧទ្យានជាតិ «ព្រះកុសមៈគីរីរម្យ» ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច បានបញ្ជាក់ថា «ករណីបាញ់បោះសេរីនោះ កើតឡើងចំពេលមានកម្មពីធីខួបកំណើតរបស់ម្ចាស់ផ្ទះឈ្មោះ ឆាយ»។ 

 ប៉ុន្តែមហាជន និងមន្ត្រីរាជការមួយចំនួនដែលបានដឹងរឿងនេះ នាំគ្នាអស់សំណើចគ្មានពាក្យថ្លែង ព្រោះរបាយការណ៍វាខុសនឹងការពិតស្ទើរទាំងស្រុង ខណៈម្ចាស់ទីតាំងកើតហេតុពាក់ផ្កាយពីរជានាយនគរបាលជាន់ខ្ពស់ផ្នែកព្រហ្មទណ្ឌ អគ្គស្នងការនគរបាលជាតិ និងមានឪពុកជាយោធាថ្នាក់នាយឧត្តមសេនីយ៍ផ្កាយ៤ផងដែរ។ 

 ខាងក្រោមនេះ ជាបាយការណ៍របស់ អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ «ស្ដីពី ការស្រាវជ្រាវ ករណីបាញ់បោះសេរី» បានឲ្យដឹងថា៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០៨និង០០នាទី ចំណុច ផ្ទះលំហែ ស្ថិតនៅភូមិថ្មី (ចំការតែ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជារបស់ឈ្មោះ ឆាយ ភេទប្រុស អាយុប្រហែល ២៨ឆ្នាំ រស់នៅរាជធានីភ្នំពេញ កម្លាំងជំនាញបានបង្កើតគណៈកម្មការ ដោយមានការចូលរួមពីសំណាក់ អាជ្ញាធរភូមិ ឃុំ មន្ត្រីបរិស្ថាន និងកម្លាំងកងរាជអាវុធហត្ថ ដើម្បីធ្វើការស្រាវជ្រាវពាក់ព័ន្ធករណី បាញ់បោះសេរី កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង ១៦និង០០ រហូតដល់យប់ជ្រៅ ក្នុងកម្មពីធីខួបកំណើតរបស់ម្ចាស់ផ្ទះឈ្មោះ ឆាយ។ 

 របាយការណ៍ប៉ូលិស បានឲ្យដឹងថា៖ តាមការបំភ្លឺពីឈ្មោះ សេ ចូច ភេទប្រុស អាយុ ៦៤ឆ្នាំ និងប្រពន្ធឈ្មោះ សឿន ស្រីធា អាយុ ៣៨ឆ្នាំ ទាំង ០២នាក់ ជាអ្នកចាំដីផ្ទះ ចំណុចកើតហេតុថា «នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោងប្រហែល ១២និង០០នាទី ឈ្មោះ ឆាយ បានមកពីភ្នំពេញ ដើម្បីរៀបចំកម្មពិធីខួបកំណើត ដោយមានមិត្តភក្តិរបស់គាត់ប្រហែលជិត ២០នាក់ មានស្រី មានប្រុស មកចូលរួមផឹកស៊ីផងដែរ»។ 

 របាយការណ៍ដដែល បាលឲ្យដឹងទៀតថា៖ រហូតដល់វេលាម៉ោងប្រហែល ១៦និង០០នាទី ថ្ងៃ ខែ ឆ្នាំដដែល ពេលដែលពួកគាត់ជួយរៀបចំផ្ទះ លៀងចាន-ឆ្នាំងឲ្យគេរួចក៏នាំគ្នាទៅសំរាកនៅផ្ទះរបស់ឈ្មោះ រ៉ា ភេទប្រុស អាយុប្រហែល ៤៥ឆ្នាំ ជាអ្នករស់នៅជាប់របងគ្នា កំពុងសំរាកស្រាប់តែនៅវេលាម៉ោងប្រហែល ២១និង០០នាទី ថ្ងៃ ខែ ឆ្នាំ ដដែល ពួកគាត់បានលឺសូរសំលេងបាញ់កាំភ្លើងបន្តបន្ទាប់ នៅកន្លែងកម្មពិធីតែពួកគាត់មិនបានចេញមើលទេ ព្រោះខ្លាចមានគ្រោះថ្នាក់ ហើយពួកគាត់ក៏ពុំបានដឹងថា អ្នកណាជាអ្នកបាញ់ដែរ ហើយពួកគាត់និយាយបន្តទៀតថា កន្លងមកអោយតែម្ចាស់ផ្ទះអោយតែមានកម្មពិធីផឹកស៊ី គឺតែងតែបាញ់កាំភ្លើងលេងហើយ។ 

 តាមការបំភ្លឺពីឈ្មោះ អ៊ុំ សាង ភេទប្រុស អាយុ ៥៨ឆ្នាំ រស់នៅក្នុងភូមិថ្មី ជាមួយគ្នា ថានៅថ្ងៃកើតហេតុ វេលាម៉ោងប្រហែល ១៦និង៣០នាទី រូបគាត់កំពុងធ្វើការ (ជាកម្មករ) នៅចំណុចខាងក្រោយផ្ទះរបស់ឈ្មោះ ឆាយ ក៏ឃើញឈ្មោះ ឆាយ ឈរកាន់កាំភ្លើងខ្លីបាញ់ឡើងលើប្រហែលជា ១០គ្រាប់ ខណៈពេលដែលកំពុងផឹកស៊ីជាមួយមិត្តភក្តិរបស់គាត់ប្រហែល ០៧ទៅ០៨នាក់ទៀត នៅម៉ោង ១៧និង០០នាទី ពេលចប់ម៉ោងការងាររឈ្មោះ អ៊ុំ សាង ក៏ត្រឡប់ទៅផ្ទះវិញទៅ។ 

 របាយការណ៍ប៉ូលិស ក៏បានបញ្ជាក់ថា ចំពោះវត្ថុតាងរកឃើញជុំវិញកន្លែងកើតហេតុ រួមមាន៖ សំបកគ្រាប់កាំភ្លើងខ្លីចំរុះ ចំនួន ១១២គ្រាប់, សំបកគ្រាប់កាំភ្លើង M16 ចំនួន ៣៦គ្រាប់, សំបកគ្រាប់កាំភ្លើង AK47 ចំនួន ៥៥គ្រាប់។ ករណីខាងលើគណ:កម្មការ បានធ្វើការចាប់យកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីធ្វើការស្រាវជ្រាវបន្ត។ 

 ចំពោះអ្នកដឹងហេតុរឿងហេតុ នៃការបាញ់បោះសេរី អនាធិបតេយ្យខាងលើ បាននិយាយថា ទីតាំងដីចំការលំហែរ (ផ្ទះក្រហម) នោះជារបស់លោកឧត្តមសេនីយ៍ទោ គ.ទ ជាមន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិ ជាកូនប្រុសរបស់នាយកឧត្តមសេនីយ៍ម្នាក់ បែរប៉ូលិសស្រុកភ្នំស្រួច ធ្វើរបាយដាក់ដីចំការ និងផ្ទះ «ហ៊ាឆាយ» ទៅវិញ។ តើបុគ្គលឈ្មោះ ឆាយ ជានណា? ហេតុអ្វីមានអាវុធ និងគ្រាប់រំសេវច្រើនម្លេះ ដើម្បីបាញ់បោះស្ទើរៀងរាល់ចុងសប្តាហ៍? ហ៊ាឆាយមានអំណាច ប៉ុន្តែណាបើគាត់នៅក្មេងសោះហ្នឹង

 មតិមហាជនលើកជាចំងល់ទៀតថា «ហ៊ាឆាយ» គាត់មានឥទ្ធិពល និងតួនាទីបុណ្យស័ក្តិប៉ុនណា គ្រាន់តែរៀបចំពិធីអបអរសាទរខួបកំណើតសោះ ប្រើប្រាស់សុទ្ធអាវុធវែងខ្លីទំនើប ដើម្បីបាញ់អបអរតាំងយប់មិនអស់ចិត្តបាញ់ថែមពេលថ្ងៃទៀតអស់រាប់រយគ្មាន ដូចបាញ់កាំជ្រួច ហើយសមត្ថកិច្ចគ្រប់គ្រងតំបន់នោះថាអត់ដឹងអត់ដឹងទាល់តែកាសែតផ្សាយព្រោងព្រាត និងមានបទបញ្ជាពីតំណាងអយ្យការ បាននាំគ្នាចុះពិនិត្យ រកហិតក្លឹនរំសេវ។

 សូមជម្រាប់ថា ក្រុមបក្ខពួកលោកផ្កាយពីរកូនប្រុសនាយឧត្តមសេនីយ៍នៅក្រសួងការពារជាតិ ត្រូវបានអ្នកស្រុកនិយាយថា បានបង្កភាពអសន្តិសុខស្ទើររៀងរាល់ចុងសប្តាហ៍ឲ្យជួបជុំគ្នាផឹកស៊ីចាក់ធុងបាស់ បាញ់បោះសេរីស្ទើទាល់ភ្លឺអត់ដែលឃើញសមត្ថកិច្ចណាហ៊ានមកបង្ក្រាបឡើយ ធ្វើឲ្យពលរដ្ឋភ័យផង ខ្លាចផង ព្រោះគ្រាប់កាំភ្លើងវាគ្មានភ្នែកទេ។ 

 ប្រជាពលរដ្ឋ រស់នៅលើឧទ្យានជាតិគិរីរម្យ ស្នើសុំក្រសួងការពារជាតិ មេត្តាស្រាវជ្រាវឲ្យបានច្បាស់ និងមានវិធានការលើបុគ្គលអាងអំណាចបង្កភាពអសន្តិសុខ បាញ់បោះសេរី ដូចស្រុកមានសង្គ្រាម ជាពិសេសរដ្ឋមន្ត្រីក្រសួងមហាផ្ទៃគួរចាត់មន្ត្រីជំនាញដើម្បីពិនិត្យមើលមន្ត្រីថ្នាក់ក្រោមធ្វើរបាយការណ៍ភូតភរថ្នាក់លើនាំឲ្យជនបង្ករួចខ្លួនហើយទំលាក់កំហុសលើមនុស្សតូចតាចបែបនេះវាអយុត្តិធម៌ ឬហៅថា «និទណ្ឌភាពសង្គម»