2023-11-13 04:11
241

ភ្នំពេញ៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា (គ.ល.ក.) បានព្រមាន និងជំរុគឲ្យសមត្ថកិច្ចពាក់ព័ន្ធមេត្តាចាត់វធានការក្តៅគគុក និងបង្ក្រាបជាបន្ទាន់ កាស៊ីណូអនឡាញ «PK777» ព្រោះសកម្មភាពល្បែងអនឡាញមួយនេះ គឺជាអំពើល្មើសច្បាប់ ដែលប្រឈមនឹងការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរទៅតាមច្បាប់ជាធរមាន។ 

 គ.ល.ក.បានពិនិត្យ ឃើញមានការផ្សព្វផ្សាយនៅតាមបណ្ដាញសង្គម អំពីល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអនឡាញ រួមមាន៖ ល្បែងបាការ៉ាត់, ស្លតម៉ាស៊ីន, បក្សីកីឡា និងភ្នាល់បាល់ទាត់ជាដើម ក្រោមឈ្មោះកាស៊ីណូអនឡាញ «PK777» ការដំណើរការ ការលេង និងការចូលរួមក្នុងសកម្មភាពល្បែងអនឡាញខាងលើនេះ គឺជា «អំពើល្មើសច្បាប់ ដែលប្រឈមនឹងការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរទៅតាមច្បាប់ជាធរមាន»

 គ.ល.ក. បានបញ្ចាក់ថា «ការប្រព្រឹត្រ ឬ លេងល្បែងស៊ីសងខុសច្បាប់បានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម និងប៉ះពាល់ដល់អាជីវកម្មកាស៊ីណូដែលមានអាជ្ញាបណ្ណស្របច្បាប់ផងដែរ»។ 

 ចំពោះករណីនេះ អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក. សូមជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធធ្វើការចាត់វិធានការយ៉ាងក្តៅគគុកក្នុងការបង្ក្រាប កាស៊ីណូអនឡាញ «PK777» នេះជាបន្ទាន់។ 

 ជាមួយគ្នានេះ អគ្គលេខាធិការដ្ឋាន នៃ គ.ល.ក.សូមក្រើនរំលឹកដល់សាធារណជនទាំងអស់ «សូមកុំប្រព្រឹត្ត ឬ លេង ឬ ចូលរួមគាំទ្រល្បែងស៊ីសងខុសច្បាប់នេះ ដែលប្រឈមនឹងការដាក់ទោសទណ្ឌ ទៅតាមច្បាប់ជាធរមាន» និងសូមឲ្យសាធារណជន  និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធជ្រាប និងចូលរួមសហការអនុវត្តឱ្យបានម៉ឺងម៉ាត់បំផុត។ 

 សូមបញ្ជាក់ថា សព្វថ្ងៃនេះសង្កេតឃើញមានការផ្សព្វផ្សាយ និងល្បែងស៊ីតាមប្រព័ន្ធអនឡាញស្ទើរគ្រប់ប្រភេទ ប៉ុន្តែទាន់មានការបង្ក្រាបឡើយ ហើយរាល់ល្បែងអនឡាញទាំងនេះ កំពុងពង្វក់ស្មារតីប្រជាពលរដ្ឋ មន្ត្រីរាជការគួរឲ្យព្រួយបារម្ភផងដែរ៕