2023-11-14 08:11
313

ភ្នំពេញ៖     ក្រុមប្រជាពលរដ្ឋ ជាច្រើនគ្រួសារ រស់នៅក្នុង ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានសម្តែងនូវការខកចិត្ត និងអស់សង្ឃឹមយ៉ាងខ្លាំងលើចំណាក់ការ របស់អាជ្ញាធរសង្កាត់ ខណ្ឌ និងមន្ទីរជំនាញបរិស្ថានរាជធានីភ្នំពេញ ព្រមទាំងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ចំពោះសកម្មភាពក្រុមឈ្មួញធ្វើអាជីវកម្មសាឡង់បូមខ្សាច់ចាក់ដីបំពេញបង្កជាសំឡេងរំខាន ដល់ការរស់នៅជាច្រើនខែ និងបង្ហូរកាកសំណល់ក្រខ្វក់ផ្សេងៗចូលក្នុងទឹកទន្លេនាំឲ្យប៉ះពាល់ដល់បរិស្ថាន គឺគ្មានប្រសិទ្ធភាព។

ក្រុមប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ បានឲ្យដឹងថា ពួកគាត់បានដាក់ញាតិស្នើសុំកិច្ចអន្តរាគមន៍ ដើម្បីបញ្ឈប់ការរំខានដោយសំឡេង ព្រមទាំងបញ្ឈប់ការបង្ហូរកាកសំណល់ ប្រេងចូលក្នុងទន្លេ របស់គ្រឿងចក្របូមខ្សាច់ ស្ថិតមានទីតាំងជាគូតសាលាសង្កាត់ព្រែកថ្មី ទៅកាន់លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងគោរពជូនលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចូលតាំងពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ ប៉ុន្តែដំដោះស្រាយផលប៉ះពាល់បង្កដោយក្រុមឈ្មួញរកស៊ីបូមខ្សាច់ចាកលប់បំពេញដីនេះ គ្មានប្រសិទ្ធភាពទាល់តែសោះ គឺសំឡេងរំខាន និងការបង្ហូរកាកសំណល់បំពុលបរិស្ថាន នៅតែបន្តកើតមានដដែលៗ។

ក្នុងកម្មវត្ថុ នៃសំណើរសុំកិច្ចអន្តរាគមន៍របស់ប្រជាពលរដ្ឋ បានសូមជម្រាបជូន លោកអភិបាលខណ្ឌច្បារអំពៅ ក៏ដូចជាឯកឧត្តមអភិបាលរាជធានីភ្នំពេញ មេត្តាជ្រាបថា៖ មានសាឡាងបូមខ្សាច់ធំៗ ០២ (ពីរ)គ្រឿង បានមកចតនៅលើតាមទន្លេ ត្រង់ចំណុច ក្រោយសាលាសង្កាត់ព្រែកថ្មី ក្នុងភូមិ ចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅដោយសាឡាងបូមខ្សាច់ និងគ្រឿងចក្របូមខ្សាច់បន្ត នៃសាឡាងខាងលើ បានបង្ករបញ្ហាដូចតទៅ៖

១- តែងតែបញ្ចេញសំឡេង ឮរំពងរំខានទាំងយប់ទាំងថ្ងៃ ទោះជាថ្ងៃឈប់សំរាក ឬថ្ងៃបុណ្យទានក៏ នៅតែដំណើរការធ្វើឲ្យមានផលប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ ដែលមានលំនៅ ដ្ឋានជាប់ដងទន្លេបាសាក់។

២- មានការបង្ហូរកាកសំណល់ ប្រេងម៉ាស៊ីន វត្ថុប្រើប្រាស់ នឹងលាមកជាដើមចេញពីការដ្ឋានបូមខ្សាច់បន្ដនេះ ចូលទន្លេដោយផ្ទាល់ក្នុងផ្ទៃទន្លេ ហេតុដូច្នេះធ្វើឲ្យបរិវេនជុំវិញនោះ នេះមានសភាពកខ្វក់ខូចសោភ័ណ្ឌភាពទន្លេ។

៣- បញ្ញាមួយទៀត បរិវេនក្រុមហ៊ុនបូមខ្សាច់ មានលេចចេញជាដីដុះ ធ្វើឲ្យទន្លេរាក ដីមានសភាពរាក់ទៅៗ ថយចុះការនេសាទនៅតំបន់នេះ ធ្លាក់ចុះភ្ញៀវទេសចរណ៍ ដែលតែងតែជិះទូកកំសាន្តពីកោះពេជ្រមកកាន់តំបន់ក្រុងតាខ្មៅ ហើយកើនសំរាមនៅលើផ្ទៃទន្លេ ធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងជីវៈចំរុះក្នុងទឹកទន្លេ។

៤- លើសពីនេះទៀត ផ្លូវ៣៦៩ រងការខូចខាត់ជាដំណាំ នឹងស្ពានព្រែកសំរោង ដោយសារមានឡាន ដឹកខ្សាច់ធំៗធ្វើអាជីវកម្មនៅតំបន់នោះជាអាចិន្ត្រៃយ៍ និងធ្វើឲ្យផ្លូវ និងស្ពានពោរពេញទៅដោយភួក និងខ្សាច់ធ្វើប្រជាពលរដ្ឋ មានការពិបាកក្នុងការធ្វើដំណើរទៅធ្វើការ ឬ ប្រកបរបរនៅតាមផ្លូវនេះ ។

ប្រជាពលរដ្ឋ បានបញ្ជាក់ថា ពួកគាត់ធ្លាប់បានផ្តល់ ពត៌មាននេះ ដល់អាជ្ញាធរមូលដ្ឋាន ហើយអាជ្ញាធរសង្កាត់បានត្រឹមតែថា៖ «គេមានអាជ្ញាប័ណ្ណ, ថាចាំសម្របសម្រួលឲ្យ និងប្រាប់ឲ្យពលរដ្ឋរងគ្រោះ មកជួបជាមួយជនបង្ករដើម្បី ដោះស្រាយនៅសាលាសង្កាត់» អាជ្ញាធរមូលដ្ឋាន បានទទួលការជូនដំណឹងអំពីការរំខាននេះ តែមិនបញ្ឈប់ការដ្ឋាននេះទេ បើទោះបីជាទីតាំងបូមខ្សាច់នេះ ស្ថិតនៅចំពីខាងក្រោយសាលាសង្កាត់ព្រែកថ្មី ក៏ដោយក្តីកត្តា ទាំងអស់នេះ ធ្វើឲ្យប្រជាពលរដ្ឋ រស់នៅជិតទីនោះមានចម្ងល់ខ្លះៗ។

ពាក់ព័ន្ធអំពីបញ្ហាអាជ្ញាប័ណ្ណ តើអាជ្ញាប័ណ្ណរបស់ក្រុមហ៊ុនឯកជនខាងលើ អាចមានសិទ្ធធ្វើអ្វីបាន គ្រប់បែងយ៉ាងឬ? ដូចជាធ្វើឲ្យមានសំឡេងរំខានខ្លាំងៗ នឹងបំផ្លាញធនធានធម្មជាតិ បរិស្ថាន នៅជុំវិញទន្លេ គាត់មានសិទ្ធទាំងអស់នេះដែរឬទេ? ហើយអាជ្ញាប័ណ្ណនេះ មានបញ្ជាក់អំពីទីកន្លែង ឬទីតាំងនៃការប្រកបអាជីវកម្មច្បាស់លាស់ដែលឬទេ? ឬចេះតែបោះទីតាំងបូមខ្សាច់គ្រប់ទីកន្លែងបានតាមចិត្ត?

ពលរដ្ឋបន្ថែមថា មុននឹងចេញអាជ្ញាប័ណ្ណ តើអាជ្ញាធរមានបានចុះសិក្សាអំពីផលប៉ះពាល់ឲ្យបានត្រឹមត្រូវ ច្បាស់លាស់ហើយឬនៅ? មានបានសួរមតិយោបល់ប្រជាពលរដ្ឋ ដែលរស់នៅតំបន់នោះដែរទេ? ម៉្យាងទៀត ជនជាតិវៀតណាម ដែលជាកម្មករកំពុងរស់នៅលើសាឡាងបូមខ្សាច់នោះ តើពួកគាត់ មានសិទ្ធិរស់នៅ និងធ្វើការស្របច្បាប់ដែររឺទេ?

ពាក់ព័ន្ធករណីខាងលើនេះ លោក យឹម សុខុន ប្រធានការិយាល័យធនធានធម្មជាតិ និងបរិស្ថានខណ្ឌច្បារអំពៅ បានប្រាប់ក្រុមការងារ MSJ TV នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា៖ ទីតាំងកន្លែងសាឡង់បូមខ្សាច់នៅខាងក្រោយសាលាសង្កាត់ព្រែកថ្មីនោះ កន្លងមកត្រូវបានប្រជាពលរដ្ឋប្តឹងទៅសាលាខណ្ឌ ហើយត្រូវបានមន្ទីរបរិស្ថានរាជធានីភ្នំពេញ រួមសហការជាមួយអាជ្ញាធរខណ្ឌចុះម្តងរួចមកហើយ ដោយធ្វើការណែនាំអំពីចំណុចខ្វះខាត ត្រង់ថា «មកដល់ម៉ោងនេះ គេអនុឡោម ឬអនុវត្តតាមមន្ទីរជំនាញណែនាំឬយ៉ាងម៉េចអត់ទាន់ដឹងទេ ប៉ុន្តែការចុះមន្ត្រីជំនាញបានធ្វើកំណត់ហេតុណែនាំឲ្យបំពេញចំណុចខ្វះខាតពាក់ព័ន្ធផលប៉ះពាល់បរិស្ថាន ហើយខណ្ឌអត់បានតាមដានទេគឺខាងមន្ទីរបរិស្ថានជាអ្នកតាមដានរឿងនេះ»។

លោកបានបន្ថែមទៀតថា៖ ប៉ុន្តែប្រសិនដល់ម៉ោងនេះ នៅមានផលប៉ះពាល់ហើយប្រជាពលរដ្ឋទទួលយកអត់បានដដែលនោះ នុះមានន័យថា «យើងត្រូវធ្វើបន្ថែម ប៉ុន្តែកិច្ចការនេះ គឺមន្ទីរជំនាញបរិស្ថាន»។

ជុំវិញសំណើរកិច្ចកិច្ចអន្តរាគមន៍ខាងលើនេះ ក្រុមការងារ MSJ TV បានធ្វើការទំនាក់ទំនងទៅលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ ដើម្បីសុំការបញ្ជាក់បន្ថែមទៅលើចំណាត់ការក្រុមឈ្មួញរកស៊ីដាក់សាឡង់បូមខ្សាច់នៅក្រោយសង្កាត់ព្រែកថ្មី ប៉ុន្តែគ្មានការឆ្លើយតបនោះទេ ដោយចុចបិទទូរស័ព្ទ៕