2023-11-14 11:11
232

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានធ្វើការណែនាំឱ្យក្រសួងមហាផ្ទៃ និងភាគីពាក់ព័ន្ធយកចិត្ដទុកដាក់ពង្រឹង ការពារសន្ដិសុខ សណ្ដាប់ធ្នាប់ នៅតាមតំបន់ទេសចរណ៍ឱ្យមានប្រសិទ្ធភាព។ 

សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍បែបនេះក្នុងឱកាសអញ្ជើញជាធិបតី ក្នុងវេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន» លើកទី១៩ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា «ចំពោះវិស័យឯកជនបានស្នើឱ្យពិនិត្យពិចារណាលើប្រព័ន្ធទិដ្ឋការសម្រាប់ភ្ញៀវទេសចរណ៍ សម្តេចយកទៅពិចារណាលើតម្លៃទិដ្ឋការ ប៉ុន្តែមិនទាន់ឆ្លើយតបនឹងបញ្ហានោះទេ ព្រោះកម្ពុជាបាននឹងកំពុងផ្តល់នូវកិច្ចសម្របសម្រួល ជាច្រើនរួចទៅហើយ ជាក់ស្តែង កម្ពុជាបានសម្របសម្រួល តាមរយៈការផ្តល់ទិដ្ឋការ នៅពេលមកដល់, ទិដ្ឋការអេឡិចត្រូនិច ហើយបញ្ហាតម្លៃមិនមែនជារបាំងនៃភ្ញៀវទេសចរណ៍ មកកម្ពុជានោះទេ»។ 

សម្តេចធិបតី ហ៊ុន ម៉ាណែតបានថ្លែងថា «កិច្ចការដែលយើងត្រូវយកចិត្តទុកដាក់នោះ គឺ ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវខិតខំប្រឹងប្រែង កែលំអរ និងសម្រួលឱ្យប្រសើរឡើងនូវនីតិវិធី ដើម្បីឱ្យចូលភ្ញៀវទេចរណ៍មកកម្សាន្ត មានភាពកក់ក្តៅ និងរីករាយទាំងពេលមកដល់ ពេលស្នាក់នៅ និងពេលត្រឡប់ទៅវិញ»។ 

សម្តេចធិបតីបន្ថែមថា «ត្រូវលុបបំបាត់ព័ត៌មានមិនពិត បំភ្លៃ បញ្ហាកិត្តិនាម ដែលប៉ះពាល់ដល់កម្ពុជា  ហើយកន្លងទៅថ្មីៗនេះ មានការផ្សព្វផ្សាយនូវព័ត៌មានមួយចំនួន ដែលប៉ះពាល់ជាវិជ្ជមាន ចំពោះកិត្តិនាមរបស់ប្រទេសកម្ពុជា ពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខ សុវត្ថិភាព ដែលនេះជាកិច្ចការចាំបាច់ និងជាកត្តាដ៏សំខាន់មួយក្នុងការទាក់ទាញទេសចរណ៍ ព្រមទាំងវិនិយោគិនមកកម្ពុជា។ ដូច្នេះការខិតខំបោសសម្អាតបទល្មើសនានា និងការជម្រះមន្ទិលសង្ស័យនានា ចំពោះព័ត៌មានដែលទាក់ទងនឹងកិត្តិនាមរបស់កម្ពុជា គឺជាកត្តាចាំបាច់»។ 

សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើថា «ដើម្បីជម្រុញកិច្ចការងារនេះឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្រសួង ស្ថាប័ន ពាក់ព័ន្ធទាំងអស់ ក្នុងនោះមានក្រសួងមហាផ្ទៃ, អគ្គស្នងការនគរបាលជាតិ, បញ្ជាការដ្ឋានកងរាជអាវុធហត្ថ, គណបញ្ជាការឯកភាពរាជធានី-ខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ ពិសេសនៅតាមបណ្តាតំបន់ទេសចរណ៍ ក្នុងរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប»៕