2023-11-14 03:11
312

(កែប) ៖  កាលពីថ្ងៃទី ១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ប៉ែន សុផល អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជាក្នុងដំណើរចុះពិនិត្យតាមបណ្តោយឆ្នេរនៅខេត្តកែបដែលបានផ្តួចផ្តើមក្នុងកម្មវិធីកសាងធ្វើផែនការរៀបចំដែនទីតំបន់ឆ្នេរសមុទ្រកម្ពុជារបស់គណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវភ្ឍន៍ឆ្នេរសមុទ្រកម្ពជានាពេលថ្មីៗនេះឯកឧត្តមបានញ្ជាក់ឱ្យដឹងថានៅតំបន់ឆ្នេរអង្កោល ក្នុងស្រុកដំណាក់ចង្អើរ គឺជាកន្លែងទីតាំងមួយសម្រាប់ទាក់ទាញវិស័យទេសចរណ៍និងមានអំណោយផលល្អបំផុត នាបច្ចុប្បន្ននៅទីតាំងនេះកំពុងប្រែក្លាយទៅជាទិសដៅទេសចរណ៍ល្អដ៏សំខាន់របស់ខេត្តកែបហើយនៅទីកន្លែងមួយនេះនឹងក្លាយទៅជាទីតាំងសមស្របក្នុងការពង្រីក្រុងនាពេលអនាគតនោះដែរ។

តំបន់ឆ្នេរក្នុងស្រុកដំណាក់ចង្អើរ នៃខេត្តកែប មានប៉ូលអភិវឌ្ឍន៍ទាក់ទាញវិស័យទេសចរណ៍ចំនួន២ គឺប៉ូលអភិវឌ្ឍន៍ទាក់ទាញធម្មជាតិវិស័យទេសចរណ៍តំបន់ភ្នំវល្លិ៍ និងប៉ូលអភិវឌ្ឍន៍វិស័យទេសចរណ៍តំបន់អង្កោល ដែលមានសរសេរក្នុងសៀវភៅផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តកែប ២០២៣-២០៣៥ របស់ក្រសួងទេសចរណ៍។
ឯកឧត្តម ប៉ែន សុផល អគ្គលេខាធិការនៅអគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជាបានបន្តឱ្យដឹងថា ស្រុកដំណាក់ចង្អើរ នៃខេត្តកែប គឺមានតំបន់ចំនួន២ដែលប្រទាក់ក្រឡាគ្នាល្អបំផុត សម្រាប់ទាក់ទាញវិស័យទេសចរណ៍ គឺតំបន់ភ្នំវល្លិ៍ ដែលមានអំណោយផលសម្រាប់កសិ-ទេសចរណ៍ ដែលទីនោះមានដំណាំចម្រុះ ជាពិសេសគឺដំណាំម្រេចតែម្តង ហើយមួយទៀតគឺតំបន់អង្កោលដែលមានឆ្នេរអង្កោលនេះ ដោយតំបន់ទាំងពីរ បានផ្សារភ្ជាប់គ្នាយ៉ាងប្រកិត តាមរយៈហេដ្ឋារចនាសម្ព័ន្ធដែលយើងមាន។

ជាមួយគ្នានោះដែរគួរបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានសម្រេចអនុម័តឲ្យក្រុមហ៊ុនធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក របស់អ្នកឧកញ៉ា ឃុន សៀ វិនិយោគកសាង ទីក្រុងរណប និងតំបន់ទេសចរណ៍ពិសិដ្ឋចំនួន ២ទីតាំង នៅក្នុងខេត្តកែប ដែលលាតសន្ធឹងតាមបណ្តោយមាត់សមុទ្រពីទីក្រុងកែប រហូតដល់ស្រុកដំណាក់ចង្អើរ ដែលមានទំហំសរុប ១.៤៦៧ហិកតា ក្នុងនោះ ២៨៩ហិកតា ស្ថិតនៅសង្កាត់កែប ក្រុងកែប ហើយ ១.១៧៨ហិកតាទៀត ស្ថិតនៅស្រុកដំណាក់ចង្អើរ។ នេះបើយោងតាមអនុក្រឹត្តដែលចុះហត្ថលេខាដោយ សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះផងដែរ។(សឹង រ៉ាត់)