2023-11-14 05:11
646

បន្ទាយមានជ័យ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំដោយលោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុង ចុះបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ចំនួន ០២នាក់ ពាក់ព័ន្ធករណីលួចកាបូបប្រាក់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ 

ការបង្ក្រាបនេះ ធ្វើឡើងកាលពីវេលាម៉ោង ២៣និង០០នាទី ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងមក នៅចំណុច សួនមានជ័យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ តាមពាក្យបណ្តឹងជនរងគ្រោះឈ្មោះ ចៅ ស៊ាវម៉ី ភេទស្រី អាយុ ៣០ឆ្នាំមានទីលំនៅបច្ចុប្បន្ន ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។ 

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹងថាជនសង្ស័យទាំង ០២នាក់ មាន៖ ទី១- ឈ្មោះ អង់ ម៉ុន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ និងទី២- ឈ្មោះ ទូច លីជ្រុយ (តេវ) ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅ ភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ 

ចំពោះវត្ថុតាងចាប់យក រួមមាន ទូរសព្ទដៃម៉ាក VIVO ពណ៌ទឹកប៊ិច ចំនួន ០១គ្រឿង  លុយខ្មែរ ចំនួន ៣០០,០០០រៀល, លុយដុល្លារ ចំនួន ២០ដុល្លារ, ម៉ូតូ ម៉ាកនិច ពណ៌ស គ្មានផ្លាកលេខ ចំនួន ០១គ្រឿង, ទូរសព្ទម៉ាក NOKIA ចុចពិល ចំនួន ០១គ្រឿង និងគ្រឿងញៀន មេតំហ្វេតាមីនចំនួន ០១កូនថង់កិប។ 

ក្រោយឃាត់ខ្លួន និងសួរចម្លើយជនសង្ស័យបានសារភាពថា «ពួកខ្លួនពិតជាបានលួចកាបូបលុយ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ពិតប្រាកដមែន»។ 

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្ត នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថ ប្រគល់ជូនម្ចាស់ដើមវិញ៕