2023-11-15 10:11
244

ក្រចេះ៖ ក្រុមជនសង្ស័យប្រុស ស្រី បានរៀបចំគម្រោងរកស៊ីបោកប្រាស់ តាមរយៈលក់ដូរវត្ថុមានតម្លៃដ៏កម្រ ឬហៅថា «ក្រុមដាក់អន្ទាក់ព្រះឥន្ទ្រ» ក្នុង ០១ដុំតម្លៃរហូតជាង ១០លានដុល្លារ ត្រូវបានម្លាំងកងរាជអាវុធហត្ថខេត្តក្រចេះ ឃាត់ខ្លួនជនបន្តបន្ទាប់ពាក់ព័ន្ធក្នុងករណី «ចាប់បង្ខាំងមនុស្សខុសច្បាប់ អំពើឆបោក និងគំរាមទាប្រាក់» ស្ថិតនៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ។

មន្ត្រីកងរាជអាវុធហត្ថខេត្តក្រចេះ បានឱ្យដឹងថា  នៅល្ងាចថ្ងៃទី១៤ ខែវិច្ឆកា ឆ្នាំ២០២៣ នេះថា កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៤និង០០នាទី កម្លាំងអាវុធហត្ថបានទទួលបណ្តឹងតាមទូរសព្ទពីជនរងគ្រោះឈ្មោះ ប៉ូច គឹមយូ ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្បាលពោធិ៍ ឃុំសំបូរ ស្រុកទ្រាំង ខេត្តតាកែវ ថា «មានមនុស្សមួយក្រុមបានបង្ខាំងខ្លួនទុក នៅចំណុច ផ្ទះ១កន្លែង ក្នុងភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ»។

សមត្ថកិច្ចបានបន្ថែមទៀតថា ក្រោយពីទទួលបណ្តឹងកម្លាំងអវុធហត្ថ បានចុះទៅចំណុចខាងលើ និងបាននាំជនរងគ្រោះ មកទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីសាកសួរ ហើយសាម៉ីខ្លួន ក៏បានឆ្លើយបំភ្លឺថា «ខ្លួនជាតំណាងក្រុមការងារមកត្រួតពិនិត្យមើលលើវត្ថុសំណរខ្មៅប្រែពណ៌» ដែលគេអះអាងថា មាននៅខេត្តក្រចេះ ហើយខ្លួនបានទាក់ទងជាមួយ ប៉ា កុសល នៅខេត្តក្រចេះ បន្ទាប់មកឈ្មោះ ប៉ា កុសល បានឱ្យខ្លួនបើករថយន្តតាមរថយន្តមួយគ្រឿង ម៉ាក លុចស៊ីស ៤៧០ ពណ៌ខ្មៅ សំដៅទៅភូមិសំបុក ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ជាលំនៅដ្ឋានមួយដែលមិនស្គាល់ ខ្លួនបានទៅត្រួតពិនិត្យលើវត្ថុនោះដោយបានយកក្រចកឆ្កិះលើវត្ថុនោះបណ្តាលឱ្យរបើកខូចខាត ទើបខ្លួនដឹងថា ជាវត្ថុមិនពិតខ្លួនបានប្រកែកមិនព្រមយកទេ ទើបម្ចាស់របស់ទាំងអស់បានគំរាមឱ្យខ្លួនសង និងបានចាក់សោរទ្វារបងដោយមិនឱ្យខ្លួនចេញក្រៅឡើយ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា ក្រោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញាអមអយ្យការសាលាដំបូងខេត្តក្រចេះ កម្លាំងកងរាជអាវុធហត្ថខេត្ត បានធ្វើការឃាត់ខ្លួនជនសង្ស័យជាប់ពាក់ព័ន្ធ ចំនួន ០៤នាក់ រួមមាន៖ ទី១- ឈ្មោះ ស៊ុក សំណាង ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅ ភូមិកំពង់ចុះវា ឃុំវិហ៊ារលួង ស្រុកពោញាឭ ខេត្តកណ្តាល មុខរបរ កសិករ, ទី២- ឈ្មោះ ធុន សីហា ភេទប្រុស ២៨ឆ្នាំ  មានទីលំនៅបច្ចុប្បន្ន ភូមិពង្រ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ  មុខរបរ គ្រូបង្រៀនកូរ៉េតាមអនឡាញ, ទី៣- ឈ្មោះ ឌី លី ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរ ទីលំនៅបច្ចុប្បន្ន ភូមិដំណាក់ធំ៣ សង្កាត់មានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ កសិក និងទី៤- ឈ្មោះ ចៅ ណាក់ ភេទប្រុស អាយុ ៥១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុបន្ន ភូមិសំបុក ឃុំសំបុក ស្រុកចិត្តបុរី ខេត្តក្រចេះ។

ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចដកហូតវត្ថុតាង រួមមាន៖ ទូរសព្ទដៃ ចំនួន ០៦គ្រឿង, នាឡិការដៃ ចំនួន ០១គ្រឿង, តាំប៉ុងផ្តិតម្រាមដៃ ចំនួន០១ និងឯកសារកិច្ចសន្យា ទិញ-លក់ សំណរខ្មៅ ចំនួន ០១ច្បាប់។ លុះរហូតដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣  កម្លាំងអាវុធហត្ថខេត្ត បានសហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍សំបុក តំណាងមេភូមិ ដឹកនាំដោយលោក អង រី ព្រះរាជអាជ្ញារងអមអយ្យការសាលាដំបូងខេត្តក្រចេះ បានបន្តធ្វើការឆែកឆេរលំនៅដ្ឋានរបស់ឈ្មោះ ខ្វៀង ធីបែរ ភេទស្រី បានចាប់យកវត្ថុតាង រួមមាន៖ ទូរដែក ពណ៏មាស ចំនួន ០១គ្រឿង និងបន្តឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ទៀត រួមមាន៖ ទី១- ឈ្មោះ ចៅ ស្រីនាង ភេទស្រី អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ, ទី២- ឈ្មោះ ង្វៀង ដុកធៀក ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិវៀតណាម និងទី៣- ឈ្មោះ ង្វៀង យ៉ាំងថាន់ ភេទប្រុស អាយុ ៥៤ឆ្នាំ ជនជាតិវៀតណាម។

តាមជនរងគ្រោះ បានបញ្ជាក់ថា «សំណរខ្មៅប្រែពណ៌ ប្រសិនជារបស់ពិត គឺខ្មៅសុទ្ធការពារផ្លូវងងឹត មានតម្លៃប្រមាណជាង ១០លានដុល្លាអាមេរិក ក្នុង ០១ដុំ»។
បច្ចុប្បន្នជនសង្ស័យទាំង ០៧នាក់ និងវត្ថុតាង ត្រូវបានអាវុធហត្ថខេត្តក្រចេះ បញ្ចប់នីតិវិធីបញ្ជូនទៅតុលាការបន្តនីតិវិធីតាមផ្លូវច្បាប់៕