2023-11-15 11:11
339

កែប៖ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រុមការងារ MSJ TV ទទួលបានសារពីប្រពលរដ្ឋមកពីខេត្តកែប បានបង្ហាញចំងល់ និងរិះគន់ចំពោះអាជ្ញាធរសង្កាត់ ក្រុង និងមន្ត្រីជំនាញមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកែប បានបណ្តែតបណ្តោយឱ្យជនមានអំណាច មានឥទ្ធិពលបោះបង្គោលរបងថ្មរឹងមាំទាំងយប់ចំពាក់កណ្តាលផ្លូវក្រាលកៅស៊ូមួយកន្លែងយ៉ាងរំភ្លើយដោយគ្មានការរំខានដល់អស់លោកឡើយ។

សេចក្តីរាយការណ៍ របស់ប្រជាពលរដ្ឋ មកកាន់អង្គភាពថា មានករណីបុគ្គលមានអំណាច មានលុយបានបញ្ជាកម្មករប្រើប្រាស់ម៉ាស៊ីនខួងដើម្បីដាំបង្គោលថ្មចំកណ្ដាលទ្រូងផ្លូវ ដោយមិនរំខានដល់អាជ្ញាធរមន្ត្រីជំនាញដែលពាក់ព័ន្ធបន្តិចសោះឡើយ។ ចំពោះទីតាំងផ្លូវដែលត្រូវបានរំលោភដោយបុគ្គលមានអំណាចនោះ ត្រូវបានប្រជាពលរដ្ឋ ប្រាប់ឱ្យដឹងថា ស្ថិតនៅភូមិ-សង្កាត់កែប ក្រុង-ខេត្តកែប។

ប្រជាពលរដ្ឋ បានឱ្យដឹងទៀតថា មិនដឹងជាបុគ្គលនោះមានអំណាច លុយកាក់ បុណ្យស័ក្តិ ខ្នងបង្អែកប៉ុនណានោះ បានជាថ្លើមធំហ៊ានលួចជីកដាំបង្គោលរបងពាក់កណ្តាលទ្រូងផ្លូវទាំងយប់បែបនេះ។ ពួកគាត់បានបន្ថែមទៀតថា ផ្លូវក្រាលកៅស៊ូនេះ ពីដើមឡើយធ្លាយទៅដល់មាត់សមុទ្រ ប៉ុន្តែក្រោយមកគេធ្វើផ្លូវកាត់មួយទៀតតាត់ផ្លូវចាស់នេះ ហើយប្រជាពលរដ្ឋប្រើប្រាស់ចេញ ចូលរាប់សិបឆ្នាំ។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ បានបញ្ជាក់ថា ចំពោះបង្គោលរបងដែលត្រូវបានបុគ្គលមានអំណាចដាំរំលោភយកផ្លូវសាធារណនោះមានប្រមាណ ២០ដើម គឺដាំនៅយប់ថ្ងៃទី១៤ ខែវិច្ឆិកា និងមិនបានរំខានអាជ្ញាធរសង្កាត់ ក្រុង និងមន្ត្រីជំនាញមន្ទីរសាធារណការឡើយ។

ពាក់ព័ន្ធករណីខាងលើ លោក ណុប សំអុល ចៅសង្កាត់កែប បានថ្លែងប្រាប់សារព័ត៌មាន MSJ TV នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា «ចំពោះករណីមានបុគ្កលជាម្ចាស់ដីបានដាំបង្គោលរំលោភលើផ្លូវសាធារណនោះ ខាងអាជ្ញាធរសង្កាត់ និងក្រុងបានចុះទៅទប់ស្កាត់ជាបណ្តោះអាសន្នហើយ ប៉ុន្តែយើងមិនបានជួបក្រុមកម្មករ ឬម្ចាស់ដីនោះទេ»។ លោកចៅសង្កាត់បានបន្ថែមទៀតថា «អត្តសញ្ញាម្ចាស់ដីក៏អាជ្ញាធរមិនទាន់ស្គាល់ដែរ ព្រោះដីក្នុងសង្កាត់កែប ភាគច្រើនអ្នកមកពីឆ្ងាយៗ ហើយសកម្មនោះអាជ្ញាធរសង្កាត់ពិតជាបានមើលឃើញថា បានរំលោភចូលមកលើដីផ្លូវខ្លះពិតប្រាកដមែន»។

លោក ខេង យ័ន អភិបាលក្រុងកែប បានប្រាប់ថា «ករណីដាំបង្គោលរបងលើផ្លូវនោះ អាជ្ញាធរបានទទួលព័ត៌មានរួចហើយ និងបានឱ្យមន្ត្រីជំនាញភូមិបាល សាធាណការ សហការជាមួយសង្កាត់ ចុះពិនិត្យមើលលើបញ្ហនេះ ដើម្បីសិក្សាស្រាវជ្រាវថា ម្ចាស់ទីតាំងដីនោះពិតជារំលោភលើផ្លូវសាធារណ ឬយ៉ាងណាព្រោះយើងមិនទាន់ច្បាស់លាស់ទេ ត្រូវមានការផ្ទៀងផ្ទាត់ប្លង់កម្មសិទ្ធ»។ 

លោកអភិបាលក្រុងបន្ថែមថា «ជាក់ស្តែងយើងមើលទៅឃើញថា រំលោភពាក់កណ្តាលផ្លូវពិតប្រាកដហើយ និងមានសុំច្បាប់អនុញ្ញាំតសាងសង់ពីសំណាក់អាជ្ញាធរសង្កាត់ ក្រុង និងមន្ត្រីជំនាញនោះទេ។ ការដាំបង្គោលរបងនោះក៏មិនមែនជាសំណង់រឹងមាំអ្វីដែរគ្រាន់តែដាំបង្គោលថ្មទេ ប៉ុន្តែយើងបានហាមឃាត់ និងផ្អាកជាបណ្តោះអាសន្នដោយរងចាំការផ្ទៀងផ្ទាត់របស់មន្ត្រីជំនាញ»៕