2023-11-15 04:11
281

ភ្នំពេញ៖     ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវលេខ២៧១ ត្រង់ចំណុចមុខកាកបាទក្រហមកម្ពុជា ស្ថិតក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តហាយឡេនឌ័រ ក្នុងល្បឿនលឿនដូចហោះ ខណៈបើកមកដល់ចំណុចផ្លូវកោងបួងចង្កូតមិនទាន់បានជ្រុលទៅបុករះសំយាបផ្ទះប្រជាពលរដ្ឋនិងបង្គោលភ្លើងថ្មមួយដើមបាក់ជាពីរកំណាត់ ចំណែករថយន្តខ្ទេចមួយកំណាត់មុខកល់ជាប់ទៅមុខលែងរួច តែសំណាងល្អអ្នកបើកបររងរបួសស្រាល។

   តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា  មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តហាយឡេនឌ័រមួយគ្រឿងពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2T-6544ធ្វើដំណើរពីជើងទៅត្បូងក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុខាងលើជាផ្លូវកោងបួងចង្កូតមិនទាន់ក៏ជ្រុលទៅបុករះសំយាបផ្ទះប្រជាពលរដ្ឋរងការខូចខាតនិងបុកបង្គោលភ្លើងថ្មមួយដើមបាក់ជាពីរកំណាត់ ចំណែករថយន្តខ្ទេចមួយកំណាត់មុខកល់ជាប់ទៅមុខលែងរួច។

   ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ហើយបានឃាត់ខ្លួនតៃកុងរថយន្តបណ្ដោះអាសន្ន រួចទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តនិងអ្នកបើកបរទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់៕