2023-11-15 04:11
273

(កំពត) ៖    នាថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានប្រាប់ឱ្យដឹងថា ក្នុងមួយរយៈពេលចុងក្រោយនេះមន្ត្រីជំនាញបានបញ្ជាក់ថា ទោះបីស្ថិតនៅក្នុងវិបត្តិសកលយ៉ាងណាក៏ដោយ  ប៉ុន្តែផលិតផលទេសចរណ៍ក្នុងខេត្តកំពតមានសន្ទុះកើនឡើងយ៉ាងខ្លាំង  នាបច្ចុប្បន្នតំបន់នេះមានភ្ញៀវទេសចរណ៍ជាតិ និង ភ្ញៀវទេសចរណ៍អន្តរជាតិបានមកដើរលេងលម្ហែកម្សាន្តក្នុងខេត្តកំពត បានកើនឡើងទៅដល់៣៦កន្លែង ធ្វើឱ្យភ្ញៀវទេសចរមកពីចម្ងាយ ប្លែកអារម្មណ៍ មកហើយចង់មកលេងលម្ហែម្ដងទៀត។

លោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ឲ្យដឹងថា បើទោះជារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ពិភពលោកជួបនូវក្នុងវិបត្តិសកល (ជំងឺកូវីដ១៩) ឬឥទ្ធពលសង្គ្រាមរូស្ស៊ី ជាមួយនិង អ៊ុយគ្រែនក៏ពិតមែន ប៉ុន្តែសម្រាប់កម្ពុជា ក្រោមការដឹកនាំរបស់តម្តេចតេជោ ហ៊ុន សែន បានបន្តមកដល់សម្តេចធិបតី ហ៊ុន ម៉ាណែត   នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា  នៅតែអាចធ្វើឲ្យផលិតផលទេសចរណ៍បន្តការអភិវឌ្ឍន៍ជាលំដាប់ទៅថ្ងៃមុខបានបន្ថែមទៀត។

ជាក់ស្តែងផ្ទះសំណាក់និងសណ្ឋាគារ រីស៊តនិងបឹងហ្គាឡូនៅក្នុងខេត្តកំពត ហើយនាបច្ចុប្បន្នមានតំបន់ដើលេងលម្ហែកម្សាន្តបានលេចចេញរូបរាងស្ទើរគ្រប់ ក្រុងស្រុក ដែលសរុបទូទាំងខេត្តតំបន់ទេសចរណ៍បានកើនឡើងទៅដល់៣៦កន្លែង។

ក្នុងនោះ រួមមាន រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ រមណីយដ្ឋានធម្មជាតិ រមណីយដ្ឋានកែច្នៃ សហគមន៍ទេសចរណ៍ ព្រមទាំងគោលដៅទេសចរណ៍ដ៏ទាក់ទាញ ក៏ដូចជាទីតាំងបោះតង់សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិជាដើម។

លោក សយ សុីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបន្តឱ្យដឹងថាខេត្តំពតមានកន្លែងផ្ដាល់សេវាស្នាក់នៅ មានផ្ទះសំណាក់សណ្ឋាគារ និងមានសន្ទុះខ្លាំងក្លាដូចគ្នាដែរ  ចំនួនបន្ទប់ស្នាក់នៅបានកើនឡើងទៅដល់ជាង៥.០០០បន្ទប់ ជាពិសេសប្រភេទបឹងហ្កាឡូ និងរីស៊តបានកើនឡើងជាង១.០០០បន្ទប់ ដែលអាចនិយាយបានថា ខេត្តកំពតជាគោលដៅសក្ក្រានុពលទេសចរណ៍ឋានសួគ៌នៃរមណីយដ្ឋានបែបបឹងហ្កាឡូ រីស៊ត។

ហើយកន្លែងស្នាក់នៅជាច្រើន បាននិងកំពុងដំណើរការសាងសង់ជាបន្តបន្ទាប់បន្ថែមទៀតនោះភ្ញៀវទេសចរណ៍ដែលមកពីខេត្តតាកែវ  ឈ្មោះ កញ្ញា ស្រី ពេជ្រ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា គាត់មកដើលេងលម្ហែកម្សាន្តក្នុងខេត្តកំពតជាញឹកញាប់ ពិព្រោះខេត្តកំពតមានកន្លែងដើរលេងកម្សាន្តច្រើន ហើយម្យ៉ាងខេត្តកំពតមានការអភិវឌ្ឍន៍លើកគ្រប់វិស័យ មកម្តងបានធ្វើឱ្យប្លែកអារម្មណ៍ម្តង ធ្វើឲ្យមកលេងមិនចេះជិនណាយ  ហើយផ្លូវធ្វើដំណើរមកងាយស្រួលផងដែរ។

ខេត្តកំពតជាកន្លែងវិស័យទេសចរណ៍ ចែកចេញជាបួនតំបន់សំខាន់ៗ(ប៉ូទេសចរណ៍) ទី១ឧទ្យានជាតិព្រះមុនីវង្សបូកគោ ទី២. តំបន់ទឹកឈូ  ទី៣តំបន់ខាងកើតក្រុង( ទំបន់ប្រទាក់ក្រឡា និងតំបន់ភ្នំកូនសត្វ )ដែលសំបូរកសិ-ទេចរណ៍ដ៏ទាក់ទាញ  និងទី៤ នៅតំបន់ទំនប់ម្លេច។ តំបន់ទាំងបួននៅខេត្តកំពតកំពុងទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិមកលេងកំម្សាន្តកាន់តែកើនឡើង។(សឹង រ៉ាត់)