2023-11-15 04:11
312

ខេត្តក្រចេះ៖    ក្រុមប្រឹក្សាខេត្តក្រចេះ ដឹកនាំដោយឯកឧត្តម ហឿ ស៊ីយ៉ែម ជាប្រធាន និងលោក ភឹម ភីរ៉ា អភិបាលរងខេត្ត រួមនិងសមាជិកសមាជិកា មន្រ្តីរាជការនៃមន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធ បើកវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់ ជាមួយប្រជាពលរដ្ឋនៅស្រុកឆ្លូង នាថ្ងៃទី ១៣ វិច្ឆិកា ២០២៣ ។

មានប្រសាន៍ក្នុងអង្គវេទិការ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមបក្រឹក្សាខេត្ត បានគូសបញ្ជាក់ថា ៖  តួនាទី ភារកិច្ច សិទ្ធិអំណាច សមិទ្ធផល និងបញ្ហាប្រឈមនានារបស់ក្រុមប្រឹក្សាខេត្ត ដើម្បីបង្ខិតសេវាសាធារណៈឱ្យកាន់តែជិតប្រជាពលរដ្ឋ និងដើម្បីធានាដល់កិច្ចដំណើរការការងាររបស់រដ្ឋបាលខេត្ត-ក្រុង ស្រុក-ខណ្ឌ ប្រកបដោយតម្លាភាព និងគណនេយ្យភាព រាជរដ្ឋាភិបាលបានរៀបចំអោយមានក្រុមប្រឹក្សា រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ ដែលជាតំណាងសាធារណៈជន ជាអ្នកការពារ និងបម្រើឱ្យផលប្រយោជន៍ប្រជាពលរដ្ឋទាំងអស់នៅក្នុងដែនដីរបស់ខ្លួន ។

អង្គវេទិការបានទទួលបានការសំណូមពរ និងបញ្ហាប្រឈមចំនួន ១៧ ដែលបងប្អូនប្រជាពលរដ្ឋបានលើកនិងស្នើសុំ ក្នុងនោះរួមមាន ៖ ខ្វះអណ្តូងទឹក -ខ្វះគ្រូបង្រៀន-ខ្វះសាលារៀន-សុំជួសជុលផ្លូវ- បញ្ហារថយន្តធុនធំខុសបច្ចេកទេសដឹកលើសទំងន់ ធ្វើឲ្យខូចផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធនានា-ស្នើសុំតបណ្តាញអគ្គីសនីចូលភូមិ-ការចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធ-រួមនិងការស្នើសុំប័ណ្ណក្រីក្រជាដើម ។
ពាក់ព័ន្ធទៅនឹងសំណើរសំណូមពរខាងលើ ឯកឧត្តមប្រធាននិងជំនាញ បានដោះស្រាយនឹងកន្លែងបានចំនួន ១៦ នៅសល់១សំណូមពរ ទុកឲ្យរដ្ឋបាលស្រុកជាអ្នកដោះស្រាយ ដោយក្នុងនោះ    ឯកឧត្តម ហឿ ស៊ីយ៉ែម បានជម្រុញបន្ថែមឲ្យអាជ្ញាធរពាក់ព័ន្ធត្រូវចុះណិនិត្យពិភាក្សា និងពន្លឿនដោះស្រាយនូវបញ្ហា និងសំណូមពរជូនប្រជាពលរដ្ឋ ហើយសហគមន៍ក៏ត្រូវចូលរួមតាមដាន និងគោរពអនុវត្តន៍ផងដែរ ។

ឯកឧត្តមប្រធានអង្គវេទិការ ក៏បានជម្រុញស្នើសុំឲ្យអាណាព្យាបាល និងសហគមន៍ សូមជួយសហការ និងរាយការណ៍ដល់សមត្ថកិច្ចអំពីទីតាំងប្រើប្រាស់ និងចរាចរណ៍លក់ដូរចែកចាយគ្រឿងញៀន ដើម្បីចាត់វិធានការចាប់បង្រ្កាប និងទប់ស្កាត់ នូវជាបញ្ហាសកលនេះ ដែលរាជរដ្ឋាភិបាលកំពុងតែខិតខំធ្វើ ហើយក៏តម្រូវឲ្យយើងទាំងអស់គ្នាចូលរួមឲ្យសកម្មផុលផុសផងដែរ ។

មានប្រសាសន៍បន្ថែមក្នុងឱកាសនោះ លោក ភឺម ភីរ៉ា អភិបាលរងខេត្ត ក៏បានជម្រុញលើកទឹកចិត្ត និងផ្សព្វផ្សាយនូវផែនការរបស់រាជរដ្ឋាភិបាលអាណតិ្តទី ៧ នៃរដ្ឋសភា ដែលមានសម្តេចបវរមហា   ធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនៃកម្ពុជា បានដាក់ចេញនូវផែនការអភិវឌ្ឍន៍ផ្នែកសមត្ថភាព        បណ្តុះបណ្តាលវិជ្ជាជីវៈដល់ប្រជាពលរដ្ឋចំនួន ១លាន៥សែននាក់ ឲ្យមានការងារធ្វើ មានមុខរបរចំណូល ដើម្បីលើកកម្ពស់ជីវភាពប្រចាំថ្ងៃ កាត់បន្ថយភាពអត់ការងារធ្វើ កាត់បន្ថយការចំណាកស្រុក និងលើកកម្ពស់ការងារក្នុងស្រុក ដោយការចូលសិក្សានូវជំនាញទាំងអស់នេះ នៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនឥសាន្ត ដែលមានទីតាំងនៅទីរួមខេត្តក្រចេះ ៕  ណូរិទ្ធ (ក្រចេះ)