2023-11-16 01:11
254

ភ្នំពេញ៖ ក្រោយណីផ្ទុះរឿងរ៉ាវពាក់ព័ន្ធចោទប្រកាន់មានអ្នកសារព័ត៌មាន ប្រមាណ ៧០០ទៅ៧០០ អង្គភាព ចូលទៅសុំលុយ និងដាក់ខែពីក្រុមហ៊ុនកាស៊ីណូ «TOP DIAMOND CASINO» ក្នុងស្រុកគិរីវង់ ខេត្តតាកែវ នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះថា «ប្រសិនមានការបំពានច្បាប់ស្តីពី របបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ក្រសួងព័ត៌មាននឹងចាត់វិធានការតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ»។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី «វិធានការចំពោះបុគ្គលដែលពាក់ព័ន្ធនឹងករណីក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន (TOP DIAMOND CASINO) នៅខេត្តតាកែវ» របស់ក្រសួងព័ត៌មាន
បានថា៖ កន្លងមកក្រសួងព័ត៌មានបានចេញលិខិតលេខ ៥៨ សជណ.ព. ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ តម្រូវឱ្យក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន (TOP DIAMOND CASINO) នៅខេត្តតាកែវ សហការផ្តល់នូវរបាយការណ៍ពាក់ព័ន្ធករណីក្រុមហ៊ុននេះ បានផ្ដល់លុយកាក់ និងជួយឧបត្ថម្ភដល់អ្នកសារព័ត៌មាន និងបានតម្រូវឱ្យបុគ្គលដែលជាប់ពាក់ព័ន្ធក្នុងករណីនេះ រាយការណ៍មកក្រសួងព័ត៌មាន។

ក្នុងនោះក្រសួងព័ត៌មាន បានទទួលលិខិតឆ្លើយបំភ្លឺ និងសុំអភ័យទោសពីក្រុមហ៊ុនកាស៊ីណូ «ថបដាយអឺម៉ិន» លើករណីដែលក្រុមហ៊ុននេះ បានចេញលិខិតធ្វើឱ្យប៉ះពាល់ និងជះឥទ្ធិពលមិនល្អដល់វិជ្ជាជីវៈសារព័ត៌មាន។ 

តាមរយៈលិខិតឆ្លើយបំភ្លឺ និងសុំអភ័យទោសនេះ ក្រុមហ៊ុនបានសន្យាបន្តសហការជាមួយក្រសួងព័ត៌មាន ដើម្បីដោះស្រាយបញ្ហាដែលបានកើតឡើងកន្លងមក ព្រមទាំងគាំទ្រចំពោះចំណាត់ការរបស់ក្រសួងព័ត៌មាន លើអ្នកសារព័ត៌មាន ដែលបំពានក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីពង្រឹងគុណភាពព័ត៌មាន និងសណ្ដាប់ធ្នាប់ស្ថាប័នព័ត៌មាន នៅព្រះរាជាណាចក្រកម្ពុជា។

ជាមួយនឹងការឆ្លើយបំភ្លឺ និងសុំអភ័យទោស ក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន បានផ្តល់បញ្ជីឈ្មោះបុគ្គល ចំនួន ៨២៨រូប ដែលក្រុមហ៊ុនកាស៊ីណូ ថបដាយអឺម៉ិន បានបញ្ជាក់ថា «ជាអ្នកសារព័ត៌មាន» ដែលបានមកសុំលុយកាក់ពីក្រុមហ៊ុនជូនក្រសួងព័ត៌មាន។ ចំនួននេះ ប្រហាក់ប្រហែលទៅនឹងចំនួនអ្នកសារព័ត៌មាន ដែលក្រុមហ៊ុនកាស៊ីណូ ថបដាយអឹម៉ិន ចេញផ្សាយជាសាធារណៈ កាលពីថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣ ថា «មានអ្នកសារព័ត៌មានមកពីអង្គភាពប្រមាណ៧០០ ទៅ៩០០អង្គភាព មានការពាក់ព័ន្ធទៅនឹងការសុំលុយកាក់ និងបានទទួលការឧបត្ថម្ភជាហូរហែ»។

ក្រសួងព័ត៌មានសូមបញ្ជាក់ជូនសាធារណជនថា « ចំនួនតួលេខដែលក្រុមហ៊ុន កាស៊ីណូ ថបដាយអឹម៉ិន បានចុះផ្សាយនេះ មិនមែនជាចំនួនអង្គភាពសារព័ត៌មានទេ តែជាចំនួនបុគ្គលដែលបានអះអាងខ្លួនថាជាអ្នកសារព័ត៌មាន»។ បច្ចុប្បន្ន បញ្ជីឈ្មោះបុគ្គលទាំង ៨២៨ រូបនេះ បានតម្កល់ទុកនៅក្រសួងព័ត៌មានហើយអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ កំពុងធ្វើការពិនិត្យផ្ទៀងផ្ទាត់ ដើម្បីកំណត់អត្តសញ្ញាណពិតប្រាកដ អំពីចំនួនអង្គភាពសារព័ត៌មានដែលបានចុះបញ្ជី និងមិនចុះបញ្ជីនៅក្រសួងព័ត៌មាន ដើម្បីមានវិធានការបន្ត តាមផ្លូវច្បាប់។

ក្រសួងព័ត៌មាន បានបញ្ជាក់ថា ក្នុងករណីការចេញផ្សាយ និងការផ្តល់បញ្ជីឈ្មោះអ្នកសារព័ត៌មានរបស់ ក្រុមហ៊ុនកាស៊ីណូ ថបដាយអឺម៉ិន ក្រសួងព័ត៌មាន បានពិនិត្យជាក់ស្ដែងឃើញថា «ពិតជាមានអ្នកសារព័ត៌មានចូលទៅសុំលុយក្រុមហ៊ុននេះ ប្រាកដមែន»។

ក្រោយការចេញលិខិតលេខ ៥៨ សជណ.ព.ម ចុះថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៣ មានអ្នកសារព័ត៌មាន  ចំនួន ៤៣រូប មកពីស្ថាប័នសារព័ត៌មាន ចំនួន ៣៤អង្គភាព បានចូលខ្លួនមកបំភ្លឺ នៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ថា «ខ្លួនពិតជាបានទៅសុំលុយពីក្រុមហ៊ុនកាស៊ីណូ ថបដាយអឺម៉ិន ប្រាកដមែន។ ចំណែក អង្គភាពសារព័ត៌មានផ្សេងទៀត ក៏បានបញ្ជាក់ជូនក្រសួងព័ត៌មាន អំពីការមិនពាក់ព័ន្ធនឹងករណីនេះផងដែរ»។

ដើម្បីបន្តវិធានការចំពោះបុគ្គលដែលធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ស្ថាប័នព័ត៌មាន និងដើម្បីការពារ ភាពស្អាតស្អំ ចំពោះអ្នកសារព័ត៌មាន ក្រសួងព័ត៌មាន តម្រូវឱ្យអ្នកសារព័ត៌មាន និងបុគ្គលដែលជាប់ពាក់ព័ន្ធករណីសុំលុយពីកាស៊ីណូ ថបដាយអឺម៉ិន ត្រូវមកធ្វើការផ្ទៀងផ្ទាត់ឈ្មោះ និងឆ្លើយបំភ្លឺនៅអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មានរៀងរាល់ថ្ងៃធ្វើការ គិតចាប់ពីថ្ងៃចេញសេចក្តីប្រកាសព័ត៌មាន រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ជាកំហិត។

ក្រសួងព័ត៌មាន សូមក្រើនរំលឹកជាចុងក្រោយដល់អ្នកសារព័ត៌មានទាំងអស់ ដែលកំពុងបំពេញភារកិច្ច ជាអ្នកសារព័ត៌មានត្រូវលើកកម្ពស់ការអនុវត្តច្បាប់ស្តីពីរបបសារព័ត៌មាន និងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន ជៀសវាងការគិតពីប្រយោជន៍ផ្ទាល់ខ្លួន ប្រព្រឹត្តិកំហុសឆ្គង បំពានក្រមសីលធម៌វិជ្ជាជីវៈ ធ្វើឱ្យអាប់ឱនដល់ កិត្តិយស សេចក្ដីថ្លៃថ្នូរ និងកិត្យានុភាពរបស់ស្ថាប័នព័ត៌មាន និងធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់ស្ថាប័នព័ត៌មាន៕