2023-11-16 04:11
380

ខេត្តបាត់ដំបង ​៖ កាលពី​វេលា​ម៉ោង​ជិត​១​រសៀល​ថ្ងៃ​ទី ១៥ វិច្ឆិកា នៅ​ចំណុច​ភូមិ​កកោះ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល តែ​ជន​ដៃដល់​ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាម​ៗ​ដែរ​កូនប្រុស​អកត្តញូ​ម្នាក់ គ្រាន់តែ​ម្ដាយ​ធ្វើ​ឱ្យ​បាត់​ក្រវិល​មួយគូខឹង​រហូត​តាម​រករឿង​វាយដំ​ម្ដាយបង្កើត តែ​នៅ​ពេល​បងប្រុស​ព្យាយាម​ចូល​ជួយ​ម្ដាយ ក៏​ត្រូវ​ជន​នេះ​វាយ​ក្បាល​បងប្រុស​មួយ​ញ​ញូ​រ​ពេញទំហឹង​បណ្ដាល​ឲ្យ​បែក​ឈាម​ដួល​សន្លប់​ស្ដូក ។

​ តាម​រយៈ​របាយ​ការ​ណ៍​អធិការ​ស្រុក​ថ្មគោល លោក សេង លុ​ច បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ឈ្មោះផុ​ន សុ​ភ័​ណ អាយុ​៣១​ឆ្នាំ រស់នៅ​ចំណុច​កើតហេតុ​ ។ រីឯ​ជន​រង​គ្រោះ​ឈ្មោះ ផុ​ន ឆែម អាយុ​៤៥​ឆ្នាំ (​បងប្រុស​ជន​ដៃដល់​)​ ។ លោក សេង លុ​ច បាន​ប្រាប់​ថា ជន​ដៃដល់​រូប​នេះ​បាន​ប្រើប្រាស់ញ​ញួរ​វាយ​ទៅ​លើ​ក្បាល​បងប្រុស​ខ្លួន បណ្ដាល​ឲ្យ​បែក​ឈាម​របួស​យ៉ាងធ្ងន់ធ្ងរ នៅ​ពេល​ជន​រង​គ្រោះ​ចូល​រារាំង​មិន​ឲ្យ​ប្អូនប្រុស​រូប​នេះ​តាម​រករឿង​ម្ដាយ ដែល​ធ្វើ​បាត់​ក្រវិល​ខ្លួន (​ជន​ដៃដល់​) មួយគូ​។

 បើ​តាម​ប្រភព​ព័​ត៌​មានបាន​ឲ្យ​ដឹង​ថា ដំបូង​ជនសង្ស័យ​ឈ្មោះ ផុ​ន សុ​ភ័​ណ បាន​ព្យាយាម​រករឿង​ម្ដាយបង្កើត​យ៉ាង​កំរោល រហូត​ចង់​វាយដំ​ម្ដាយ​ទៀត​ផង​។ មូលហេតុ ដែល​ជន​នេះ​តាម​រករឿង​ម្ដាយ ដោយសារ​ជន​នេះ​ចោទ​ម្ដាយ​ថា បាន​ធ្វើ​បាត់​ក្រវិល​របស់​ខ្លួន​។ ប្រភព​បាន​បន្ត​ថា ពេល​ឃើញ​សកម្មភាព​ប្អូនប្រុស​បង្កជម្លោះ​ជាមួយ​ម្ដាយ​ដូច​មនុស្ស​បែក​ថ្នាំ​បែប​នេះ ឈ្មោះ ផុ​ន ឆែម ដែល​ជា​បង​របស់​ជន​ដៃដល់ ក៏​បាន​ស្ទុះ​ទៅ​រារាំង​ជួយ​ឃាត់ រហូត​មានការ​ប៉ះទង្គិច​សំដី​គ្នា​មួយ​ប្រាវ តែ​មិន​ត្រូវ​បាន​ប្អូនប្រុស​តិរច្ឆាន​នេះ​យក​ត្រចៀក​ស្ដាប់​ទេ​។

 ផ្ទុយ​ទៅ​វិញ រឹតតែ​ធ្វើ​ឲ្យ​ជន​ដៃដល់​រូប​នេះ​ខឹង​ខ្លាំង​រហូត​ទាញ​ញួរ​វាយ​ក្បាល​បងប្រុស​មួយ​ញ​ញួរ​ពេញទំហឹង​បណ្ដាល​ឲ្យ​បែក​ឈាម​របួស​សន្លប់​ស្ដូក ហើយ​ក៏​ត្រូវ​សមត្ថកិច្ច​ក្រ​បួ​ច​ជន​នេះ​ភ្លាម​ៗ​ដែរ​។ លោក សេង លុ​ច បាន​បញ្ជាក់​ថា បើ​តាម​ប្រវត្តិ​ដែល​មន្ត្រី​ជំនាញ បាន​ស្រាវជ្រាវ​ជនសង្ស័យ​ម្នាក់​នេះ​ធ្លាប់​ប្រើប្រាស់​ថ្នាំ​ញៀន តែ​ពេល​ត្រូវ​ឃាត់ខ្លួន មន្ត្រី​ជំនាញ​ធ្វើតេស្ដ​ទឹកនោម គេ​រក​មិន​ឃើញ​មាន​សារធាតុ​ញៀន​ទេ​។

 ប៉ុន្តែ​យ៉ាងណា ពេល​នេះ​មន្ត្រី​ជំនាញ​របស់​លោក​កំពុង​សួរនាំ​ជនសង្ស័យ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​កាន់​ស្នងការ​ខេត្ត ចាត់ការ​តាម​នីតិវិធី​ហើយ​៕