2023-11-16 05:11
379

ពោធិ៍សាត់៖ ឯកឧត្តម ខូយ រីដា  អភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា រដ្ឋបាលខេត្ត នឹងចាប់ផ្ដើមកែលម្អរពីចំណុចស្ពានអាកាសផ្លូវវាងក្រុង រហូតដល់ចំណុចក្បាលហុងត្រើយខាងលិច និងត្រើយខាងកើតប្របមាត់ស្ទឹងពោធិ៍សាត់ ឲ្យមានភាពស្រស់ស្អាត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ 

ការថ្លែងបែបនេះ គឺស្របពេលដែលលោកអភិបាលខេត្តជួបសំណេះណាលជាមួយមន្រ្តីរាជការសាលាក្រុងពោធិ៍សាត់ នៃសមាជិកក្រុមព្រឹក្សាឃុំសង្កាត់ទាំង០៧ នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលាក្រុងពោធិ៍សាត់។

អភិបាលខេត្តបានថ្លែងថា លោកមេភូមិ ចៅសង្កាត់និងសាមាជិកក្រុមប្រឹក្សាទាំងអស់ គឺ ជាម៉ែឪផ្ទាល់របស់ប្រជាពលរដ្ឋ សុខទុក្ខរបស់ពួកគាត់គែអស់លោកជាអជ្ញាធរមូលដ្ឋានទទួលបានមុនគេ។ ដូចនេះយើងត្រូវរួមគ្នាធ្វើ រួមគ្នាគិត ដើម្បីដោះស្រាយឆ្លើយតបអោយបានទាន់ពេលវេលាចំពោះកាលំបាកក៍ដូចជាកាសំណូមពរណា ដែលចាំបាច់ជាក់ស្ដែងរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងការខិតខំសម្របសម្រួលព្យាយាមដោះស្រាយ រឿងវិវាទផ្សេងៗក្នុងសង្គមគ្រួសារ ក្រៅប្រព័ន្ធតុលាការជូនដលពួកគាត់ផងដែរ។ 

លោកអភិបាលបញ្ជាក់ថា សូមឲ្យ លោក លោកស្រី ក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាសង្កាត់ គប្បីខិតខំបញ្ចេញនូវសកម្មភាព នៅក្នុងមូលដ្ឋានប្រកបដោយភាពជឿជាក់ របស់ប្រជាពលរដ្ឋ គឺ មិនត្រូវប្រកាន់អំពីនិន្នាការនយោបាយ មិនបង្កបញ្ហាស្មុកស្មាញ ត្រូវរួមគ្នាធ្វើ រួមគ្នាដោះស្រាយ នូវករណីប្រឈមនានាឲ្យបានទាន់ពេលវេលាទាំងការផ្តល់សេវាសាធារណៈ ការចូលរួមរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងមានទំនូលខុសត្រូវ ចេះសម្របសម្រួលដោះស្រាយក្រៅប្រព័ន្ធតុលាការឲ្យមានប្រសិទ្ធិភាពតម្លាភាព មិនត្រូវលម្អៀងខាងភាគីណាមួយនោះទេ គឺឈរនៅកណ្តាល ដើម្បីទទួលបាន «ឈ្នះ-ឈ្នះ» ទាំងអស់គ្នា បើមិនដូចនោះទេរឿងតូចក្លាយទៅជារឿងធំជាក់ជាមិនខានឡើយ ៕