2023-11-17 12:11
319

ភ្នំពេញ៖ដោយបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៤និង៤០នាទីទៀបភ្លឺ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចទល់មុខផ្សារឯករាជ្យ១ តាមមហាវិថីចោមចៅ ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ បុរសម្នាក់បានបើករថយន្តកាមរីហាយប្រ៊ីដមួយគ្រឿងយ៉ាងលឿន រួចជ្រុលទៅបុកពីក្រោយរថយន្តកូរ៉េដឹកទឹកកកប៉ើងក្រឡាប់ផ្ងារជើង និងគាបជាប់ក្នុងកាប៊ីនរថយន្តស្លាប់យ៉ាងរន្ធត់ ។

ជនរងគ្រោះមានឈ្មោះ ជាង សក្កណា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិ១០ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ (បានស្លាប់ក្នុងរថយន្ត) ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្តកូរ៉េដឹកទឹកកក ពណ៌សមួយគ្រឿង ពាក់ផ្លាកលេខភ្នំពេញ 2N-8221 ធ្វេីដំណេីរតាមបណ្ដោយផ្លូវចោមចៅ ទិសដៅពីកើតមកលិចក្នុងល្បឿនលឿនមធ្យម ខណៈពេលបើកមកដល់ចំណុចកើតហេតុបានបង្អង់ល្បឿនបត់ឆ្វេង ស្របពេលនោះក៏មានបុរសម្នាក់បានបើករថយន្តម៉ាកកាមរីហាយប្រ៊ីដ ពណ៌ស មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2R-8861 ធ្វេីដំណេីរតាមបណ្តោយផ្លូវចោមចៅ ទិសដៅស្របគ្នាពីកើតមកលិចក្នុងល្បឿនយ៉ាងលឿន រួចទៅបុករថយន្តកូរ៉េដឹកទឹកកកចំពីក្រោយពេញទំហឹង បណ្ដាលឱ្យរថយន្តដឹកទឹកកកខ្ទាតក្រឡាប់ផ្ងារជើងឡើងលើរងការខូចខាតយ៉ាងដំណំនិងចាក់ទឹកកកពេញផ្លូវ ។ ចំណែករថយន្តកាមរីហាយប្រ៊ីដ ក៏រងការខូចខាតព្រមទាំងគាបជាប់តៃកុងក្នុងកាប៊ីនរថយន្ត និងត្រូវបានកម្លាំងជំនាញសង្រ្គោះ ៧១១មកជួយគាស់យកចេញមកក្រៅដែរ ក៏ប៉ុន្តែអកុសល ដោយស្ថានភាពធ្ងន់ធ្ងរពេកក៏បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងតែម្ដង ។ 

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងមន្ត្រីជំនាញបានចុះមកពិនិត្យជុំវិញទីតាំងកើតហេតុ និងធ្វេីការវាស់វែងស្ទូចយករថយន្តទាំងពីរគ្រឿងទៅរក្សារទុកនៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ។ ដោយឡែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕