2023-11-17 03:11
294

(កែប)  ៖    នារសៀលថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ទេសភាពកន្លែងខ្សែរ៉កកាហ្វេជាទីពេញនិយម ជាផលិតផលទេសចរណ៍ថ្មីមួយរបស់ខេត្តកែបកំពង់ទាកទាញភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិបានចូលចិត្តទស្សនាកម្សាន្ត ដោយសារកន្លែងនេះមានទីតាំងនៅលើភ្នំទល់មុខឆ្នេរខ្សាច់កម្សាន្ត មើលឃើញសមុទ្រ ខ្យល់អាកាសបរិសុទ្ធ ត្រជាក់ស្រួល មានដើមឈើធំៗរំលេចដោយទេសភាពបៃតង  ការរៀបចំកន្លែងបានស្អាត មានអនាម័យ និងសេវាកម្មល្អ ពិសេសអាចជិះខ្សែរ៉កលេងលម្ហែកម្សាន្តមើលទេសភាពថែមទៀតផង  ក្រោយពេលបើកដំណើរការជាងមួយខែនេះ ភ្ញៀវទេសចរណ៍ជាតិនិងភ្ញៀវទេសចរណ៍អន្តរជាតិមកឡើងលេងកម្សាន្តលម្ហែកាន់តែច្រើននៅខេត្តកែប។

ឈ្មោះ កញ្ញាស្រី គា អ្នកទេសចរមកពីខេត្តតាកែវ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនចំពោះ ខ្សែរ៉កកាហ្វេ ក៏ដូចជាខេត្តកែបថា កញ្ញាបានមកលេងជាញឹកញាប់ ប៉ុន្តែមិនមានការជិនណាយទេ ដោយសារខេត្តកែបមានការអភិវឌ្ឍន៍ថ្មីៗជានិច្ច សំបូរកន្លែងទេសចរណ៍ប្លែកៗ  ជាក់ស្តែងដូចជា ខ្សែរ៉ក កាហ្វេនេះ  ពិតជាទាកទាញខ្លាំងណាស់ ពិសេសសម្រាប់អ្នកចូលចិត្តថតរូបអនុស្សាវរីយ៍។
ចំណែក លោក វាសនា ទេសចរមកពីខេត្តសៀមរាប បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនក្រោយពេលបានជិះខ្សែរ៉កថា នេះជាលើកដំបូងក្នុងឆាកជីវិត ដែលបានជិះខ្សែរ៉ក  វាពិតជាសប្បាយរីករាយ និងមានអាម្មណ៍ប្លែក  រំភើបខុសពីការដើរកម្សាន្តនៅតំបន់ផ្សេងៗ។

ចំណែក លោក បុត្រ ជាអ្នកនាំភ្ញៀវជិះខ្សែរ៉ក បានប្រាប់ឲ្យដឹងថា  សេវាកម្មជិះខ្សែរ៉ក ជាផ្នែកមួយសំខាន់ សម្រាប់ទាកទាញទេសចរឲ្យមកកម្សាន្តខេត្តកែប។
ក្រោយពេលបើកបានជាង១ខែនេះ  ខ្សែរ៉កកាហ្វេមានពលរដ្ឋ និងភ្ញៀវទេសចរមកកម្សាន្តកាន់តែច្រើន ពិសេសសម្រាប់ថ្ងៃចុងសប្តាហ៍។

ខេត្តកែបនឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ ពិធីបុណ្យសមុទ្រលើកទី១០ ជុំទី៣ ឆ្នាំ២០២៣ នៅថ្ងៃទី១ធ្នូរដល់ថ្ងៃទី ៣ ខែធ្នូឆ្នាំ២០២៣ខាងមុខនេះ ក្រោមប្រធានបទ ទាំងអស់គ្នាដើម្បីទេសចរណ៍   បែងចែកជា៣តំបន់មាន តំបន់A (ទីតាំងប្រារពពិធីនៅឆ្នេរ២៧០០ម៉ែត្រក្បែរផ្សារក្តាម) តំបន់B (ឆ្នេរលេងទឹកស្រី ស ) និងតំបន់C (បរិវេណនៅខាងមុខសាលាខេត្តកែប) ចំពោះសកម្មភាពរៀបចំសំខាន់ៗមានដាក់តាំងស្តងពិព័រណ៍ទំនិញ និងមានការដាំដើមឈើនៅតាមឆ្នេរ  សកម្មភាពកីឡា និងមានការសម្តែងលីល្បះ ហើយនិងមានការប្រកុំដន្ត្រី ការដុតកាំជ្រូច បង្ហោះគោមដើម្បីអបអរសាទរនៅក្នុងព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី ១០ ជុំទី ៣  ឆ្នាំ២០២៣នាពេលខាងមុខនៅក្បែរផ្សារក្តាមនៃខេត្តកែប។(សឹង រ៉ាត់)