2023-11-17 04:11
299

កំពង់ឆ្នាំង៖ ក្រុមក្មេងទំនើង ចំនួន ១០នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បង្ហាញមុខនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាបីបង្ក្រាប និងចាប់ខ្លួនពាក់ព័ន្ធក្នុងករណីជិះម៉ូតូធ្វើសកម្មភាពដេញកាប់ប្រជាពលរដ្ឋ នៅតាមដងផ្លូវ និងកន្លែងសួនច្បារសាធារណៈផ្អើលក្រុងកំពង់ឆ្នាំង។

លោកវវសេនីយ៍ឯក ពេជ្រ សុឃឿ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ក្រុមក្មេងទនើងទាំងនេះ បានធ្វើសកម្មភាព កាលពីយប់ថ្ងៃទី១១ ខែវិច្ឆិការ ឆ្នាំ២០២៣ កន្លងទៅ ដោយពួកវាធ្វើការណាត់ជួបគ្នា និងបានរៀបចំធ្វើសកម្មភាពជិះម៉ូតូពីក្រុងកំពង់ឆ្នាំង ជិះតាមផ្លូវជាតិលេខ៥ ឆ្ពោះទៅរង្វង់មូលស្រ្តីស្មូនឆ្នាំង ស្ថិតនៅក្នុងឃុំពង្រ ស្រុករលាប្អៀរ ខណៈឃើញជនរងគ្រោះ ចំនួន ០២នាក់ ក៏បានជិះម៉ូតូទាញដាវកាប់ទៅលើជនរងគ្រោះតែម្តង។

ក្នុងករណីអំពើហិង្សាដ៏សាហាវបង្កដោយក្រុមក្រុមក្មេងទំនើងខាងលើ បណ្តលឱ្យជនរងគ្រោះរងរបួសធ្ងន់ហើយក្រោយពីធ្វើសកម្មភាពួកវាជិះម៉ូតូគេចខ្លួនតាមផ្លូវវាងក្រុងសំដៅមករង្វង់មូលឆ្នាំងថ្មី និងមានបានឃើញយុវជនម្នាក់ទៀតកំពុងអង្គុយលើម៉ូតូក៏ចុះធ្វើសកម្មភាពដេញកាប់ ប៉ុន្តែជនរងគ្រោះឃើញទាន់បានរត់ចោលម៉ូតូហើយក្រុមក្មេងទំនើងបានកាប់បំផ្លិចបំផ្លាញម៉ូតូ និងកាប់ផ្តាច់យកស្លាកលេខម៉ូតូជនរងគ្រោះយកទៅបាត់។

ប្រភពបានបន្តទៀតថា អនុវត្តតាមបទបញ្ជាររបស់លោកឧត្តមសេនីយទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងបាន កម្លាំងជំនាញបានសហការជាមួយអាជ្ញាធរមូលដ្ឋានធ្វើការស្រាវជ្រាវ និងតាមឃាត់ខ្លួនក្មេងទំនើងខាងលើនេះ បានជាបន្តបន្ទាប់យកមកស្នងការដ្ឋាននគរបាលខេត្ត និងបានកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តបន្តតាមនីតិវិធីច្បាប់។

ក្រុមក្មេងទំនើងទាំងនោះ បានសារភាពថា «ពួកគេពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះពិតប្រាកដមែន។ ចំពោះការកាប់ទៅលើជនរងគ្រោះគែពុំមានគុំនំនឹងគ្នានោះទេ  គឺពួកគេកាប់ដើម្បីកាត់សាញលេងតែប៉ុណ្ណោះ»។

គួរបញ្ជាក់ថា ករណីបង្ក្រាបក្មេងទំនើងខាងលើនេះ ប្រជាពលរដ្ឋពិតជាសូមអបអរសាទរយ៉ាងខ្លាំងចំពោះសមត្ថកិច្ចដែលបានចំណាត់ការក្រុមក្មេងទំនើង ដើម្បីរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ នៅក្នុងសង្គ៕