2023-11-17 04:11
374

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនយកទៅសួរនាំនិងចាត់ការតាមនីតិវិធី ចំណែកបក្ខពួកម្នាក់ទៀតបានគេចខ្លួនបាត់ បន្ទាប់ពីពួកគេជិះម៉ូតូដើរធ្វើសកម្មភាពទាក់សត្វសុនខរបស់ប្រជាពលរដ្ឋក្នុងភូមិកាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅចំណុចផ្លូវលំ ភូមិក្ងោក សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។

ជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ ឃួន ដាំ  ហៅដាំ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅផ្ទះជួល ភូមិត្រពាំងចក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យដែលគេចខ្លួនឈ្មោះ អាស៊ី ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅម្តុំទួលសំបូរ សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ 

តាមសមត្ថកិច្ចបានឱ្យដឹងថា នៅយប់កើតហេតុកម្លាំងបានចុះល្បាតតាមភូមិសាស្ត្រដែលងាយរងគ្រោះដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ លុះមកដល់ចំណុចកើតហេតុក៏ឃើញជនសង្ស័យពីរនាក់ជិះម៉ូតូម៉ាកស្មាស់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AB-9363 ឌុបគ្នានិងមានបាវមួយទៀត។ ដោយមានការសង្ស័យក៏ហៅឱ្យឈប់  ភ្លាមនោះជនសង្ស័យម្នាក់ក៏ចុះពីលើម៉ូតូរត់គេចខ្លួនបាត់ទៅ  តែឃាត់ខ្លួនជនសង្ស័យបានម្នាក់រកឃើញមានសត្វសុនខ(ឆ្កែ)ពីរក្បាល។ 

បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូលយកមកសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕