2023-11-17 04:11
357

ប៉ៃលិន៖   លោក រស់ នឿន អភិបាលរងខេត្តប៉ៃលិន នាល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានលើកឡើងថា ដើម្បីបង្កលក្ខណៈសប្បាយរីករាយ និងដើម្បីធានាឱ្យដំណើរការព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ និងពិធីបុណ្យជាតិបន្តបន្ទាប់ ឲ្យប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ សូមឲ្យកម្លាំងសមត្ថកិច្ចទាំងអស់ ត្រូវបន្តខិតខំពង្រឹងសមត្ថភាព និងមានក្រមសីលធម៌ត្រឹមត្រូវ ម៉ឺងម៉ាត់ច្បាស់លាស់។

ជាមួយគ្នានោះ រដ្ឋបាលក្រុង-ស្រុក និងមន្ទីរអង្គភាព ត្រូវសហការរៀបចំលម្អភ្លើងព័ណ៌ និងតុបតែងបដា នៅតាមដងផ្លូវសាធារណៈ សួនច្បារ និងទីតាំងកម្មវិធីជួបជុំនៅតាមទីវត្តអារាមជុំវិញខេត្ត ឲ្យបានត្រឹមត្រូវ ហើយកងកំលាំងប្រដាប់អាវុធទាំង ៣ប្រភេទ ត្រូវធ្វើយ៉ាងណាការពារសុខសណ្តាប់ធ្នាប់និងសន្តិសុខពេញលេញផងដែរ។

មានមតិដឹកនាំកិច្ចប្រជុំនាឱកាសនោះ លោក រស់ នឿន បានឲ្យដឹងថា ព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែ ដែលនឹងប្រពឹត្តទៅចាប់ថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ឆាប់ៗខាងមុខនេះ ក៏ត្រូវការការចូលរួមពីគ្រប់មន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន ក្នុងការរៀបចំ បំផុសបំផុសអោយប្រជាពលរដ្ឋតុបតែងតាមមូលដ្ឋាន និងជាពិសេសការរៀបចំកម្មវិធីសប្បាយៗរួមមាន៖ អកអំបុក បណ្តែតប្រទីប និងសំពះព្រះខែ តាមទីវត្តអារាម ដើម្បីបង្កបរិយាកាសអោយបងប្អូនប្រជាពលរដ្ឋចូលរួមអោយបានច្រើនកុះករក្រោមដំបូលសុខសន្តិភាពនាពេលបច្ចុប្បន្ននេះ ហើយក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោកជំទាវបាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ។

លោកអភិបាលរងខេត្ត ក៏បានសំណូមពរដល់មន្ទីរព័ត៌មានខេត្តត្រូវចាត់កំលាំងក្រុមការងារក្នុងការចុះផ្តិតយករូបភាពតាមវត្តអារាម ហើយធ្វើការផ្សព្វផ្សាយព័ត៌មានអោយបានទូលំទូលាយទៀតផង។

លោក រស់ នឿន អភិបាលរងខេត្ត បានដាក់ចេញនូវផែនការសំខាន់ៗមួយចំនួន រួមមាន៖ សន្តិសុខសណ្តាប់ធ្នាប់សាធាណៈ រដ្ឋបាលក្រុង-ស្រុក ត្រូវពង្រឹង និងត្រូវរៀបចំកម្លាំងប្រជាការពារក្នុងការការពារសុខសណ្តាប់ធ្នាប់តាមវត្តអារាមនិងមូលដ្ឋាន, រដ្ឋបាលក្រុង-ស្រុក ត្រូវសម្អាតឡើងវិញនូវអនាម័យបរិស្ថានជាដើម៕ដ,ស សារឿន