2023-11-18 10:11
349

ក្រចេះ៖ មហោស្រពសិល្បៈ «បុណ្យភូមិមានជើង» បានចាប់ផ្តើម ប្រារព្ធ ពិធីបើករបស់ខ្លួននៅសាលមហោស្រពខេត្តក្រចេះ ដែលមានរយ:ពេល ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានការរៀបចំកម្មវិធីពិសេសៗ ជាច្រើនតំបន់ក្នុងខេត្តក្រចេះ ដើម្បីរួមគ្នាអបអរទិវាកុមារពិភពលោក ក៏ដូចជាសាទរដល់យុទ្ធនាការ «កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក»។

ពិធីបុណ្យមួយនេះគេឃើញមានការចូលរួម និងគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ក្រសួងបរិស្ថាន, អភិបាលរងខេត្ត, អង្គការយូនីសេហ្វ (Unicef), កម្ពុអ៊ែរ៉ា, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ស្ថាប័នពាក់ព័ន្ធ និងឡេឡេផ្សោត (យុវជនស្ម័គ្រចិត្ត) ជាច្រើននាក់យ៉ាងអាធិកអាធម ដើម្បីរួមគ្នាអបអរទិវាកុមារពិភពលោក ក៏ដូចជាសាទរដល់យុទ្ធនាការ «កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក» ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ។ 

សូមជម្រាបថា ទិវាកុមារពិភពលោក គឺជាទិវានៃសកម្មភាពសម្រាប់កុមារដោយកុមារ។ ទិវាកុមារពិភពលោករំលឹកដល់ខួប នៃការអនុម័តអនុសញ្ញា ស្តីពី សិទ្ធិកុមារ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៨៩ ដោយក្នុងនោះដែរប្រទេសកម្ពុជាបានផ្តល់សច្ចាប័ន នៅឆ្នាំ១៩៩២។

សម្រាប់ មហោស្រពសិល្បៈ «បុណ្យភូមិមានជើង» គឺជាកម្មវិធីមួយដែលកើតចេញពីមហោស្រពសិល្បៈបុណ្យភូមិ ដែលតែងតែរៀបចំនៅរាជធានីភ្នំពេញ។ រយ:ពេល ១០ឆ្នាំ នៃការផ្សព្ធផ្សាយនូវវប្បធម៌ ប្រពៃណី និងសិល្បៈគ្រប់ទម្រង់របស់ខ្មែរ កម្មវិធីនេះ គឺតែងតែទទួលបានការគាំទ្រពីបងប្អូនប្រជាពលរដ្ឋខ្មែរ៕