2023-11-18 04:11
376

ព្រះសីហនុ៖ ក្រុមជនសង្ស័យ ចំនួន ០៤នាក់ ដែលពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ចាក់ជនរងគ្រោះ) បណ្តាលឱ្យធ្លាយពោះ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុចាប់ខ្លួនបានជាបន្តបន្ទាប់យកមកសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនិតិវិធី។

របាយការណ៍របស់ប៉ូលិស បានឱ្យដឹងនៅថ្ងៃទី១៨ ខែវិច្ឆិកានេះថា ករណីអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (កាប់នឹងកាំបិតប៉័ងតោធ្លាយពោះវៀន) បណ្តាលអោយរងរបួសសធ្ងន់ ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង ជាស្នងការនគរបាលខេត្តព្រះសីហនុ ដឹងនាំដោយផ្ទាល់ដោយលោកវរសេនីយ៍ឯក លី សុខហ៊ី ជាស្នងការរង ទទួលការងារព្រហ្មទណ្ឌកម្រិតស្រាល នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ២៣និង៤០នាទីយប់ មានប្រជាពលរដ្ឋរាយការណ៍មកថា នៅចំណុច ម្តុំតោពីរ ស្ថិតក្នុង ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ មានជនមិនស្គាល់អត្តសញ្ញាណ ចំនួន ០៤នាក់ ជិះម៉ូតូ ចំនួនន ០២គ្រឿង បានធ្វើសកម្មភាពយកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះ ចំនួន ០២នាក់ បណ្តាលឱ្យជនរងគ្រោះ ០១នាក់ រងរបួសត្រង់ក្រោយខ្នង និងពោះធ្លាយពោះវៀន និងម្នាក់ទៀតរងរបួសត្រង់ដើមទ្រូងធ្ងន់ រួចក្រុមជនសង្ស័យបានជិះម៉ូតូរត់គេចខ្លួនបាត់។

របាយការណ៍បានបន្ថែមថា បន្ទាប់ពីទទួលបានព័ត៌មាននេះ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានចុះទៅដល់ទីតាំងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាជនសង្ស័យ រហូតដល់វេលាម៉ោង ០១និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃនប់ ធ្វើការស្ទាក់ចាប់ខ្លួនជនសង្ស័យបាន ចំនួន ០២នាក់ នៅត្រង់ចំណុច ភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

បន្ទាប់ពីចាប់ខ្លួនបានជនសង្ស័យទាំងពីរនាក់នេះ សមត្ថកិច្ចកំណត់បានមុខសញ្ញាបន្ថែមទៀត បើកការស្រាវជ្រាវតាមនិតិធី ដើម្បីស្វែងរកចាប់ខ្លួនបក្ខពួកដែលកំពុងរត់គេចខ្លួន និងបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តសៀមរាប រហូតដល់វេលាម៉ោង ១៤ និង៣០នាទីរសៀល  ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបានបក្ខពួកជនសង្ស័យ ចំនួន ០២នាក់ ជាជនដៃដល់បន្ថែមទៀត នៅក្នុងស្រុកពួក ខេត្តសៀមរាប រួចបញ្ចូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។    

សមត្ថកិច្ចបញ្ជាក់ថា ក្រុមជនសង្ស័យដែលឃាត់ខ្លួនបាន ចំនួន ០៤នាក់ រួមមាន៖ ទី១- ឈ្មោះ រ៉ា ចាន់សុផាន់ណារ៉េត ហៅញ៉ា ភេទប្រុស ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ  ទីលំនៅបច្ចុប្បន្ន ភូមិ៥ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ជាជនដៃដល់, ទី២- ឈ្មោះ សាត រតនា   ភេទប្រុស ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិ៣ សង្កាត់លេខ២  ក្រុង-ខេត្តព្រះសីហនុ ជាជនដៃដល់, ទី៣- ឈ្មោះ សាង សុខ  ហៅក្រៅ  អា យ៉ាវ  ភេទប្រុស  ជនជាតិខ្មែរ  សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ  ទីលំនៅបច្ចុប្បន្ន  ភូមិ៣  សង្កាត់២  ក្រុង-ខេត្តព្រះសីហនុ និង ទី៤- ឈ្មោះ ងិក សុនី   ភេទប្រុស ជនជាតិខ្មែរ  សញ្ជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្ន ភូមិ៦ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចដកហូតបាននូវវត្ថុតាងមួយចំនួន មានដូចជា៖ ទូរសព្ទ ម៉ាក IPHONE 6PLUS  ពណ៌មាស, ទូរសព្ទ ម៉ាក IPHONE 12PRO ពណ៌ទឹកសណ្តែក, ទូរសព្ទ ម៉ាក IPHONEX ដូរសំបក ពណ៌ទឹកសមុទ្រ, កាំបិតបុ័ងតោ ០១ដើម, ម៉ូតូ ម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ឡើងឆ្នាំ២០២២ មានលេខម៉ាស៊ីន 9643729 ពាក់ស្លាកលេខ ភ្នំពេញ 1HV-7460 ជាមធ្យោបាយជិះធ្វើសកម្មភាព, ម៉ូតូ ម៉ាក HONDA DREAM ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩  មានលេខម៉ាស៊ីន 5548900  ស្លាកលេខ ព្រះសីហនុ 1I-9268 មធ្យោបាយជិះធ្វើសកម្មភាព។ 

បច្ចុប្បន្នករណីនេះ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីផ្ដន្ទាទោសតាមផ្លូវច្បាប់៕